ជាមួយនឹងតួនាទីជាអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជនជាតិខ្មែរ លោកគឹមថាយដាយ នៅភូមិគឹមហ្វា ឃុំគឹមហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ ជានិច្ចកាលផ្សព្វផ្សាយចលនាប្រជាជនអនុវត្តបានល្អនូវការចលនា របស់ភូមិភាគ។
លោកគឹមថាយដាយ។
ថ្វីត្បិតចូលនិវត្តន៍ក៏ដោយ ប៉ុន្តែជារៀងរាល់ថ្ងៃ លោកគឹមថាយដាយ តែងតែលត់ដំសីលធម៌រស់នៅត្រឹមត្រូវសាមញ្ញជាបក្ខជនគំរូមួយរូប។ លោកចលនាសមាជិកក្នុងគ្រួសារប្រតិបត្តិល្អគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ កសាងផែនការផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ចសមស្របនឹងលក្ខណៈរបស់គ្រួសារដើម្បីលើកស្ទួយជីវភាព។ពុំនោះសោតលោកនៅទាំងសហការជាមួយនឹងព្រះសង្ឃគណៈកម្មការវត្តចេកជ្រុំ ឃុំគឹមហ្វា ឃោសនា ផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋនិងសេចក្តីកំណត់ដល់ព្រះសង្ឃនិងមាមីងពុទ្ធបរិស័ទចំណុះជើងវត្តចេកជ្រុំជារឿយៗ។ លោកថែម ទាំងចលនាប្រជាជនអនុវត្តការចលនាអភិវឌ្ឍសេដ្ឋកិច្ច បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជីវភាពវប្បធម៌នៅតំបន់ប្រជាជនតាំងទីលំនៅ កសាងជនបទថ្មី ពិសេសគឺចលនាមាមីងរក្សាភាពសាមគ្គី ជួយគ្នាទៅវិញទៅមក។ លោកគឹមថាយដាយមានប្រសាសន៍៖ "គ្រួសារខ្ញុំតែងរស់នៅតាមក្រឹត្យក្រម ច្បាប់ទម្លាប់និងខ្នះខ្នែងចូលរួមកសាងជនបទថ្មី ការពារបរិស្ថានរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម។ល។ ក្រៅពីនោះ ខ្ញុំក៏ជាសមាជិកគណៈសម្របសម្រួលរបស់ភូមិគឹមហ្វា ពេលចូលរួមសម្របសម្រួល ខ្ញុំពន្យល់ឲ្យភាគីសងខាងយល់ពីមនោសញ្ចេតនាភូមិផងរបងជាមួយ។ តួយ៉ាងដូចជាករណីថ្មីៗនេះ មាន២គ្រួសារទំនាស់រឿងដីធ្លី បន្ទាប់ពីបានសម្របសម្រួល ឃើញសមហេតុសមផលភាគីសងខាងស្របគំនិតសូមដកលិខិតបណ្តឹងវិញ"។
លោកថាច់កើង ជាបក្ខជននៃសាខាបក្សភូមិគឹមហ្វា បញ្ជាក់៖ "លោកគឹមថាយដាយ តែងម្ចាស់ការចូលរួមផ្តល់មតិយោបល់ជូនសាខាបក្សនិងអង្គការមហាជននានា ក្នុងនោះ មានសាខាសមាគមកសិកររបស់យើងខ្ញុំរួមចំណែកកសាងសាខាបក្ស គណៈរណសិរ្សនិងអង្គការមហាជននានាក្នុងភូមិ ស្អាតស្អំ រឹងមាំ។ អំពីវិស័យវប្បធម៌-សង្គមលោកចលនាគ្រួសារទាំងឡាយក្នុងភូមិសាមគ្គី រក្សាមនោសញ្ចេតនាភូមិផងរបងជាមួយមិនកើតកូនទី៣ កៀរគរកុមារឋិតក្នុងអាយុចូលរៀន...។ ពិសេស ប៉ុន្មានឆ្នាំជិតៗនេះ លោកបានរួមចំណែកជាមួយនឹងក្រុមសម្របសម្រួលរបស់ភូមិ រៀបចំសម្របសម្រួលសម្រេចជាច្រើនករណី ដែលជាប់ពាក់ពន្ធដល់ករណីទំនាស់ដីធ្លីរបស់គ្រួសារប្រជាជនក្នុងភូមិធានា សមហេតុសមផល រក្សាភាពសាមគ្គីរវាងមាមីងភូមិផងរបងជាមួយកាន់តែស្អិតល្មួត"៕
ស៊ឺនម៉ាល័យ-មុនី