ចាប់តាំងពី “មាននិស្ស័យ” នឹងការងារសប្បុរសធម៌ បងហ្វិញថាញសាង នៅភូមិសាឡាង ឃុំអាងនិញ ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានភ្ជាប់បេះដូងមនុស្សធម៌ស្ម័គ្រចិត្ត ចែករំលែកការលំបាកជាមួយមាមីងជនរួមជាតិខ្មែរតំបន់ជនបទ។
ហ្វិញថាញសាង (ខាងស្ដាំ) ជូនអំណោយដល់គណៈកម្មាធិការបក្សឃុំភូម៉ី។
កាលកំពុងសិក្សាមហាវិទ្យាល័យផ្នែកនយោបាយវិទ្យានៅសាកលវិទ្យាល័យកឹងធើ បងថាញសាង បានភ្ជាប់ទំនាក់ទំនងនឹងមិត្តភ័ក្តិដើម្បីជួយដល់អ្នកមានជីវភាពលំបាក។ ឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់ការសិក្សាមហាវិទ្យាល័យ ថាញសាង បើកធ្វើអាជីវកម្មនៅនឹងផ្ទះនិងបន្តទំនាក់ទំនងនឹងមិត្តភ័ក្តិ សប្បុរសជន ដើម្បីជួយមនុស្សចាស់គ្មានទីពឹងសិស្ស មានស្ថានភាពលំបាក។ បងសាង ឱ្យដឹង៖ “កាលពីមុន គ្រួសារខ្ញុំក៏លំបាកណាស់ដែរពេលទទួលបានការឧបត្ថម្ភពីសប្បុរសជន គឺមានអារម្មណ៍សប្បាយរីករាយ ហើយដឹងគុណខ្លាំងណាស់។ ផ្ដើមពីនោះ ខ្ញុំគិតក្នុងចិត្តពេលមានឱកាសនឹងឧបត្ថម្ភដល់អ្នកមានស្ថានភាពលំបាកដូចគ្នាអ៊ីចឹង។ បច្ចុប្បន្ន ដោយមើលឃើញពីស្ថានភាពលំបាកជាច្រើន ម៉្លោះហើយ ខ្ញុំចលនាកៀរគរសប្បុរសជនបានប៉ុន្មានខ្ញុំជួយប៉ុណ្ណឹង ដើម្បីពួកគាត់ឆ្លងផុតពីភាពលំបាក”។
ហ្វិញថាញសាង (អាវខ្មៅ) កាត់ខ្សែបូ សម្ពោធស្ពាន អាយីដាផឹក ៣។
សង្កេតឃើញជនរួមជាតិខ្មែរនៅតំបន់ដាច់ស្រយាល នៅមានស្ពានស្នួរពិបាកធ្វើដំណើរទៅមក ម៉្លោះហើយ ថាញសាង ចលនាសប្បុរសជនកសាង។ ស្ពានអាយីដាផឹក ១ នៅភូមិព្រែកពិន្ទង ឃុំភូម៉ី បានសម្រេចរួចរាល់នាំមកនូវភាពសប្បាយរីករាយដល់ជនរួមជាតិខ្មែរ។ ផ្ដើមពីនោះ ថាញសាង កាន់តែមានទំនុកចិត្តក្នុងការបន្តចលនាសប្បុរសជនកសាងស្ពានជាបន្តបន្ទាប់។ ថ្មីៗនេះ ស្ពានអាយីដាផឹក ៣ ទើបនឹងសម្ពោធនៅភូមិស្រុកស្វាយ ឃុំភូម៉ី បាននាំមកនូវភាពសប្បាយរីករាយដល់មាមីងខ្មែរនៅទីនេះ។ ស្ពានបេតុងនីមួយៗគិតជាតម្លៃពី១២០-១៥០ លានដុង។ លោក សើុងហ្វាងផេន នៅភូមិស្រុកស្វាយ ឱ្យដឹង៖ “មានសប្បុរសជន ឧបត្ថម្ភកសាងស្ពានបេតុង មាមីងខ្មែរនៅទីនេះ ត្រេកអរណាស់ ដូច្នេះអ្នករាល់គ្នាចូលរួមកម្លាំងកសាងសម្រេចរួចរាល់ក្នុងរយៈពេល ២០ ថ្ងៃ។ ស្ពានបេតុងមានប្រវែង ១៥ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ ក្មួយៗទៅរៀនបានងាយស្រួលជិះម៉ូតូ មិនខ្លាចធ្លាក់ព្រែក។ ពីមុន ស្ពានក្រាលដាន ដូច្នេះពេលភ្លៀងស្ពានរអិល ប្អូនៗសិស្សានុសិស្សជិះកង់ ទាំងមនុស្សធំជិះម៉ូតូធ្លាក់ព្រែកជារឿយៗ។
មកទល់បច្ចុប្បន្ន តាមរយៈទំព័រ facebook, Zalo ផ្ទាល់ខ្លួន បងហ្វិញថាញសាង ចលនាកសាងស្ពានបេតុងជនបទចំនួន៥; ជួសជុលកសាងផ្ទះជាច្រើនជូនគ្រួសារក្រីក្រ; ឧបត្ថម្ភថវិកាបុណ្យសពជាង ៤០ នាក់; ផ្តល់ជូនអាហារូបករណ៍ កង់ដល់សិស្សក្រីក្រ ជូនអំណោយរាប់រយដល់គ្រួសារក្រីក្រ មានស្ថានភាពលំបាក។ល។ សរុបថវិកាជាង ១ ពាន់លានដុង។ ថាញសាង ឱ្យដឹង “តាមរយៈ facebook, Zalo ផ្ទាល់ខ្លួន ដែលខ្ញុំបង្ហោះរូបភាព ចលនាមិត្តភ័ក្តិ សប្បុរសជន រួមចំណែកក្នុងការកសាងនិងថវិកាបានមកគឺប្រកាសជាចំហច្បាស់លាស់ ដូច្នេះទទួលបានការទំនុកចិត្ត។ បច្ចុប្បន្ន ពេលធ្វើការងារសប្បុរសជួយមាមីងជួបលំបាក កសាងស្ពានជនបទ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ មានសេចក្ដីសុខនិងមានទំនុកចិត្តកាន់តែខ្លាំងឡើងក្នុងការងារមនុស្សធម៌ស្ម័គ្រចិត្ត”។
ថាញសាង មានកិត្តិយសទទួលបានលិខិតសរសើររបស់ស្រុក និងប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តជាច្រើន ដោយជាគំរូឆ្នើមក្នុងការងារសង្គមនៅលើភូមិសាស្រ្តខេត្ត៕
យ៉ីអាញ់-ទីទុយ