អាស្រ័យដោយការខិតខំប្រឹងប្រែងរៀនសូត្រពីបច្ចេកទេសដាំដុះ ទើបដំណាំពុទ្រារបស់បងថាច់ដូរឹទ្ធ នៅភូមិសាបូវ ឃុំទ្វឹងហ្វា ស្រុកចូវថាញ់ ខេត្តសុកត្រាំង សម្រេចបានទិន្នផលខ្ពស់ ផ្ដល់ប្រាក់ចំណូលលំនឹង។
បងថាច់ដូរឹទ្ធ កំពុងប្រមូលផលពុទ្រា។
តាមប្រសាសន៍បង ថាច់ដូរឹទ្ធ ពុទ្រាគឺជាប្រភេទដំណាំងាយដាំសមស្រប នឹងដីគ្រប់ប្រភេទ ផ្ដល់ទិន្នផលខ្ពស់និងមានតម្លៃលំនឹង។ ពុទ្រាដាំមួយឆ្នាំគឺអាចប្រមូលផលបាន ហើយបន្តប្រមូលផលអូសបន្លាយរហូតទៅជាង១០ឆ្នាំ។ បងដូរឹទ្ធ ឱ្យដឹង៖ “ខ្ញុំធ្វើស្រែនៅក្បែរចម្ការពុទ្រារបស់បងប្អូនសាច់ញាតិ ពិនិត្យឃើញពុទ្រាងាយដាំ ផ្លែច្រើន តម្លៃលំនឹងនិងនាំមកប្រាក់ចំណេញខ្ពស់ ទើបខ្ញុំសាកសួរពីរបៀបដាំ។ ទន្ទឹមនឹងនោះ ខ្ញុំស្វែងយល់អំពីបច្ចេកទេសដាំតាមប្រព័ន្ធអ៊ីនធឺណែត និងពឹងវិស្វករជួយផ្ដល់ពិគ្រោះពីរបៀបថែទាំ ម្ល៉ោះហើយនៅពេលក្ដាប់បានបច្ចេកទេស ខ្ញុំបានសាកល្បងដាំពុទ្រាជាង៣៥០ដើម លើផ្ទៃដី៣.០០០ម៉ែត្រការ៉េ។ ក្រោយរយៈពេលជាង៨ខែ ពុទ្រាអាចប្រមូលផលបាន ផ្ដល់ទិន្នផលនិងចំណេញបង្គួរ”។
មុនពេលថ្លឹងលក់ឱ្យឈ្មួញ បងថាច់ដូរឹទ្ធ បានលាងជម្រះហើយរើសផ្លែដង្កូវស៊ីចេញ។
តាមការឱ្យដឹងរបស់បងដូរឹទ្ធ ដើមពុទ្រាមានអាយុពី៣ ឆ្នាំឡើងគឺផ្ដល់ផ្លែច្រើន ក្នុងមួយឆ្នាំ២លើក (លើកទី១៖ ផ្លែចាប់ពីខែចេត្រដល់ខែស្រាពណ៍; លើកទី២៖ ចាប់ពីខែកត្ដិកដល់ខែបុស្ស)។ ដើមពុទ្រាដាំចន្លោះពីដើមមួយទៅដើមមួយគឺ ៣ម៉ែត្រ ហើយក្រោយពីប្រមូលផលរួច ត្រូវកាត់មែកដើម្បីឱ្យលូតមែកថ្មី ក្នុងរដូវប្រាំងគឺ ២ ថ្ងៃស្រោចទឹកម្ដង; ក្នុងរយៈពេលចេញផ្កានិងផ្លែ ក្រៅពីស្រោចទឹកគ្រប់គ្រាន់នៅទាំងបាច់ជីគីមី ជីសរីរាង្គបន្ថែម ដើម្បីផ្ដល់សារធាតុចិញ្ចឹមដល់ដើមនិងផ្លែទៀតផង។ ពេលផ្លែពុទ្រាមានទំហំប៉ុនមេដៃ ប្រើថ្នាំជីវសាស្រ្តបាញ់បង្ការដង្កូវនិងជំងឺផ្សេងៗ។ បងដូរឹទ្ធ ឱ្យដឹងបន្ថែម៖ “ដាំពុទ្រាទាមទារត្រូវមានការថែទាំដិតដល់ ហើយពេលកាត់មែកគឺដាក់ជីកំប៉ុស្ដ ពេលដើមមានផ្លែគឺត្រូវបាញ់ថ្នាំបំប៉នផ្លែ បាច់ជី NPK ២០-២០-១៥ ឱ្យបានគ្រប់គ្រាន់ ដើម្បីផ្លែមានរសជាតិផ្អែមឆ្ងាញ់; ឧស្សាហ៍បាញ់ថ្នាំកម្ចាត់រុយចោះផ្លែ ដង្កូវស៊ីផ្លែ ដង្កូវស៊ីញ៉េ ជំងឺផ្សិតម្សៅជាដើម សម្រាប់ឱ្យផ្លែពុទ្រាលូតលាស់ល្អ។ ជាពិសេស ក្នុងមួយដើមអាចទុកត្រឹមតែ៣មែក ក្នុងនោះ ត្រូវមានមែកឈ្មោល១ទើបពុទ្រាផ្ដល់ផ្លែច្រើន; ឧស្សាហ៍កាត់មែក និងចងឈើទ្រ មែកកុំឱ្យដើមបាក់រលំ ដើម្បីធានាទិន្នផល”។
បច្ចុប្បន្ន ជាមធ្យមផ្លែពុទ្រាដែលឈ្មួញចុះទិញដល់ចម្ការមានតម្លៃចាប់ពី ១៨.០០០- ២០.០០០ ដុង/គីឡូក្រាម (តាមរដូវកាល)។ បងដូរឹទ្ធ ប៉ាន់ស្មាន៖ “គិតជាមធ្យមក្នុងមួយឆ្នាំ ផ្ដើមពីការដាំពុទ្រា៣កុង ខ្ញុំរកបានប្រាក់ចំណេញពី ៦០ - ៨០លានដុង។ ដាំពុទ្រាពិតជាទាមទារត្រូវមានការថែទាំច្រើនបន្តិចក៏ពិតមែន ប៉ុន្តែជំនួសមកវិញ គឺទទួលបានទិន្នផល តម្លៃលំនឹង រកបានប្រាក់ចំណេញច្រើន។ ខ្ញុំធ្វើស្រែ ១៥កុង ក្នុងមួយឆ្នាំ រកប្រាក់ចំណេញមិនស្មើនឹងប្រាក់ចំណេញដាំពុទ្រា៣កុងនោះទេ។ អាស្រ័យដាំពុទ្រា ទើបគ្រួសារខ្ញុំរកបានប្រាក់ចំណូលលំនឹងជីវភាពធូរធារ”៕
យ្វីអាញ់ - ថាច់ធី