13/05/2024 - 15:52

ថែរក្សា​និង​អភិវឌ្ឍ​របរ​ត្បាញ​ហូលខ្មែរ​នៅ​វ៉ាន់​យ៉ាវ

របរ​ត្បាញ​ហូល​ខ្មែរ​វ៉ាន់​យ៉ាវ នៅ​ឃុំ​វ៉ាន់​យ៉ាវ ទីរួម​ខេត្ត​ទិញ​បៀង​ ខេត្ត​អាង​យ៉ាង​ មាន​តាំង​ពី​បុរាណ​កាល​ម​។​ ផលិត​ផល​ហូលសម្រាប់​ដេរ​ចី​វរ​ព្រះ​សង្ឃ​និង​បម្រើ​ជីវ​ភាព​ប្រ​ជា​ជន​ ប៉ុន្តែ​បាន​រង​ការ​សាប​រលាប​បន្តិច​ម្តង​ៗ​ទៅ​តាម​ពេល​វេលា។​ ផ្នែក​សមត្ថ​កិច្ច​ភូមិ​ភាគ​បាន​និង​កំ​ពុង​ខិត​ខំ​ប្រឹង​ប្រែង​ជំ​នួយ​កម្លាំង​ ដើម្បី​របរ​នេះ​បាន​រក្សា​និង​អភិវឌ្ឍ។​

បង​ស្រី​ នាង​ចន្ធី (ខាង​ឆ្វេង​) ឧទ្ទេស​នាម​ផលិត​ផល​ហូល​វ៉ាន់​យ៉ាវ​ដល់​ភ្ញៀវ​ទេស​ចរ។​

លោក​ស្រី​ ង្វៀង​ធីប៊ិច​តៀង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ ឃុំ​វ៉ាន់​យ៉ាវ មាន​ប្រ​សាសន៍៖ ប្រ​ឈម​មុខ​នឹង​ហា​និភ័យ​ត្រូវ​សាប​រលាប​នៅ​ឆ្នាំ​១៩៩៨ អង្គ​ការ​ CARE (ជា​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​អូស្ត្រា​លី) បាន​គាំ​ទ្រ​ការ​ស្តារ​ឡើង​វិញ​នូវ​របរ​ត្បាញ​ហូល​ខ្មែរ​នៅ​វ៉ាន់​យ៉ាវ នៅ​ឆ្នាំ​២០០៧ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង​ បាន​ចេញ​សេចក្តី​សម្រេច​លេខ​ ៤១/QĐ-UBND ចុះ​ថ្ងៃ​ទី ៨ ខែ​មក​រា ឆ្នាំ​២០០៧ ដោយ​ទទួល​ស្គាល់​ភូមិ​របរ​ត្បាញ​ហូល​ខ្មែរ​វ៉ាន់​យ៉ាវ ជា​របរ​សិប្ប​កម្ម​ខ្នាត​តូច។​ មក​ដល់​ឆ្នាំ​២០០០ សហ​ករណ៍​ត្បាញ​ហូល​វ៉ាន់​យ៉ាវ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ ៧១គ្រួ​សារ​ និង​មាន​សមា​ជិក​សហ​ករណ៍​ចំ​នួន​ ១២៦​នាក់​ចូល​រួម។​ នៅ​ឆ្នាំ​២០០៦ ផលិត​ផល​តម្បាញ​ “ហូល​វ៉ាន់​យ៉ាវ” ត្រូវ​បាន​មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ខេត្ត​អាង​យ៉ាង​ កសាង​និង​ការ​ពារ​ពា​ណិជ្ជ​សញ្ញា​រួម។​ នៅ​ដើម​ឆ្នាំ​២០២៣ ផលិត​ផល​សារុង​របស់​ភូមិ​របរ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ជាផលិត​ផល​ OCOP លំ​ដាប់​ផ្កាយ​៣ ។​

