លោកអ៊ំយ័ញយឿង ជាសមាជិកគណៈកម្មការវត្តពោធិកណ្តាលកំពង់បោះត្រាចាស់ ស្ថិតនៅភូមិហ្វិញតូ ឃុំវិញភូ ស្រុកយ៉ុងរៀង។ នេះជាវត្តមួយដែលមានប្រពៃណីប្រណាំងទូក-ង ល្បីឈ្មោះរបស់ខេត្តគៀងយ៉ាង។
លោកអ៊ំយ័ញយឿ។
ផ្ទះអ៊ំយ័ញយឿ នៅក្បែរវត្តពោធិកណ្តាលកំពង់បោះត្រាចាស់ ម្ល៉ោះហើយលោកអ៊ំតែងមានមុខនៅវត្តស្ទើរតែគ្រប់ពេល។ ពេលខ្លះជួយធ្វើកិច្ចការក្នុងវត្ត ពេលខ្លះរួមជាមួយនឹងគណៈកម្មការវត្តប្រជុំពិភាក្សាអំពីបញ្ហាទាក់ទងដល់ការសិក្សារៀនសូត្រ បង្ហាត់បង្រៀនអក្សរសាស្រ្តដល់កូនចៅពុទ្ធបរិស័ទ។ ការប្រណាំងទូក-ងនៅទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង ឆ្នាំ ២០២៣ លោកអ៊ំយឿ ទទួលបន្ទុកមើលខុស ត្រូវលើកីឡាករទូក-ង។ ព្រោះហេតុនោះ គាត់តែងមានមុខអង្គុយនៅមាត់ទន្លេដើម្បីមើលប្រណាំងទូក។ លោកអ៊ំយឿ ឱ្យដឹង៖ “ខ្ញុំមកទីនេះតាំងពីព្រលឹម ដើម្បីមានកន្លែងអង្គុយជិតខ្សែទឹកប្រណាំង។ នៅដងទន្លេកៃលើង យើងខ្ញុំមានទូកមួយក្រុមដើម្បីជំនួយកម្លាំងកិច្ចការនេះ ខ្ញុំបានចាត់អ្នកដែលមានកម្លាំងពលំមាំមួនសម្រាប់អុំអមជាមួយ។ ចំណែកខ្ញុំនៅលើច្រាំងទន្លេគិតគូរកិច្ចការតូចតាច ព្រោះខ្ញុំក៏មានអាយុ ៧០ឆ្នាំហើយ”។
ទោះជាមានអ្នកគាំទ្រជាច្រើនទៅតាមលើកទឹកចិត្តដូចជាលោកអ៊ំយឿ ប៉ុន្តែទូក-ងវត្តពោធិកណ្តាលកំពង់បោះត្រាចាស់ មិនទទួលបានស្នាដៃខ្ពស់ក្នុងការប្រកួតដណ្តើមរង្វាន់លើកនេះ។ បន្ទាប់ពីនោះ ព្រះចៅអធិការវត្តបានពិភាក្សាជាមួយគណៈកម្មការវត្ត សមាជិកទូក-ងរបស់វត្តធ្វើការសន្និដ្ឋាន ដោយសារទូក-ងចាស់ ធ្ងន់ពេក ហេតុនោះពិបាកអុំឱ្យបានល្បឿនណាស់។ លោកអ៊ំយឿ ឱ្យដឹងដោយក្តីរីករាយ៖ “ចំពោះស្ថានភាពជាក់ស្តែងដូចពោលខាងលើ វត្តក៏សម្រេចបោះទូក-ងថ្មី ត្រៀមបម្រុងសម្រាប់ការអុំប្រណាំងដណ្តើមពានរង្វាន់ក្នុងពេលខាងមុខ”។
ឥឡូវ ក្រៅពេលវេលាចិញ្ចឹមសត្វ ដែលជាការរកស៊ីចិញ្ចឹមជីវិតចម្បងរបស់គ្រួសារ គាត់តែងអញ្ជើញមកវត្តជាញឹកញាប់ ដើម្បីមើលដំណើរការបោះទូក-ង។ លោកអ៊ំយឿ បង្ហើបឱ្យដឹង៖ “កាលនៅក្មេង ខ្ញុំក៏ជាសមាជិកទូក-ងដែរ។ ឥឡូវ កូនធំៗអស់ហើយ ជីវភាពក៏លំនឹង ខ្ញុំបានរដ្ឋឧបត្ថម្ភទុនដើម្បីចិញ្ចឹមសត្វ ជីវភាពក៏មានប្រាក់ចេញចូលសម្រាប់ចាយវាយ។ ពេលទំនេរ ខ្ញុំទៅជួយធ្វើកិច្ចការក្នុងវត្តអារាម។ ព្រោះថា ឪពុកខ្ញុំជាអ្នកមានប្រជាប្រិយនៅភូមិភាគ ម្ល៉ោះហើយគ្រួសារខ្ញុំត្រូវរស់នៅឱ្យមានសណ្តាប់ធ្នាប់ ដើម្បីធ្វើជាគំរូ។ ទោះបីមានវ័យចំណាស់ក៏ដោយ ខ្ញុំនៅតែចូលរួមក្នុងក្រុមស្វ័យគ្រប់គ្រងរបស់ភូមិភាគ ដើម្បីរួមជាមួយរដ្ឋអំណាចរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងភូមិស្រុក។ ខណៈពេលជីវភាពបានសុខស្រួល ប្រជាជនក៏ខិតខំធ្វើការរកស៊ីដោយអស់ពីចិត្ត ដើម្បីឈានឡើងធូរធារ”។
យើងខ្ញុំបានសួរនាំពីស្ថានភាពបោះទូកថ្មី លោកអ៊ំយ័ញយឿ ឱ្យដឹងដោយក្តីរីករាយ៖ “ឆ្នាំក្រោយ យើងខ្ញុំនឹងមានផែនការហាត់សមយូរជាងជាមួយនឹងទូក-ងបោះថ្មី ដើម្បីទទួលបានលទ្ធផលខ្ពស់បំផុតក្នុងពិធីបុណ្យ ពីព្រោះវត្តយើងខ្ញុំមានប្រពៃណីប្រណាំងទូកយូរយារមកហើយ ម្ល៉ោះហើយឥឡូវជីវភាពបានធូរធារឡើង ពុទ្ធបរិស័ទអ្នកណាក៏រំពឹងថា វត្តនឹងដណ្តើមយកមកវិញនូវតំណែងជាវត្តមួយក្នុងចំណោមវត្តមានស្នាដៃប្រណាំងទូកដ៏ល្អនៅក្នុងខេត្តគៀងយ៉ាង”៕
ហាថាញ - វិមាន