ក្រសួងសុខាភិបាលបានដាក់ចេញសេចក្តីសម្រេចលេខ ៥០០២/QĐ-BYT ស្តីពីការ”ណែនាំកែប្រែ និងបំពេញបន្ថែមសេចក្តីណែនាំពិនិត្យសម្រាំងមុនពេលចាក់វ៉ាក់សាំងបង្ការជំងឺ COVID -១៩ ដល់កុមារ”។
រូបភាពជាឧទាហរណ៍។
យោងតាមសេចក្តីសម្រេចខាងលើ ការពិនិត្យសម្រាំងមុនពេលចាក់វ៉ាក់សាំងបង្ការជំងឺ COVID -១៩ ដល់កុមារ រួមមានការងារដូច៖ វាស់កម្តៅខ្លួន និងវាស់ចង្វាក់បេះដូង។
មានកត្តា ៨ យ៉ាង ដែលអ្នកពិនិត្យសម្រាំងគប្បីយកចិត្តទុកដាក់៖ មានប្រវត្តិប្រតិកម្មនឹងវ៉ាក់សាំងបង្ការជំងឺ COVID-១៩ ដែលចាក់លើកមុន ឬសមាសធាតុវ៉ាក់សាំងបង្ការជំងឺ COVID -១៩; អ្នកដែលមានជំងឺស្រួចស្រាវ ឬជំងឺរុាំរ៉ៃរើឡើងវិញ; មានប្រវត្តិប្រតិកម្មនឹងសារធាតុដែលធ្វើឱ្យប្រតិកម្មណាមួយ; វិបត្តិស្មារតី, វិបត្តិអាកប្បកិរិយា; មានជំងឺពីកំណើត ជំងឺរុាំរ៉ៃបេះដូង, សួត, ប្រព័ន្ធរំលាយអាហារ, តម្រងនោម, ឈាម; ស្ដាប់ចង្វាក់បេះដូង សួតលោតខុសប្រក្រតី; ប្រតិកម្មអាណាហ្វីឡាក់ស៊ីលកម្រិត ៣ ឡើងទៅ ជាមួយនឹងសារធាតុដែលធ្វើឱ្យប្រតិកម្មណាមួយ (កត់ត្រាច្បាស់ ពីភ្នាក់ងារបណ្តាលឱ្យប្រតិកម្ម…) រាល់ការហាមប្រើប្រាស់ថ្នាំនិងការពន្យាពេលផ្សេងៗទៀត (បើមានគប្បីកត់ត្រាឱ្យច្បាស់លាស់) ។
ការណែនាំរបស់ក្រសួងសុខាភិបាល បានលើកឡើងយ៉ាងច្បាស់ កុមារគ្រប់លក្ខណៈចាក់វ៉ាក់សាំងបានភ្លាមនោះ គឺកុមារគ្មានសញ្ញាខុសប្រក្រតី និងគ្មានការហាមក្នុងការចាក់វ៉ាក់សាំង បង្ការតាមការណែនាំរបស់ក្រុមហ៊ុនផលិត។
ការហាមចាក់ប្រភេទវ៉ាក់សាំងដូចគ្នា នៅពេលមានប្រវត្តិច្បាស់លាស់នៃការប្រតិកម្មអាណាហ្វីឡាក់ស៊ីលចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-១៩ លើកមុន ឬសមាសធាតុនៃវ៉ាក់សាំងបង្ការជំងឺ COVID-១៩។
ពន្យាពេលចាក់វ៉ាក់សាំងបង្ការដល់កុមារដែលមានជំងឺធ្ងន់ធ្ងរ និងជំងឺរុាំរ៉ៃរើឡើង។
ប្រុងប្រយ័ត្នពេលចាក់វ៉ាក់សាំងដល់កុមារដែលមានប្រវត្តិប្រតិកម្មជាមួយនឹងសារធាតុដែលធ្វើឱ្យប្រតិកម្ម; មានវិបត្តិស្មារតី, វិបត្តិអាកប្បកិរិយា។
បញ្ជូនទៅពិនិត្យសម្រាំង និងចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបើកុមារមានជំងឺពីកំណើត ជំងឺ រុាំរ៉ៃបេះដូង សួត ប្រព័ន្ធរំលាយអាហារ តម្រងនោម ឈាម; ស្ដាប់ចង្វាក់បេះដូង សួតលោតខុសប្រក្រតី; ប្រតិកម្មអាណាហ្វីឡាក់ស៊ីលកម្រិត ៣ ឡើងទៅ ជាមួយនឹងសារធាតុដែលធ្វើឱ្យប្រតិកម្មណាមួយ (កត់ត្រាច្បាស់ ភ្នាក់ងារបណ្តាលឱ្យប្រតិកម្ម…)។
យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ ចាប់ពីអាយុ ១២-១៧ ឆ្នាំនឹងផ្សព្វផ្សាយអនុវត្តទូទាំងប្រទេសចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ តទៅ តាមដំណើរការចាប់អាយុពីខ្ពស់មកទាប អាទិភាពចំពោះក្រុមដែលមានអាយុ ១៦-១៧ ឆ្នាំ និងចុះមកតាមវ័យ តាមល្បឿននៃដំណើរការផ្គត់ផ្គង់វ៉ាក់សាំង និងស្ថានភាពជំងឺរាតត្បាតនៅភូមិភាគនីមួយៗ។
ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ដល់កុមារ គឺត្រូវបានធ្វើមុនចំពោះភូមិភាគណាដែលឆ្លងកាត់ការអនុវត្តគម្លាតសង្គម និងមានអត្រាឆ្លងជំងឺ COVID-១៩ ខ្ពស់។ ភូមិភាគដែលមានប្រជាជនរស់នៅកុះករ មានហានិភ័យជំងឺឆ្លងរាលដាលខ្ពស់។
ក្រុមអ្នកឯកទេសនៃវិទ្យាស្ថានអនាម័យនិងរោគរាតត្បាតមជ្ឈិម បានណែនាំដល់គ្រប់ភូមិភាគរៀបចំអនុវត្ដដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ដល់កុមារតាមរូបភាពនៃយុទ្ធនាការ នៅទីតាំងចាក់វ៉ាក់សាំងដែលបានកំណត់ ឬទីតាំងចល័ត និងតាមសាលារៀន។
ចំពោះកុមារដែលមានអាយុពី ១២-១៧ ឆ្នាំ ហើយកំពុងរៀននឹងធ្វើបញ្ជីរាយនាមតាមថ្នាក់ និងធ្វើការចាក់វ៉ាក់សាំងមុនដល់ក្រុមសិស្សវិទ្យាល័យ លំដាប់លំដោយចាប់ពីថ្នាក់ទី ១២ ថ្នាក់ទី ១១ និងថ្នាក់ទី ១០។ ទើបដល់សិស្សអនុវិទ្យាល័យចាប់ពីថ្នាក់ទី ៩ ថ្នាក់ទី ៨ និងថ្នាក់ទី ៧។
ចំពោះកុមារមិនទៅរៀននឹងធ្វើការស្រង់ស្ថិតិ និងធ្វើបញ្ជីរាយនាមក្នុងសហគមន៍ ដើម្បីធានាមិនឱ្យបាត់ឱកាសចាក់វ៉ាក់សាំងដល់កុមារ។ វ៉ាក់សាំងដែលប្រើប្រាស់សម្រាប់ចាក់ឱ្យកុមារអាយុពី ១២-១៧ ឆ្នាំ គឺវ៉ាក់សាំង Comirnaty របស់ Pfizer ប្រើប្រាស់ដូចមនុស្ស ១៨ឆ្នាំឡើងទៅ។ ជាមួយនឹងកម្រិត ០.៣ ml ក្នុងមួយដូស, ចាក់ត្រង់ស្មា; កាលបរិច្ឆេទចាក់ ២ ដូស ចន្លោះពេលរវាងការចាក់ ២ ដូស គឺពី ៣ ទៅ ៤ សប្តាហ៍ (ពី ២១ ទៅ ២៨ ថ្ងៃ) ។
ដើម្បីធានាសុវត្ថិភាពការចាក់វ៉ាក់សាំង ត្រូវមានការសហការរបស់លោកគ្រូ អ្នកគ្រូនិងឪពុកម្តាយសិស្ស។ ឪពុកម្តាយ និងអាណាព្យាបាលសិស្សត្រូវចុះហត្ថលេខាលើក្រដាសយល់ព្រមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ដល់កុមារ; ព្រមជាមួយនោះ ត្រូវអប់រំផ្លូវចិត្ត ថែទាំសុខភាពកុមារឱ្យបានល្អមុនពេលចាក់វ៉ាក់សាំង និងរួមគ្នាតាមដានសុខភាពកុមារក្រោយពីចាក់វ៉ាក់សាំង ធ្វើតាមការណែនាំរបស់កម្មាភិបាលចាក់វ៉ាក់សាំង”។ សាស្ត្រាចារ្យរង វេជ្ជបណ្ឌិត យឿងធីហុង នាយករងវិទ្យាស្ថានអនាម័យ និងរោគរាតត្បាតមជ្ឈិម បានសង្កត់ធ្ងន់ដូច្នេះ។
បច្ចុប្បន្ន មានវ៉ាក់សាំងបង្ការជំងឺ COVID-១៩ ពីរប្រភេទ ដែលបានផ្ដល់អាជ្ញាប័ណ្ណ សម្រាប់ចាក់ដល់កុមារ គឺ៖ Pfizer និង Moderna របស់អាមេរិក។ ក៏ប៉ុន្តែ បច្ចុប្បន្នប្រទេសវៀតណាម មានវ៉ាក់សាំងតែមួយប្រភេទដើម្បីចាក់បង្ការជំងឺ COVID-១៩ ឱ្យកុមារគឺ Pfizer ៕
យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម- ប្រែសម្រួល៖ ត្រឹងហ្គោន