ទីសក្ការបូជាថាយវី គឺជាកន្លែងទេសចរណ៍បែបសាសនា ស្ថិតនៅក្នុងមណ្ឌលនៃតាមកុក-ប៊ិតដុង ចំណុះស្រុកហ្វាឡឺ ខេត្តនិញប៊ិញ។ នេះគឺ ជាកន្លែងមួយដែលទាក់ទាញភ្ញៀវទេសចរ ពេលមកតាមកុក។
ក្លោងទ្វារខាងក្រៅទីសក្ការបូជា។
ទីសក្ការបូជាថាយវី ចម្ងាយពីកំពង់ផែតាមកុកប្រមាណ ២គ.ម ម្ល៉ោះហើយភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើរជើង ឬជិះកង់តាមដងផ្លូវបេតុងក្រវិចក្រវៀន នឹងទៅដល់ទីសក្ការបូជា។ ថ្វីត្បិតដូច្នោះក្តី មានភ្ញៀវទេសចរជាច្រើន បានជ្រើសអង្គុយទូកតាមដងទន្លេង៉ោយ៉ាង ដើម្បីទស្សនាតាមកុក - ប៊ិតដុង។ ពេលត្រឡប់មកវិញ ឆៀងចូលកំពង់សិញ (បេនថាញ់) រួចធ្វើដំណើរតាមដងផ្លូវមួយតូចដ៏មនោរម្យនៅជើងភ្នំ ក្បែរវាលស្រែឆ្ពោះទៅកាន់ទីសក្ការបូជា។
បើតាមការកត់ត្រានៅទីសក្ការបូជាថាយវី ឱ្យដឹង៖ ទីសក្ការបូជានេះសាងឡើងដោយស្នាព្រះហស្តមហាក្សត្រ ត្រឹងថាយតុង ក្រោយពីយកឈ្នះលើពួកទ័ពង្វៀនលើកទីមួយ។ កាលនោះ ព្រះមហាក្សត្រត្រឹងថាយតុង បានប្រគល់រាជបល្ល័ង្កដល់រាជបុត្រ រួចយាងទៅកាន់តំបន់ព្រៃភ្នំគួរជាទីមនោរម្យ ប្រៀបបីដូចជាឈូងហាឡុងលើដីគោក ដើម្បីសាងអាស្រម ថាយវីនេះ។ ក្រោយពីជ័យជម្នះលើពួកទ័ព ង្វៀនលើកទីពីរនិងទីបី អាស្រមថាយវី ត្រូវបានកសាងទូលាយបន្ថែម ហើយក្លាយទៅជាទីសក្ការបូជាសម្រាប់រាជវង្សត្រកូលត្រឹងផងដែរ។
សសរនៃទីសក្ការៈបូជា ត្រូវបានកសាងពីផែនថ្ម។
ទីសក្ការបូជាថាយវី ស្ថិតនៅក្បែរទន្លេង៉ោយ៉ាង ផ្អែកនឹងភ្នំកុយលិញ នៅខាងមុខមានស្រះបាត់ង៉ុក ទឹកថ្លាយង់ខួបប្រាំងវស្សា។ ពិសេសទីសក្ការបូជាត្រូវបានកសាងជា ៣ ល្វែង ក្នុងនោះ ល្វែងខាងមុខ ជាកន្លែងមានតម្កល់ផ្ទាំងសមញ្ញប័ដស្រោបមាស។ សងខាងល្វែង ខាងមុខមានពីរល្វែងសម្រាប់រៀបស្ពកសែន និងដកស្ពកថយ។ ទីសក្ការបូជាថាយវីមានសោភណភាព ព្រោះជួរសសរបានឆ្លាក់ក្បូរក្បាច់រចនាដ៏វិចិត្រនិងផ្ទាំងថ្មដ៏ប្រណីត។ បច្ចុប្បន្ន ទីសក្ការបូជានៅសល់សសរថ្ម ល្វែងដាក់ជួងនិងជួងត្រូវបានកសាងកាលពីឆ្នាំ ១៦៨៩ ។ លុះដល់ឆ្នាំ ១៩៩៥ ទីសក្ការបូជាថាយវី ត្រូវបានក្រសួងវប្បធម៌ព័ត៌មានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រវប្បធម៌ថ្នាក់ជាតិ។
ជាកន្លែងទេសចរណ៍បែបសាសនាមួយដ៏ល្បីឈ្មោះ ទាក់ទាញភ្ញៀវទេសចរនិងប្រជាជនភូមិភាគមកគោរពបូជាយ៉ាងច្រើនកុះករ ប៉ុន្តែ ទីសក្ការបូជាថាយវី នៅតែមានលក្ខណៈស្មឹងស្មាធិ៍ មានបរិយាកាសដ៏ថ្លៃថ្លា។ នៅថ្ងៃ ១៤ ខែ ៣ (ចន្ទគតិវៀតណាម) រៀងរាល់ឆ្នាំ ខេត្តនិញប៊ិញ បានរៀបចំពិធីបុណ្យជាតិនៅទីសក្ការបូជានេះផងដែរ។ នេះគឺជាពិធីបុណ្យដើម្បីរំលឹកព្រះវិញ្ញាណក្ខ័ន្ធនិងសម្តែងនូវការដឹងគុណចំពោះព្រះមហាក្សត្រនៃរជ្ជកាលត្រឹងដ៏រុងរឿងរបស់ប្រទេសជាតិ៕
ហាថាញ-លីសៀ