ភ្នំអៀងតឺ គឺមណ្ឌលទេសចរណ៍ដ៏ល្បីឈ្មោះមួយរបស់ខេត្តក្វាងណិញ កំពុងទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសមកទស្សនាច្រើនកុះករ។ មកកាន់ភ្នំអៀងតឺ ភ្ញៀវទេសចរនឹងបានឃើញច្បាស់ ពីភាពស្ងប់ស្ងាត់នៃវត្តអារាម ភាពស្រស់ស្អាតនៃទឹកដី ព្រៃភ្នំ និងបានស្រូបខ្យល់អាកាសត្រជាក់បរិសុទ្ធ។
កំពូលភ្នំអៀងតឺគឺកន្លែងសម្រាប់អ្នកចូលចិត្តឡើងកំពូលភ្នំខ្ពស់។
អៀងតឺ គឺមជ្ឈមណ្ឌលពុទ្ធសាសនានៃនិកាយពុទ្ធសាសនាពិសេសរបស់វៀតណាម គឺជាវិជ្ជាស្ថានសមាធិទ្រុកឡឹម។ ភ្នំអៀងតឺកម្ពស់១.០៦៨ម៉ែត្រ បើបៀបនឹងកម្រិតទឹកសមុទ្រ ម្ល៉ោះហើយខណៈពេលមកដល់ទីនេះ ភ្ញៀវទេសចរនឹងបានគយគន់នូវភាពស្រស់ស្អាតនៃទឹកដីព្រៃភ្នំលាយឡំជាមួយនឹងលក្ខណៈបុរាណនៃវត្តអារាម ទឹកជ្រោះនិងរូបបដិមា។ ជាពិសេស នៅលើកំពូលភ្នំថែមទាំងមានវត្តដុងត្រូវបានចាត់ទុកថាជាវត្តធំមួយនិងមានកម្ពស់ខ្ពស់បំផុតនៅប្រទេសវៀតណាម។
កាលពីមុន ដើម្បីឡើងទៅកាន់វត្តដុងភ្ញៀវទេសចរត្រូវធ្វើដំណើរតាមកាំជណ្ដើររាប់ពាន់ថ្នាក់និងចំណាយពេលកន្លះថ្ងៃទើបទៅដល់វត្ត។ បច្ចុប្បន្ន ដោយមានកន្រ្តកខ្សែកាបសម្រាប់ឡើងលើកំពូលភ្នំ។ ពេលអង្គុយលើកន្រ្តកខ្សែកាប ភ្ញៀវទេសចរអាចគយគន់នូវទិដ្ឋភាពស្រស់បំព្រងនៃព្រៃភ្នំអៀងតឺ។ តាមដងផ្លូវឡើងលើកំពូលភ្នំ ភ្ញៀវទេសចរនឹងប្រទះឃើញទិដ្ឋភាពវត្ត ចេតិយ អាស្រម រូបបដិមា ដងជ្រោះ ដើមឈើធំៗ និងទេសភាពធម្មជាតិព្រៃភ្នំយ៉ាងល្អប្រណីត។ វត្តនីមួយៗសុទ្ធតែបានកសាងយ៉ាងសមរម្យ ដោយមានពុទ្ធបដិមា រូបបដិមាអាទិទេពត្រូវបានរៀបចំតម្កល់សម្រាប់គោរពបូជាយ៉ាងគាប់ប្រសើរ។
ខណៈពេលភ្ញៀវទេសចរឆ្លងទៅកន្រ្តកខ្សែកាបទី២ នឹងបានដល់វាលមេនសមេ្តចសង្ឃត្រឹងញឹងតុង ដែលជាកន្លែងតម្កល់ព្រះបដិមាសមេ្តចសង្ឃ មានទម្ងន់១៣៨តោន។ ខាងក្រោយព្រះបដិមាគឺដងផ្លូវឡើងទៅដល់ទីខ្ពស់បំផុត ពិសិដ្ឋបំផុតនោះគឺវត្តដុង។ ដើម្បីឡើងទៅកាន់វត្តដុង ភ្ញៀវទេសចរត្រូវដើរឆ្លងកាត់តាមដងផ្លូវថ្ម ក្រួសយ៉ាងលំបាក។ ទោះបីដូច្នោះក្តី ប្រការដែលគួរឲ្យរីករាយចិត្តបំផុតគឺក្នុងចំណោមភាពលំបាកទាំងនោះ គឺភ្ញៀវទេសចរបានស្រូបខ្យល់អាកាសត្រជាក់បរិសុទ្ធ ហើយមានដុំពពករសាតបាំងជុំជិត។ ពេលមកដល់វត្តដុង ភ្ញៀវទេសចរមិនគ្រាន់តែបានគយគន់នូវក្បូរក្បាច់រចនារបស់វត្តនិងអុជធូបបួងសួងសុំសេចក្ដីសុខប៉ុណ្ណោះទេ នៅទាំងបានទតឃើញនូវភាពស្រស់ស្អាតនៃជួរភ្នំតូចធំទាំងឡាយទៀតផង។
អៀងតឺ មិនត្រឹមតែជារមណីយដ្ឋានសមស្របជាមួយនឹងភ្ញៀវទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់ប៉ុណ្ណោទេ នៅទាំងសមស្របជាមួយនឹងអ្នកដែលចូលចិត្តឡើងភ្នំទៀតផង។ ប្រសិនបើភ្ញៀវទេសចរណាមិនទាន់បានស្គាល់ភ្នំអៀងតឺ លោកអ្នកអាចមកលេងបានម្តង ច្បាស់ជាទទួលបាននូវសេចក្ដីរីករាយជាពុំខាន។ល។៕
យ្វីអាញ់-សេរី