ក្រុមសិល្បៈខ្មែរប្រាសាទគង់ នៅឃុំថាមដូង ស្រុកម៉ីស្វៀន ខេត្តសុកត្រាំង តែងបម្រើទស្សនិកជនអស់ពីចិត្ត។
ក្រុមសិល្បៈខ្មែរប្រាសាទគង់សម្ដែងនៅវត្តជ្រោយទឹមកណ្ដាល ឃុំដាយតឹម ស្រុកម៉ីស្វៀន។
ក្រុមសិល្បៈខ្មែរប្រាសាទគង់ បានបង្កើតកាលពីឆ្នាំ១៩៧៥ និងបន្តរក្សាសកម្មភាពមកដល់សព្វថ្ងៃ។ ក្រុមតែងទៅសម្ដែងបម្រើមាមីងក្នុងឱកាសបុណ្យទានរបស់ជនរួមជាតិខ្មែរ។ បងប្អូនក្នុងក្រុមគឺជាអ្នកស្រែចម្ការ លក់ដូរកំប៉ិកកំប៉ុកនិងធ្វើការឈ្នួល។ល។ បងថាច់ជេន ប្រធានក្រុមសិល្បៈខ្មែរប្រាសាទគង់ ឲ្យដឹង៖ “ខ្ញុំចាប់យកអាជីពយូរកេរនេះ ជាង២០ឆ្នាំហើយ។ ទៅសម្ដែងយូរកេរលំបាកខ្លាំងណាស់ មានការស្រឡាញ់ចូលចិត្តទើបចាប់យកអាជីពនេះបាន។ បច្ចុប្បន្ន រាល់រាត្រីក្រុមសម្ដែងបានត្រឹមតែមួយលើករីឯពីមុនមួយយប់សម្ដែងពី២-៣លើក។ ជាមួយកិច្ចសន្យាសម្ដែងរាល់លើកប្រហែល៩-១០លានដុង (ទៅតាមកន្លែងជិតឬឆ្ងាយ) ក្រុមនៅទាំងគិតគូរថវិកាដឹកជញ្ជូនឆាកឧបករណ៍ភ្លេងគិតគូរបាយទឹកពីរពេលនិងប្រាក់ខែដល់សិល្បករ-ការិនី តន្រី្តករ ចំនួន២៣នាក់។ ក្រុមរបស់យើងខ្ញុំច្រើនទៅសម្ដែងចាប់ពីខែកញ្ញាដល់ខែឧសភាឆ្នាំបន្ទាប់។ ពេលឈប់សម្ដែងសិល្បករ-ការិនីទៅធ្វើស្រែចម្ការ លក់ដូរកំប៉ិកកំប៉ុកឬទៅធ្វើការឈ្នួល”។
តាមប្រសាសន៍បងជេន ឆ្នាំនេះ ក្រុមសម្ដែងបានចំនួន៥០លើកខិតខំធ្វើយ៉ាងណាដើម្បីថ្លឹងថ្លែងចំណូលចំណាយធានាជីវភាពជូនបងប្អូន។ និយាយរួម បងប្អូនក្នុងក្រុមសុទ្ធតែមានយានជំនិះទាំងអស់ ក្រោយពីសម្ដែងចប់ បងប្អូនក៏ទៅផ្ទះឈប់សម្រាកដល់ពេលរសៀលត្រូវមានមុខដើម្បីស្អិតស្អាងនិងឡើងឆាកសម្ដែងជាបន្តទៀត ហេតុនេះ ក្រុមប្រិតសំចៃប្រាក់ចំណាយក្នុងការប្រជុំជីវភាពជាងមុនច្រើន។ បងប្អូនសំណេះសំណាលជាមួយគ្នាថា ទោះបីលំបាកយ៉ាងណាក៏ដោយ យើងត្រូវតែខិតខំរក្សាក្រុមជាបន្តពីព្រោះអាជីពជ្រាបចូលសាច់ឈាមយើងហើយ។ ចំណែកបងស្រីត្រិញធីហឿង-សិល្បការិនីជាអ្នកផ្សារភ្ជាប់ជាមួយក្រុមបាន៣៣ឆ្នាំ ឲ្យដឹង៖ “អាជីពយូរកេរនេះមិនគ្រប់ចិញ្ចឹមខ្លួនទេ។ ការងារសំខាន់របស់ខ្ញុំគឺលក់បន្លែនៅផ្សារសុកត្រាំង។ ប៉ុន្តែពេលប្រធានក្រុមត្រូវការទោះជាជាប់រវល់យ៉ាងណា ខ្ញុំក៏រៀបចំការងារដើម្បីទៅហាត់សម និងសម្ដែងជាមួយបងប្អូនដែរ។ យូរកេរជាបេតិកភណ្ឌវប្បធម៌របស់ជនរួមជាតិខ្មែរទោះបីលំបាកយ៉ាងណាក៏ត្រូវតែខិតខំ”ច្រៀង”ដើម្បីកុំឲ្យបាត់បង់ទៅ”។
បងថាច់ជេន បញ្ជាក់ ក្រុមនឹងបន្តការស្រាវជ្រាវចងក្រងលើកយកនូវរឿងល្អៗ ផ្សារភ្ជាប់ជាមួយនឹងជីវភាព ដើម្បីទាក់ទាញទស្សនិកជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង៕
រឿងផល-ទីទុយ