វត្តយីដា នៅភូមិ៦ ឃុំឡុកតឹង ស្រុកបាវឡឹម ខេត្តឡឹមដុង កំពុងទាក់ទាញភ្ញៀវទេសចរច្រើនកុះករមកធ្វើសមាធិនិងស្វែងយល់ពីព្រៃភ្នំធម្មជាតិ។
ត្រៀមរៀបចំប្រទីបសម្រាប់ថ្ងៃសម្ពោធសមិទ្ធផលរបស់វត្ត។
ប្រសិនបើផ្ដើមចេញដំណើរពីក្រុងកឹងធើ រយៈពេលប្រហែល៨ម៉ោងក្រោយនឹងទៅដល់វត្តយីដាពុំខាន។ វត្តយីដាឋិតលើកំពូលភ្នំមួយ ដោយមានផ្ទៃដីប្រមាណ១៣ហិកតា។ ក្នុងមណ្ឌលវត្តមានសំណង់ស្ថាបត្យកម្មទើបសង់ថ្មីៗ មានកុដិរតដំដូលទេរៗនៅតាមជម្រាលភ្នំ។ ជាស្នាព្រះហស្ថរបស់ព្រះចៅអធិការ ធិតដុងចូវ លំដាប់តាំងពីទើបផ្ដួចផ្ដើមកសាងរហូតដល់សម្រេចគឺរយៈពេល១០ឆ្នាំ ដើម្បីក្លាយជាវត្តមួយដែលមានក្បូរក្បាច់រចនាល្អប្រណីតនិងស្ងប់ស្ងាត់។ ប្រសិនចង់មើលព្រះអាទិត្យរះលើខ្នងភ្នំគឺមិនបាច់ទៅណាឆ្ងាយឡើយ ពីព្រោះទិដ្ឋភាពព្រះអាទិត្យរះនៅមណ្ឌលវត្តយីដាល្អពេកកូវ។ សម្លឹងឃើញដំណាំតែដុះសន្លឹមតាមជើងភ្នំ អមដោយដើមកាហ្វេចេញផ្កាសាយពិដោរ និងស្នូរកណ្តឹងខ្យល់បន្លឺតាមជំនោរខ្យល់។ល។
ក្រៅពីសោភណភាពក្នុងមណ្ឌលវត្ត នៅខាងក្រោយវត្តថែមទាំងមានដងជ្រោះមួយឈ្មោះតាមហើប ពេលរាត្រីឮសូរស័ព្ទទឹកជ្រោះហូរធ្លាក់យ៉ាងរណ្តំ។ ថ្វីបើដូច្នោះក្តី ប៉ុន្តែត្រូវធ្វើដំណើរឆ្លងកាត់ចម្ការតែ ចម្ការកាហ្វេសាយក្លិនឈ្ងុយឈ្ងប់អស់រយៈពេលជាង៣០នាទីទើបចុះទៅដល់ដងជ្រោះទី១។ លាយឡំជាមួយនឹងដើមទុរេន ដើមទឹកដោះ និងដើមឈើធំៗដែលមានលតាជាតិដុះព័ទ្ធព័ន្ធ។ ចូលដល់រដូវទុរេនទុំទីនេះគឺជាកន្លែងទាក់ទាញអារម្មណ៍សម្រាប់ភ្ញៀវទេសចរបង្អង់ដំណើរ ភ្លក់រសជាតិផ្លែទុរេន ដាំនៅតំបន់ដីក្រហមបាយ៉ាន។ ដងជ្រោះតាមហើបកើតជារូបរាងឡើងតាមរយៈប្រភពទឹកធំ៣ឋិតនៅលើកម្ពស់ប្រហែលជា៧០ម៉ែត្រហូរធ្លាក់ចុះមក។ ដងជ្រោះទី១មានល្បាក់ទឹកទាប ពុំសូវមានភាពអស្ចារ្យក៏ពិតមែន ប៉ុន្តែចូលដល់រដូវវស្សា តែងមានទឹកហូរសក្បុស។ បន្តដំណើរឆ្ពោះទៅខាងក្រោម ឆ្លងកាត់ស្រទាប់ដីស្មៅនិងស្លែ ក្នុងរយៈពេល៣០នាទីបន្ថែម ទើបចុះទៅដល់ដងជ្រោះទី២ ដោយមានល្បាក់ទឹកខ្ពស់គួរជាទីគយគន់។ ថ្ងៃដែលមានអាកាសធាតុល្អ ពួកអ្នកថតរូបច្បាស់ជាមាននិស្ស័យប្រទះឃើញឥន្ទធនូអណ្តែតលើផ្ទៃទឹកជ្រោះពុំខាន។ ប្រការគួរចាប់អារម្មណ៍គឺភ្ញៀវទេសចរមិនអាចពិនិត្យឃើញឥន្ទធនូនៅខាងលើឡើយត្រឹមតែអាចពិនិត្យឃើញឥន្ទធនូតាមរយៈរូបថតនៅលើផ្ទៃទឹកជ្រោះប៉ុណ្ណោះ។ល។ នៅខាងក្រោមជើងជ្រោះ ដោយមានបុប្ផាចម្រុះពណ៌ដុះត្រៀបត្រា បង្កចំណាប់អារម្មណ៍ដល់ភ្ញៀវទេសចរ។ ខណៈពេលវិលត្រឡប់មកកាន់វត្ត ភ្ញៀវទេសចរអាចអង្គុយមើលយុវជនក្នុងភូមិទាត់បាល់នៅលើវាលស្មៅដ៏ស្រស់ស្អាត។ ក្រឡេកទៅឆ្ងាយឃើញហ្វូងសត្វបក្សាបក្សីហិចហើរបន្តគ្នាវិលមកកាន់ទ្រនំ។ រាត្រីមកដល់ភ្ញៀវទេសចរណាចូលចិត្តភាពស្ងប់ស្ងាត់ គួរស្វែងរកសម្រាកនៅបន្ទប់ភ្ញៀវរបស់វត្តយីដា នៅទីនោះមានប៉ាន់តែប្រដាប់ឆុងកាហ្វេ កំសៀវដាំទឹកអគ្គិសនី។ល។ នៅពេលបានពិសាតែគន់មើលព្រះច័ន្ទច្បាស់ ជាយើងគេមានអារម្មណ៍ធូរស្រាលពុំខាន!៕
ហាថាញ់ - សេរី