ខេត្តបាកលីវផ្តោតការយកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារៈដល់សាលា បន្ទប់រៀននិងបំពាក់គ្រឿងបរិក្ខារបង្ហាត់បង្រៀនតាមទិសដៅសម្រេចបទដ្ឋាន; កងជួរគ្រូបង្រៀនជានិច្ចកាលត្រូវបានបំប៉នមុខវិជ្ជាជីវៈ ម្ល៉ោះហើយ គុណភាពអប់រំរបស់ខេត្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ម៉ោងរៀនរបស់សិស្សានុសិស្សវិទ្យាល័យជនជាតិអន្តេវាសិកបាកលីវ។
បច្ចុប្បន្ន បាកលីវមានសាលារៀនចំនួន ២៨៨ ក្នុងនោះ មាន ២០៤ សាលាសម្រេចបទដ្ឋានជាតិតាមលក្ខឋានថ្មីរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។ រយៈពេល ៥ ឆ្នាំបន្តបន្ទាប់ ខេត្តបាកលីវស្ថិតក្នុងចំណាត់ថ្នាក់ទី ១០ ទូទាំងប្រទេស អំពីអត្រាបញ្ចប់កម្រិតវិទ្យាល័យនិងពិន្ទុមធ្យមភាគនៃវិញ្ញាសាប្រឡងវិទ្យាល័យ៘ ឆ្នាំ ២០២២ ខេត្តបាកលីវ មានពិន្ទុមធ្យមភាគនៃវិញ្ញាសាប្រឡងកម្រិតវិទ្យាល័យខ្ពស់ជាងគេក្នុងបណ្តាខេត្តនានា នៅតំបន់វាលរាបទន្លេគឺវឡុង។ ជោគជ័យទាំងនោះ គឺអាស្រ័យការប្រឹងប្រែងរបស់កងជួរគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងផ្នែកអប់រំ និងការខិតខំរៀនសូត្របស់សិស្ស។ លោកគ្រូត្រឹងវ៉ាន់ជុង នាយកវិទ្យាល័យជនជាតិអន្តេវាសិកបាកលីវ ឱ្យដឹង៖ “សាលាទទួលបានការយកចិត្តទុកដាក់វិនិយោគគ្រប់សព្វអំពីមូលដ្ឋានសម្ភារៈ និងបំពាក់គ្រឿងបរិក្ខារបង្ហាត់បង្រៀនសម្រេចបទដ្ឋានជាតិកម្រិត ១ កាលពីឆ្នាំ ២០២០។ ឯកងជួរគ្រូបង្រៀនត្រូវបានបណ្តុះបណ្តាលសម្រេចបទដ្ឋាន ម្ល៉ោះហើយគុណភាពអប់រំបានកើនឡើងជាលំដាប់។ រៀងរាល់ឆ្នាំ អត្រាសិស្សសម្រេចចរិយាសម្បត្តិគ្រាន់បើ-ប្រសើរ គឺជាង ៩៩% សម្រេចនិទ្ទេសសិក្សាគ្រាន់បើ-ពូកែ ស្រូបអត្រាជាង ៤៨%។ ពិសេស អត្រាប្រឡងបញ្ចប់កម្រិតវិទ្យាល័យសម្រេច ១០០%។ ក្នុងនោះ អត្រាសិស្សប្រឡងជាប់មហាវិទ្យាល័យ និងអនុមហាវិទ្យាល័យស្រូបអត្រាប្រមាណ៧០%”។
ប៉ុន្មានឆ្នាំមកនេះ ការកសាងសាលារៀនសម្រេចបទដ្ឋានជាតិ ត្រូវបានភូមិភាគនានាយកចិត្តទុកដាក់អនុវត្ត ជាពិសេសគឺសាលារៀននៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ។ លោកគ្រូថាច់ហួង នាយកសាលាបឋមសិក្សាង៉ោហ្វៀង ឃុំវិញត្រាច់ដុង ឱ្យដឹង៖ “ឆ្នាំសិក្សានេះ សាលាមានសិស្សចំនួន ៨០០ នាក់ ក្នុងនោះ មានសិស្សជនជាតិខ្មែរជាង ៨០%។ ម្យ៉ាងទៀត សាលាក៏បានវិនិយោគគ្រប់សព្វតាំងពីបន្ទប់រៀននិងបំពាក់គ្រឿងបរិក្ខារបង្ហាត់បង្រៀនជាដើម។ រៀងរាល់ឆ្នាំ អត្រាសិស្សត្រូវបានវាយតម្លៃសម្រេចកម្រិតរៀនសូត្រល្អ និងរៀនបានល្អវិញ្ញាសាគណិតវិទ្យាអក្សរសាស្រ្តវៀត សម្រេចជាង ៩៧%”។
តាមប្រសាសន៍លោកង្វៀងបាឡុង នាយករងមន្ទីរអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខេត្តបាកលីវ រយៈពេលខាងមុខ ផ្នែកអប់រំខេត្តនឹងបន្តការកសាងក្រឹត្យវិន័យ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានអប់រំ ដើម្បីលើកកម្ពស់គុណភាពអប់រំគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ ផ្តោតទៅលើការអប់រំសីលធម៌ ផ្នត់គំនិត បំណិនជីវិត និងស្មារតីទទួលខុសត្រូវរបស់ពលរដ្ឋចំពោះសង្គម។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយកម្មវិធីអប់រំចំណេះទូទៅឆ្នាំ ២០១៨ ដោយធានាគុណភាពនិងប្រសិទ្ធភាព។ រៀបចំត្រួតពិនិត្យ ផ្តល់សច្ចាប័នលើសៀវភៅសិក្សាគោលគ្រប់វិញ្ញាសា។ អនុវត្តល្អរាល់គោលនយោបាយនិងមានវិធានការ ឧបត្ថម្ភដល់សិស្សដែលមានជីវភាពក្រលំបាក សិស្សជនជាតិភាគតិច។ អាទិភាពអភិវឌ្ឍន៍អប់រំនៅតំបន់ដាច់ស្រយាល និងតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ៕
យ្វីអាញ-លីសៀ