បុណ្យកឋិនទាន ជាពិធីបុណ្យមួយក្នុងពុទ្ធសាសនា ដែលមកមានតាំងពីព្រះពុទ្ធទ្រង់គង់ធរមាននៅម្ល៉េះ ហើយត្រូវបានប្រារព្ធឡើងបន្ទាប់ពីព្រះសង្ឃគង់ចាំវស្សាអស់រយៈកាល៣ខែ កឋិនទានមានកំណត់រយៈពេលធ្វើត្រឹម២៩ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃ១រោច ខែអស្សុជដល់ថ្ងៃ១៥កើត ខែកត្តិក ហើយវត្តនីមួយៗអាចទទួលកឋិនទានបានតែម្ដងប៉ុណ្ណោះ។ កឋិនទានគឺជាទានដ៏ពិសេសមួយ ដោយអ្នកធ្វើបានគោរពតាមព្រះពុទ្ធដិកាដែលទ្រង់អនុញ្ញត្តិឱ្យភិក្ខុសង្ឃទទួលនូវកឋិនចីវផង និងញ៉ាំងឱ្យព្រះសង្ឃបានទទួលនូវសង្ឃលាភផង។ ចំពោះវត្ថុកឋិនវិញ គឺត្រៃចីវរ មានស្បង់ ចីពរ និងសង្ឃាដី។ បច្ចុប្បន្ន ដោយសារជនរួមជាតិខ្មែរមានជីវភាពធូរធារគ្រាន់បើ ដូច្នេះហើយ ម្ចាស់ដើមទាននៅទាំងមានគ្រឿងបរិក្ខារនិងទេយ្យវត្ថុផ្សេងៗអមជាមួយផង មានដូចជា ឆ្នាំងចាន កន្ទេល ខ្នើយ គ្រែ តុ ទូ កៅអី ។ល។ ដើម្បីបានផលានិសង្សកាន់តែលើសលុបជាងទៀត។ ទន្ទឹមនឹងនោះ ម្ចាស់ដើមទាននៅទាំងមានថវិកាប្រគេនសម្រាប់កសាងនិងជួសជុលសំណង់ផ្សេងៗក្នុងអារាមវត្តទៀតផង។ ពុទ្ធបរិស័ទដង្ហែអង្គកឋិនទានទៅវេនប្រគេនចំពោះជំនុំព្រះសង្ឃក្នុងវត្ត គឺជាការសន្សំនូវបុណ្យកុសលដ៏ធំមួយសម្រាប់ជាតិនេះនិងជាតិខាងមុខ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ដូច្នេះហើយ ទើបមាមីងពុទ្ធបរិស័ទខ្មែរតែងតែប្រាថ្នាចង់ធ្វើនូវបុណ្យនេះគ្រប់ៗគ្នា។
ខាងក្រោមនេះ គឺជារូបភាពនៃពិធីបុណ្យកឋិនទានរបស់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង។
លីធាន-ត្រឺងរ៉ូន
វត្ថុដ៏សំខាន់នៃកឋិនទាន គឺត្រៃចីវរ។
ម្ចាស់ដើមទានរៀបចំពិធីបុណ្យកឋិនទាន បាននិមន្តព្រះសង្ឃមកចម្រើនព្រះបរិត្ត និងសម្ដែងធម៌ទេសនាពន្យល់ពីអត្ថន័យនៃបុណ្យកឋិនទាន។
បញ្ចប់កិច្ចនៅគេហដ្ឋាន ម្ចាស់ទានក៏រៀបចំដង្ហែអង្គកឋិនទៅកាន់វត្ត
ដើម្បីវេរប្រគេនចំពោះជំនុំសង្ឃ។
ក្រុមឆៃយ៉ាំ របាំយក្សស្វា ហែហមអមដំណើរក្បួនអង្គកឋិនដង្ហែទៅកាន់វត្ត។
ពេលហែហមអង្គកឋិនចូលដល់វត្ត ម្ចាស់ដើមទាននិងព្រះសង្ឃ
ធ្វើពិធីគោរពទង់ព្រះពុទ្ធសាសនា ។
ព្រះតេជគុណ លីមិញឌឹក ព្រះចៅអធិការវត្តសំរោង សង្កាត់លេខ៥ ក្រុងសុកត្រាំង ជូនប័ណ្ណអំណរគុណដល់ម្ចាស់ដើមទានដែលបានរៀបចំពិធីបុណ្យកឋិន។
ម្ចាស់ដើមទានដង្ហែទក្សិណជុំវិញព្រះវិហារ៣ជុំ។
ម្ចាស់ដើមទាន យកត្រៃចីវរតម្កល់កណ្តាលជំនុំសង្ឃនៅក្នុងព្រះវិហារ។
ព្រះសង្ឃអនុមោទនាទទួលត្រៃចីវរ។
ពិធីក្រាលគ្រងកឋិនរបស់ព្រះសង្ឃវត្តសំរោង ហើយនេះក៏ជាកិច្ចបញ្ចប់ពិធីបុណ្យដែរ។