ក្រសួងសុខាភិបាល ទើបផ្តល់ព័ត៌មានចូលរួមយោបល់ជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាលអំពីគ្រោងការរៀបចំសម័យប្រឡងសញ្ញាបត្រវិទ្យាល័យ ឆ្នាំ ២០២២ សម្រាប់សិស្សដែលរងផលប៉ះពាល់ដោយសារជំងឺ COVID-១៩។
បេក្ខសិស្សចូលប្រឡងនៅសម័យប្រឡងសញ្ញាបត្រវិទ្យាល័យឆ្នាំ២០២១។
យោងតាមប្រភពព័ត៌មានខាងលើ ក្រសួងសុខាភិបាល ទើបទទួលបានសារលិខិតលេខ ១៦១១/BGDĐT-QLCL របស់ក្រសួងអប់រំ និងបណ្តុះបណ្តាល ស្តីពីការចូលរួមយោបល់លើគ្រោងការរៀបចំសម័យប្រឡងសញ្ញាបត្រវិទ្យាល័យឆ្នាំ ២០២២ ដល់សិស្សដែលរងផលប៉ះពាល់ដោយសារជំងឺ COVID-១៩។ បន្ទាប់ពីសិក្សាស្រាវជ្រាវ ក្រសួងសុខាភិបាលបានចូលរួមយោបល់អំពីវិធានការមួយចំនួនធានាសុវត្ថិភាពក្នុងការបង្ការប្រឆាំងជំងឺ COVID-១៩។
ជាក់ស្តែង បេក្ខសិស្សស្ថិតក្នុងក្របខ័ណ្ឌជួបប្រស្រ័យជិតដិត (F1) បានចូលរួមប្រឡងជាមួយនឹងបេក្ខសិស្សដែលមិនរងផលប៉ះពាល់ដោយសារជំងឺ COVID-១៩។
បេក្ខសិស្សស្ថិតក្នុងក្របខ័ណ្ឌជាករណីជំងឺត្រូវតាមដាន (ករណីសង្ស័យមានជំងឺ) អាចចូលរួមប្រឡងបាន។ ក្រុមប្រឹក្សាប្រឡង រៀបចំឱ្យបេក្ខសិស្សស្ថិតក្នុងក្របខ័ណ្ឌជាករណីសង្ស័យមានជំងឺ ប្រឡងនៅបន្ទប់ដាច់ដោយឡែក ឆ្លើយតបទៅនឹងតម្រូវការបង្ការប្រឆាំងជំងឺ COVID-១៩។
បេក្ខសិស្សស្ថិតក្នុងក្របខ័ណ្ឌវិជ្ជមានជំងឺ (F0) បើកំពុងតែតាមដាន សម្រាកព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាលក្នុងអំឡុងពេលប្រឡង តែមិនអាចចូលរួមប្រឡងបាន នឹងបានអាទិភាពទទួលស្គាល់បញ្ចប់កម្រិតវិទ្យាល័យ; ករណីបេក្ខសិស្សមានបំណងចូលរួមប្រឡង នឹងរៀបចំឱ្យប្រឡងនៅសម័យប្រឡងលើកក្រោយ។
បើសិនបេក្ខសិស្សវិជ្ជមានជំងឺ (F0) កំពុងតែតាមដានធ្វើចត្តាឡីស័កនៅផ្ទះ ឬនៅកន្លែងណាមួយនៅភូមិស្រុកក្នុងអំឡុងពេលប្រឡងនឹងបានពិនិត្យអាទិភាពបញ្ចប់កម្រិតវិទ្យាល័យ។ ក្នុងករណីបេក្ខសិស្សមានបំណងចូលរួមប្រឡង ត្រូវមានលិខិតសូមចុះឈ្មោះប្រឡងរបស់បេក្ខសិស្សនិងមានការចុះហត្ថលេខាបញ្ជាក់យល់ព្រមពីឪពុកម្តាយសិស្ស ឬអាណាព្យាបាលសិស្ស ក្នុងនោះ មានខ្លឹមសារបេក្ខសិស្សចុះខសន្យាអនុវត្តម៉ឺងម៉ាត់រាល់វិធានការបង្ការប្រឆាំងជំងឺ COVID-១៩។
ក្រុមប្រឹក្សាប្រឡង រៀបចំឱ្យបេក្ខសិស្សស្ថិតក្នុងក្របខ័ណ្ឌវិជ្ជមានជំងឺ (F0) ដូចពោលខាងលើ ប្រឡងនៅបន្ទប់ដាច់ដោយឡែក ឆ្លើយតបទៅនឹងតម្រូវការបង្ការប្រឆាំងជំងឺ COVID-១៩។ ទាំងបេក្ខសិស្ស និងកម្មាភិបាល អនុរក្សក្រុមកែវិញ្ញាសា គណៈមេប្រយោគ ត្រូវអនុវត្តម៉ឺងម៉ាត់តាមសេចក្តីកំណត់អំពីការបង្ការប្រឆាំងជំងឺរាតត្បាត។
