"កងទ័ពប្រជាជន" គឺជាឈ្មោះដែលលោកប្រធានហូជីមិញ ដាក់ឲ្យដោយមានអត្ថន័យ "ផ្ដើមចេញពីប្រជាជន ដើម្បីបម្រើប្រជាជន" ។ ថ្ងៃ២២ ធ្នូរៀងរាល់ឆ្នាំ មិនត្រឹមតែជាទិវាបង្កើតកងទ័ពប្រជាជនវៀតណាម ប៉ុណ្ណោះទេ គឺបានក្លាយទៅជាទិវាជួបជុំទូទាំងប្រជាជនការពារប្រទេស ។
កងទ័ពប្រជាជនវៀតណាម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរៀបរយទាន់សម័យ។
ថ្ងៃ២២ ធ្នូ ឆ្នាំ១៩៤៤ នៅកាវបាំង ក្រុមឃោសនាការរំដោះកងទ័ពវៀតណាម ត្រូវបានបង្កើតឡើង រួមមានកងសេនាតូចចំនួន៣ មានយុទ្ធជន៣៤រូប អាស្រ័យដោយសមមិត្ត វ៉ង្វៀនយ៉ាប បញ្ជាការដោយផ្ទាល់។ នេះគឺជាកម្លាំងស្នូលដំបូងបង្អស់នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ និងជាតួអង្គដំបូងរបស់កងទ័ពប្រជាជនវៀតណាម។ មានយុទ្ធជន ត្រឹមតែ៣៤រូបនិងមានកាំភ្លើងគ្រប់ប្រភេទចំនួន៣៤ដើម តែនោះគឺជាយុទ្ធជនស្មោះត្រង់ ប្ដូរផ្ដាច់ក្លាហាន ជាកូនចៅក្នុងស្រទាប់ប្រជាជន ដែលទទួលរងការជិះជាន់ ពួកគេមានឆន្ទៈស្នេហាជាតិ បានរួមគ្នាជាធ្លុងមួយយ៉ាងស្អិតល្មួត ដោយគ្មានសត្រូវណាមកបំបែកបំបាក់បានឡើយ។ ថ្ងៃ២២ ធ្នូ ឆ្នាំ១៩៤៤ ជាទិវាបង្កើតកងទ័ពប្រជាជនវៀតណាម កត់ត្រានូវការចាប់ផ្ដើមនៃអង្គភាព កងទ័ពថ្មីមួយរបស់ជនជាតិយើង។ ជាកងទ័ពរបស់ប្រជាជន អាស្រ័យប្រជាជន ដើម្បីប្រជាជនជានិច្ចកាល តែងជិតដិតជាមួយប្រជាជន រមែងបានប្រជាជនគោរពរាប់អាន ការពារនិងទំនុកបម្រុង។ ក្នុងដំណាក់កាលប្រយុទ្ធ កសាងនិងវិវឌ្ឍន៍របស់កងទ័ពប្រជាជនវៀតណាម តែងផ្សារភ្ជាប់ជាមួយនឹងប្រវត្តិតស៊ូដ៏អង់អាចក្លាហានរបស់ជនជាតិ។ ជាកងទ័ពតែងបានបក្សនិងអ៊ំហូ លត់ដំបានប្រយុទ្ធឈ្នះពួកសត្រូវឈ្លានពានកាចសាហាវ ដណ្ដើមបានឯករាជ្យ ឯកភាពទឹកដី និងការពារយ៉ាងរឹងមាំទឹកដីដ៏ពិសិដ្ឋនៃមាតុភូមិ វៀតណាមសាធារណរដ្ឋសង្គមនិយម និងអនុវត្តយ៉ាងត្រឹមត្រូវកាតព្វកិច្ចអន្តរជាតិដ៏វិសេសវិសាលចំពោះបដិវត្តន៍នៃប្រទេសទាំងពីរ គឺឡាវនិងកម្ពុជាជាបងប្អូន។
ជនរួមជាតិខ្មែរណាមបូ តែងមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ចំពោះកងទ័ពប្រជាជនវៀតណាម។ នោះគឺ មនោសញ្ចេតនាកងទ័ពប្រជាជន ផ្សារភ្ជាប់ក្នុងសម័យតស៊ូ រហូតដល់ការងារលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែសម្បូរសប្បាយ ជនរួមជាតិមានជីវភាពសុខដុមរមនា និងសុភមង្គល។ រៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃ២២ ធ្នូ ជនរួមជាតិខ្មែរណាមបូ រួមជាមួយនឹងទូទាំងប្រជាជនវៀតណាម តែងមានសកម្មភាពជាច្រើនសំដៅរឹតចំណងមនោសញ្ចេតនាកងទ័ព លើកទឹកចិត្តកម្មាភិបាល យុទ្ធជន ម្ចាស់ការលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន បញ្ចេញកម្លាំងលត់ដំ ឆន្ទៈនយោបាយនិងសមត្ថភាពកងទ័ព មិនរារែកនឹងទុក្ខលំបាក ឆ្លងកាត់ គ្រប់ឧបសគ្គដើម្បីសម្រេចល្អភារកិច្ច។
ពង្រីកប្រពៃណី៧២ឆ្នាំកន្លង កងទ័ពប្រជាជនវៀតណាម បន្តការកសាងតាមទិសដៅបដិវត្តន៍ រៀបរយ ថ្នឹកចម្បាំងជាជំហានៗ ទាន់សម័យ ចូលរួមកសាងសេដ្ឋកិច្ចជាតិ និងអនុវត្តល្អជាងទៀតតួនាទីស្នូល កសាងខឿនការពារជាតិទូទាំងប្រជាជនរឹងមាំ លើកស្ទួយជីវភាព សម្ភារៈ ស្មារតី ក្នុងស្រទាប់ប្រជាជន ពិសេសគឺប្រជាជនជាជនជាតិភាគតិចនៅតំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់ភ្នំ ភូមិភាគដែលនៅជួបការលំបាកខ្វះខាត និងមូលដ្ឋានបដិវត្តន៍។ល។ ឆ្លងតាមរយៈនោះ រួមចំណែកកសាងដោយជោគជ័យ និងការពាររឹងមាំនូវមាតុភូមិវៀតណាមសង្គមនិយម ការពារសន្តិភាព ស្ថិរភាព អភិវឌ្ឍក្នុងតំបន់និងលើពិភពលោក៕
តឹងភុក-ពេជ្រសឿន