លោកយ័ញតៀង ជាសិល្បករមួយរូបក្នុងចំណោមសិល្បករទាំង៥រូបរបស់ខេត្តគៀងយ៉ាង មានកិត្តិយសបានលោកប្រធានរដ្ឋ ប្រទានកិត្តិនាម"សិល្បករឆ្នើម"ឆ្នាំ២០១៩។ លោកគឺជាគ្រូភ្លេងប្រពៃណីមួយរូបនៅស្រុកហ្គក្វាវ។
សិល្បករយ័ញតៀង ក្នុងទិវាមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍ តំបន់ជនរួមជាតិខ្មែរខេត្តគៀងយ៉ាងលើកទី១៣ ឆ្នាំ២០១៩។
ក្នុងឱកាសបើកវគ្គទិវាវប្បធម៌កីឡានិងទេសចរណ៍តំបន់ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង លើកទី១៣ ឆ្នាំ២០១៩ សិល្បករយ័ញតៀង ហាក់ដូចគ្មាននៅទំនេរ ជួនទៅណែនាំក្រុមភ្លេងពិណពាទ្យ ជួនក៏ទៅណែនាំបង្ហាញក្រុមរបាំ គឺគាត់ចល័តរហូត។ បងយ័ញថាញ់ដាក នៅឃុំដាយអាង ឲ្យដឹងៈ "លោកគ្រូតៀង គាត់ធ្វើការហ្មត់ចត់ណាស់ ធ្វើការងារអ្វីម្យ៉ាងទាល់តែល្អទើបគាត់សុខចិត្ត ពិសេសគឺការងារដែលពាក់ព័ន្ធដល់វប្បធម៌ជាតិ។ ខ្ញុំជាកូនសិស្សរបស់គាត់ខាងក្រុមភ្លេងពិណពាទ្យ។ ថ្វីដ្បិតមិនមែនជាគ្រូ ចេញពីសាលាបណ្ដុះបណ្ដាលក៏ពិតមែន ប៉ុន្តែលោកគ្រូគាត់ប៉ិនប្រសព្វក្នុងការបង្រៀនភ្លេង អ្នករៀនងាយយល់ងាយប្រគំ"។
សិល្បករយ័ញតៀង កើតឆ្នាំ១៩៦៣ នៅភូមិអាង-ថ ឃុំឌិញអាងស្រុកហ្គក្វាវ ។ ក៏ដូចជាយុវជនដទៃទៀតដែរ គាត់បានចូលសាងផ្នួសនៅវត្តសិរីឧត្តមវង្សា អំពាចវែងថ្មី (ឃុំឌិញអាង)។ នៅទីនេះ គាត់ចូលចិត្តឧបករណ៍ភ្លេងបុរាណនិងសិល្បៈប្រពៃណី ម្ល៉ោះហើយគាត់ក៏ប្ដេជ្ញារៀនខាងវិស័យនេះ។ ក្រោយពីចាកសិក្ខាបទ គាត់បានដើរសិក្សាស្វែងយល់ជាច្រើនកន្លែង។ សន្សំចំណេះដឹងនិងប្រឹងប្រែងសិក្សាស្រាវជ្រាវដោយខ្លួនឯង គាត់ក៏ចេះប្រគំឧបករណ៍ភ្លេងខ្មែរមួយចំនួន និពន្ធរឿងសម្រាប់ល្ខោនបាសាក់ បង្ហាត់និងដឹកនាំសម្ដែងរបាំ និងឆៃយ៉ាំជាដើម។ គាត់បានបង្ហាត់បង្រៀនសិស្សជាង១២០នាក់។ បងង្វៀនវ៉ាន់ថឿងកម្មាភិបាលការិយាល័យវប្បធម៌ព័ត៌មានស្រុកហ្គក្វាវ ឱ្យដឹង៖" ពូតៀង ទទួលបានការលើកសរសើរច្រើន ពីព្រោះទទួលបានស្នាដៃក្នុងមហោស្រពប្រឡងសិល្បៈក្នុងខេត្តនិងទូទាំងប្រទេស។ ឆ្នាំ២០១៣ ពូបានទទួលគ្រឿងឥស្សរិយយស "ព្រោះបុព្វហេតុវប្បធម៌ កីឡានិងទេសចរណ៍"។ ឆ្នាំ២០១៥ ពូទទួលបានរង្វាន់ឆ្នើមក្នុងមហោស្រពចម្រៀងប្រជាប្រិយវៀតណាមលើកទី៥តំបន់ណាមបូ។ សព្វថ្ងៃ ពូបន្តបង្រៀនយុវជនជំនាន់ក្រោយ ប្រឹងប្រែងធ្វើឧបករណ៍ភ្លេងដើម្បីបម្រើក្នុងវិស័យសិល្បៈ និងជាសហការីទទួលបន្ទុកផ្នែកវប្បធម៌សិល្បៈរបស់ការិយាល័យស្រុក"។
មិនបានបណ្ដុះបណ្ដាលចេញពីសាលាគរុកោសល្យក៏ពិតមែន ប៉ុន្តែចំពោះសិល្បករយ័ញតៀង គឺជាគ្រូមួយរូបពោរពេញដោយសមត្ថភាព និងមានការប្ដេជ្ញាចិត្តខ្ពស់។ យុវជនយ័ញចឹង អាយុ១៥ឆ្នាំ នៅឌិញអាង ឱ្យដឹង៖ "ប្អូនចូលទៅវត្តដើម្បីបានរៀនភ្លេងពីលោកគ្រូតៀង ជាមួយនឹងមិត្តភក្ដិ។ លោកគ្រូគាត់បង្រៀនងាយចាំណាស់"៕
ហាថាញ់-ពេជ្រសឿន