កីឡាវាយសីប្រទេសចិន ទើបតែបង្ហាញពីភាពខ្លាំងពូកែរបស់ខ្លួននៅពានរង្វាន់កីឡាវាយសីជើងឯក ក្រុមបុរស (Thomas Cup) និងក្រុមនារី (Uber cup) ខណៈពេលដណ្ដើមបានពានជើងឯកទាំងពីរដោយជោគជ័យ។
ចិនឈ្នះពានជើងឯកវាយសីទាំងក្រុមបុរសនិងនារីក្នុងឆ្នាំ២០២៤។
ការប្រកួតដំបូងក្នុងវគ្គផ្ដាច់ព្រ័ត្រ Uber Cup ឆ្នាំ២០២៤ កីឡាការិនី Chen Yu Fie បានបង្រ្កាបកីឡាការិនីវាយសីលេខ១ របស់ឥណ្ឌូនេស៊ី Tunjung ហើយយកជ័យជម្នះលើកីឡាការិនីដែលវាយសីពិបាកប៉ាន់ស្មាននេះដោយលទ្ធផល២-០។ ការប្រកួតលើកទី២ គូនារីលេខ១លំដាប់ពិភពលោក បានផ្ដួលគូនារីឥណ្ឌូនេស៊ីដោយពិន្ទុ ២១-១១, ២១-៨។ កីឡាការិនីមានទម្រង់លេងល្អរបស់ឥណ្ឌូនេស៊ី គឺ Ester បានផ្ដល់ក្ដីសង្ឃឹមខ្លះដល់ក្រុមម្ចាស់ផ្ទះ ខណៈពេលនាងបានឈ្នះ He Bing Jao ក្នុងសិតទី១។ ប៉ុន្តែនៅពេលដែលគ្រូបង្វឹក “ប្រាប់ស្នៀត” កីឡាការិនីវាយសីប្រទេសចិន បានក្រឡាស់ស្ថានភាពយ៉ាងល្អដើម្បីនាំប្រទេសចិនគ្រងតំណែងជើងឯក Uber Cup។ ក្រុមនារីប្រទេសចិន គ្រងតំណែងជើងឯកដោយគ្មានចាញ់ការប្រកួតម្តងណាឡើយ។
និយាយតាមត្រង់ទៅចុះ ក្រុមនារីប្រទេសឥណ្ឌូនេស៊ី មិនមែនជាដៃគូសក្ដិសមជាមួយនឹងក្រុមនារីប្រទេសចិនទេ។ ការឈានដល់វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតគូ គឺជាភាពជោគជ័យដ៏ធំសម្រាប់នារីឥណ្ឌូនេស៊ីទៅហើយ។ ព្រួយបំផុតក្នុងការប្រកួតលើកនេះ គឺការធ្លាក់ចុះរបស់កីឡាការិនីជប៉ុន នៅពេលពួកគេបរាជ័យ៣-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយទទួលបានចំណាត់ថ្នាក់លេខ៣ដូចគ្នានឹងកូរ៉េខាងត្បូង។ ឆ្នាំនេះកូរ៉េខាងត្បូង ក្លាយជាអតីតជើងឯក Uber Cup ដោយសារកីឡាការិនីឯកត្តជនលេខ១លំដាប់ពិភពលោករបស់ពួកគេបានរងរបួសក្នុងវគ្គប្រកួត៨ក្រុម។ ចំណែកកីឡាការិនីថៃ ពួកគេបែរជាបាត់ទម្រង់លេងទៅវិញ។
ក្រុមកីឡាករវាយសីបុរសប្រទេសឥណ្ឌូនេស៊ី ក៏ប្រកួតប្រជែងដណ្ដើម Thomas Cup ឆ្នាំ ២០២៤ ជាមួយនឹងក្រុមកីឡាករប្រទេសចិនភ្លាមៗនោះដែរ។ ការប្រកួតមុនដំបូង “ព្រះវាយោ” Ginting របស់ឥណ្ឌូនេស៊ីជួបជាមួយនឹងកីឡាករ Shi Yu Qi ។ កីឡាករវាយសីប្រទេសចិនបានវាយលុកនិងការពារយ៉ាងល្អ ហើយបានបង្រ្កាបទាំងស្រុងលើរបៀបលេងរហ័សរបស់ “ព្រះវាយោ”។ ឥណ្ឌូនេស៊ី បន្តចាញ់នៅវគ្គប្រកួតជាគូក្រោមការប្រកួតនាំមុខរបស់កីឡាករ Fajar និងMuhamad។ សំណាងល្អក្នុងការប្រកួតឯកត្តជនលើកទី៣ ក្រុមកីឡាករប្រទេសឥណ្ឌូនេស៊ីមាន Christie ដែលទើបតែឈ្នះជើងឯកអាស៊ី មានទម្រង់លេងល្អដើម្បីអូសកីឡាករចិនឱ្យចូលប្រកួតក្នុងឈុតទី៤ ប៉ុន្តែកីឡាករ Bagas និងFikri មិនអាចយកឈ្នះលើកីឡាករ Ting និង Ren របស់ចិន។
កីឡាវាយសីប្រទេសចិន ទទួលបានពានជើងឯកទាំងពីរក្នុងឆ្នាំ២០២៤។ នោះជាបុព្វបទដ៏សំខាន់មួយមុនការប្រកួតនៅអូឡាំពិក ឆ្នាំ ២០២៤ ដែលបម្រុងនឹងប្រព្រឹត្តឡើងនៅប្រទេសបារាំង។ ខណៈពេលកីឡាករប្រទេសចិន មានទម្រង់លេងល្អក្នុងការប្រកួតធំៗ ចំណែកកីឡាករជប៉ុន កូរ៉េខាងត្បូងនិងថៃ មានទម្រង់លេងមិនសូវបាននឹងនរ។ សង្ឃឹមថា ពួកគេអាចស្ដារទម្រង់លេងបានល្អឡើងវិញនៅទីលានអូឡាំពិក ដើម្បីឱ្យអ្នកគាំទ្របានទស្សនា ការប្រកួតយ៉ាងជក់ចិត្ត៕
ហាថាញ - ថាច់ធី