ថ្លែងយោបល់ក្នុងវគ្គហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាពបង្រៀនតាមអនឡាញ បង្រៀនតាមទូរទស្សន៍ដល់កម្មាភិបាល គ្រូបង្រៀនបឋមសិក្សា។ អនុរដ្ឋមន្រ្តី ក្រសួងអប់រំនិងបណ្តុះបណ្តាល ង្វៀងហឺវឌោ គូសបញ្ជាក់៖ នេះជាវិធីបង្រៀន អាចបត់បែនក្នុងលក្ខណៈនៃជំងឺរាតត្បាត ដូចបច្ចុប្បន្ន។
សិស្សបឋមសិក្សានៅក្រុងកឹងធើ កំពុងធ្វើលំហាត់ដែលគ្រូអចិន្រ្តៃយ៍ផ្ញើតាមអីុនម៉ែល។
អនុរដ្ឋមន្រ្តី ផ្តល់ព័ត៌មាន ដើម្បីត្រៀមឱ្យការបង្រៀនតាមអនឡាញប្រកបដោយប្រសិទ្ធភាព ក្រសួងអប់រំនិងបណ្តុះបណ្តាល បានចេញសារាចរលេខ ០៩ ស្តីពីការគ្រប់គ្រងនិងចាត់តាំងការបង្រៀនតាមអនឡាញ។ ទន្ទឹមនឹងការណែនាំអនុវត្តកម្មវិធីអប់រំចំណេះទូទៅកម្រិតបឋមសិក្សា ឆ្នាំសិក្សា ២០២១-២០២២ ជាមួយនឹងខ្លឹមសារសម្រិត សម្រាំងសមស្របនឹងស្ថានភាពជំងឺ COVID -១៩។ ក្រសួងអប់រំនិងបណ្តុះបណ្តាល ក៏បានសហការជាមួយស្ថានីយទូរទស្សន៍វៀតណាម ផលិតកម្មវិធីនិងចាក់ផ្សាយវីដេអូមេរៀនបង្រៀនអេឡិកត្រូនិច មេរៀនបង្រៀនលើកញ្ចក់ទូរទស្សន៍ ទៅតាមវិញ្ញាសានិងកម្រិតសិក្សា ដើម្បីសិស្សមានឱកាសរៀនសូត្រ។ល។ អនុរដ្ឋមន្រ្តី សង្ឃឹមថា ឆ្លងតាមរយៈការហ្វឹកហ្វឺនតាមអនឡាញ គ្រូបង្រៀនចេះវិធីបង្រៀនតាមអនឡាញ តាមទូរទស្សន៍។
អនុវត្តកិច្ចចង្អុលការរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល មន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ ផ្សព្វផ្សាយណែនាំអនុវត្តកម្មវិធីអប់រំចំណេះទូទៅកម្រិតបឋមសិក្សា ឆ្នាំសិក្សា ២០២១-២០២២។ តាមរយៈនោះ មន្ទីរអប់រំប្រគល់សិទ្ធិម្ចាស់ការដល់សាលារៀននីមួយៗអំពីការណែនាំឱ្យសិស្សស្វ័យសិក្សានៅផ្ទះ ធានាជួយសិស្សបង្កើនបំណិនអាន សរសេរ និយាយ ស្តាប់ បំណិនគិតលេខ។ល។ ក្រៅពីនោះ គ្រូបង្រៀនគប្បីជូនដំណឹងដល់អាណាព្យាបាលសិស្សទាំងអស់ បើកប៉ុស្តិ៍ទូរទស្សន៍ VTV7 ដើម្បីឱ្យសិស្សស្វ័យសិក្សា។ គ្រូបង្រៀនព្រាង គម្រោងមេរៀនណែនាំស្វ័យសិក្សាជាកម្មវិធី file word, file រូប ឬក៏វីដេអូឃ្លីប។ល។ បញ្ជូនទៅ សិស្សតាមអីុម៉ែល ឬបណ្តាញសង្គម សម្រាប់សិស្សធ្វើលំហាត់ រួចបញ្ជូនទៅឱ្យគ្រូបង្រៀនពិនិត្យតាមដានដើម្បីជួយសិស្សកុំឱ្យភ្លេចមេរៀន។
ចំពោះស្ថានភាពសិស្សជួបលំបាកអំពីមធ្យោបាយរៀនសូត្រ ខេត្តវិញឡុងក៏បានចលនាសប្បុរសជនឧបត្ថម្ភមធ្យោបាយសិក្សាដល់សិស្សជួបការលំបាក។ ខេត្តវិញឡុង ក៏បានសហការជាមួយសម្ព័ន្ធ Viettel បង្កើតប្រព័ន្ធសិក្សានិងប្រឡងតាមអនឡាញ ភ្ជាប់សេវាអីុនធឺណិតដោយឥតគិតថ្លៃដល់សាលារៀន និងគ្រឹះស្ថានអប់រំរបស់ខេត្តចំនួន ៤៥៣ ។ លោកត្រិញហុងវិញ នាយកសាលាបឋមសិក្សាតឹងមីA ឃុំតឹងមី ស្រុកត្រាអូង ឱ្យដឹង៖ “ខណៈពេលរងចាំសិស្សត្រឡប់មកថ្នាក់រៀនវិញ សាលាបានចង្អុលការគ្រូបង្រៀនព្រាងមេរៀន លំហាត់ និងទាក់ទងជាមួយអាណាព្យាបាលសិស្ស ដើម្បីណែនាំប្អូនៗរៀនសូត្រនៅផ្ទះ។ ធ្វើដូច្នេះ សំដៅជួយសិស្សកុំឱ្យភ្លេចមេរៀន ហើយសមស្របនឹងស្ថានភាពនាបច្ចុប្បន្ន”៕
ហាថាញ-មុនី