ទន្ទឹម​នឹង​ការ​ជួយ​ជ្រោម​ជ្រែង​ខាង​លើ​ ភូមិ​ភាគ​ក៏​មាន​សកម្ម​ភាព​ជា​ច្រើន​ ដើម្បី​រក្សា​និង​អភិវឌ្ឍ​ភូមិ​របរ​តាម​រយៈ​នោះ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​បាន​អនុវត្ត​ទម្រង់​ “ជួយ​ឧបត្ថម្ភ​វត្ថុ​ធាតុ​ដើម​សម្រាប់​គ្រួ​សារ​ក្រី​ក្រ ដែល​ជា​សមា​ជិក​ភូមិ​របរ​ប្រ​ពៃណី​ត្បាញ​ហូល​ខ្មែរ​នៅ​ឃុំ​វ៉ាន់​យ៉ាវ” ដោយ​ទម្រង់​ផ្តល់​ប្រាក់​កម្ចី​៥​លាន​ដុង​/គ្រួ​សារ​ដល់​គ្រួ​សារ​ចំ​នួន​២៥។​ តាម​រយៈ​ការ​វាយ​តម្លៃ​ ទម្រង់​នេះ​ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព​ ទទួល​បាន​ដើម​ទុន​កម្ចី​និង​បង្កើន​ប្រាក់​ចំ​ណូល​ជា​បណ្តើរ​ៗ​សម្រាប់​សមា​ជិក​សហ​ករណ៍។​ អនុវត្ត​គម្រោង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​រួម​ខេត្ត​ សហ​ករណ៍​រួម​ជា​មួយ​ការិ​យា​ល័យ​ប្រតិ​បត្តិ​ការ​ ធនា​គារ​គោល​នយោ​បាយ​ស្រុក​ បាន​រំសាយ​ថវិកា​៨០​លាន​ដុង​ដល់​សមា​ជិក​សហ​ករណ៍​៨ នាក់ ដែល​ត្រូវ​ការ​ប្រាក់​កម្ចី​សម្រាប់​ទិញ​វត្ថុ​ធាតុ​ដើម​និង​បោះ​កី​តម្បាញ​ថ្មី។​ លើស​ពី​នេះ​ ចាប់​ពី​ឆ្នាំ​២០១៨ រហូត​មក​ដល់​ពេល​នេះ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ វិជ្ជា​ជីវៈ​កម្រិត​បឋម​ចំ​នួន​៤​វគ្គ​ សម្រាប់​បណ្តុះ​បណ្តាល​និង​បង្រៀន​របរ​ត្បាញ​ហូល​ដល់​ស្ត្រី​ជន​ជាតិ​ខ្មែរ​១២០​នាក់ ដើម្បី​អភិរក្ស​បង្កើន​ជំ​នាញ​និង​រចនា​ម៉ូដ​សម្រាប់​ផលិត​ផល​តម្បាញ​។​

អ្នក​មីង​នាង​សាម៉ន ជា​សិប្ប​ករ​ភូមិ​របរ​ត្បាញ​ហូល​ខ្មែរ​វ៉ាន់​យ៉ាវ ឱ្យ​ដឹង​៖ “ផលិត​ផល​ហូល​ខ្មែរ​គឺធ្វើ​ដោយ​ដៃ​ទាំង​ស្រុង។​ ជា​ធម្ម​តា​អ្នក​ត្បាញ​ស្ទាត់​ជំ​នាញ​ ចំ​ណាយ​ពេល​ពី​៥-៧​ថ្ងៃ​ ទើប​សម្រេច​បាន​ផលិត​ផល​មួយ​ ដូច្នេះ​ ត្រូវ​ការ​ឧបត្ថម្ភ​ដើម​ទុន​និង​លក្ខណៈ​ផលិត​កម្ម។​ ជា​មធ្យម​ សិប្ប​ករ​ម្នាក់​អាច​រក​បាន​ប្រាក់​ចំ​ណូល​ពី​២,៥​ទៅ​៣,៥​លាន​ដុង​/ខែ​ ផលិត​ផល​នឹង​រំលេច​ក្បាច់​រចនា​វិចិត្រ​ឬ​សា​មញ្ញ​ គឺអា​ស្រ័យ​លើ​ទឹក​ដៃ​ជាង​ម្នាក់ៗ។​ ប្រាក់​ចំ​ណូល​នេះ​ជួយ​បង្កើន​កម្រិត​ប្រាក់​ចំ​ណូល​រួម​ដល់​គ្រួ​សារ។​

លោក​ស្រី​ ង្វៀង​ធីប៊ិច​តៀង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វ៉ាន់​យ៉ាវ ឱ្យ​ដឹង៖ ផលិត​ផល​ហូល​ខ្មែរ​វ៉ាន់​យ៉ាវ ក្រៅ​ពី​បាន​ប្រើ​ប្រាស់​តាម​ខេត្ត​នា​នា​ដែល​មាន​ជន​ជាតិ​ខ្មែរ​កុះ​ករ​នៅ​ណាម​បូ​ ក៏​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រ​ទេស​ថៃ​ កម្ពុជា​ មីយ៉ាន់​ម៉ា​ផង​ដែរ។​ ផលិត​ផល​ហូល​ខ្មែរ​វ៉ាន់​យ៉ាវ មាន​ផ្លាក​យ៉ី​ហោ SilK ខ្មែរ​ ក៏​បាន​អ្នក​ទេស​ចរ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ជ្រើស​រើស​ធ្វើ​ជា​អំ​ណោយ​ពេល​មក​ទស្សនា​កំ​សាន្ត​នៅ​អាង​យ៉ាង។ល។​ រយៈ​ពេល​ខាង​មុខ​ ភូមិ​ភាគ​នឹង​ចង​សម្ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុន​ទេស​ចរណ៍ ផ្សព្វ​ផ្សាយ​និង​ឧទ្ទេស​នាម​ពី​ភូមិ​របរ​ ដើម្បី​ពង្រីក​វិសាល​ភាព​នៃ​ការ​នាំ​ចេញ​ផលិត​ផល​សម្រាប់​ភូមិ​របរ​តម្បាញ​ហូល​ខ្មែរ​វ៉ាន់​យ៉ាវ៕​

   ថាញ​ឡុង​ - បកប្រែ៖ សុផន

ចែករំលែកអត្ថបទ