អំពីការសំណូមពរចំពោះបេក្ខសិស្សស្ថិតក្នុងក្របខ័ណ្ឌជួបប្រស្រ័យជិតដិត (F1) ករណីសង្ស័យមានជំងឺ ករណីវិជ្ជមានជំងឺ (F0) ចូលរួមក្នុងសម័យប្រឡង ក្រសួងសុខាភិបាលបានបញ្ជាក់ច្បាស់៖ ត្រូវអនុវត្តម៉ឺងម៉ាត់រាល់វិធានការបង្ការ ប្រឆាំងជំងឺ COVID-១៩ ពេលទៅកាន់មណ្ឌលប្រឡង និងក្នុងការធ្វើដំណើរ ពីកន្លែងស្នាក់នៅទៅកាន់មណ្ឌលប្រឡងនិងផ្ទុយមកវិញ មានដូច៖ ពាក់ម៉ាស់ លាងដៃ ដោយសាប៊ូ ទឹកស្អាត ឬទឹកអាល់កុលឱ្យបាន ញឹកញាប់ កាត់បន្ថយជួបប្រស្រ័យនឹងអ្នកដទៃ ប្រសិនបើអាចធ្វើទៅបាន (អនុញ្ញាតឱ្យបើកម៉ាស់ក្នុងពេលធ្វើវិញ្ញាសាប្រឡង ពេលមានយោបល់ត្រូវពាក់ម៉ាស់)។
ចំពោះកម្មាភិបាលមេប្រយោគ អនុរក្សប្រចាំនៅបន្ទប់ប្រឡងសម្រាប់បេក្ខសិស្សស្ថិតក្នុងក្របខ័ណ្ឌជាករណីសង្ស័យមានជំងឺ បន្ទប់ប្រឡងសម្រាប់បេក្ខសិស្សស្ថិតក្នុងក្របខ័ណ្ឌ វិជ្ជមានជំងឺ ក្រសួងសុខាភិបាលសំណូមពរយោងទៅតាមស្ថានភាពជាក់ស្តែង រៀបចំកម្មាភិបាលមេប្រយោគ អនុរក្សទាំងនេះ ប្រចាំបន្ទប់ប្រឡងរហូតដល់ចប់ (ប្រសិនអាចធ្វើទៅបាន) នៅបន្ទប់ប្រឡងសម្រាប់បេក្ខសិស្ស ស្ថិតក្នុងក្របខ័ណ្ឌជាករណីសង្ស័យមានជំងឺ និងបន្ទប់ប្រឡងសម្រាប់បេក្ខសិស្សស្ថិតក្នុងក្របខ័ណ្ឌវិជ្ជមានជំងឺ។
ចំពោះកម្មាភិបាលធ្វើបែបបទប្រឡង អនុរក្សត្រូវអនុវត្តម៉ឺងម៉ាត់រាល់វិធានការការពារខ្លួនក្នុងអំឡុងពេលធ្វើបែបបទនិងមើលការប្រឡង ត្រូវលាងដៃដោយសាប៊ូ ទឹកស្អាត ឬក៏ទឹកអាល់កុលឱ្យបានញឹកញាប់; រៀបចំបុគ្គលិកពេទ្យប្រចាំការនៅមណ្ឌលប្រឡង ដើម្បីសង្គ្រោះបឋមនិងដោះស្រាយស្ថានភាពដែលកើតឡើងឱ្យបានទាន់ពេល។
កម្មាភិបាលកាត់ក្បាលក្រដាសប្រឡង ក្រុមកែវិញ្ញាសារបស់បេក្ខសិស្សស្ថិតក្នុងក្របខ័ណ្ឌ ជាករណីសង្ស័យមានជំងឺ ករណីវិជ្ជមានជំងឺ ត្រូវប្រើប្រាស់មធ្យោបាយការពារខ្លួន ហើយបោះចោលនៅកន្លែងដែលបានកំណត់ លាងដៃដោយសាប៊ូ ទឹកស្អាត ឬក៏ទឹកអាល់កុល ឱ្យបានញឹកញាប់។
ក្រសួងសុខាភិបាលក៏លើកឡើងយ៉ាងច្បាស់៖ ការបញ្ជាក់ពីករណីសង្ស័យមានជំងឺ ករណីវិជ្ជមានជំងឺ (F0) អ្នកជួបប្រស្រ័យជិតដិត(F1) អនុវត្តតាមការណែនាំនៅក្នុងសារលិខិតលេខ ១៩០៩/BYT-DP ចុះថ្ងៃទី ១៥/៤/ ២០២២ ស្តីពីការកែសម្រួលនិយមន័យករណីជំងឺ COVID-១៩ និងវិធានការសុខាភិបាលចំពោះករណីជំងឺ COVID-១៩ និងអ្នកជួបប្រស្រ័យជិតដិត (F1)៕
យោង៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម-ប្រែសម្រួល៖ មុនី