ច្រើនឆ្នាំកន្លង វត្តបទុមសាគរបឹងភ្នៀត នៅភូមិបឹងប៊ុយ ឃុំលីវទូ ស្រុក ត្រឹងដេ ខេត្តសុកត្រាំង បានបើកបង្រៀនអក្សរខ្មែរ បាលី និងធម្មវិន័យ រាប់រយថ្នាក់សម្រាប់ព្រះសង្ឃ និងកូនចៅជនរួមជាតិខ្មែរចូលរៀនសូត្រ រួមចំណែកក្នុងការបណ្ដុះបណ្ដាលប្រភពកម្មាភិបាលខ្មែរ នៅលើភូមិ សាស្រ្ត។
ច្រើនឆ្នាំមកនេះ វត្តបទុមសាគរបឹងភ្នៀត បានបើកថ្នាក់បាលីរង សម្រាប់ព្រះសង្ឃនិមន្តមករៀន។
ចាប់ពីឆ្នាំ១៩៧៥ មកទល់ពេលនេះ វត្តបទុមសាគរបឹងភ្នៀត បានមាមីងពុទ្ធបរិស័ទរួមវិភាគទានជួសជុល កសាងសាលា ព្រះវិហារ សមណ កុដិ។ល។ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពសមរម្យ។ បច្ចុប្បន្ន វត្តមានបន្ទប់រៀន បណ្ណាល័យសម្រាប់បម្រើការរៀនសូត្ររបស់ព្រះសង្ឃ បានសមរម្យ។ ផ្ដើមពីនោះ វត្តតែងបើកថ្នាក់បង្រៀនអក្សរខ្មែរ បាលី និង ធម្មវិន័យ សម្រាប់ព្រះសង្ឃនៅក្នុងនិងក្រៅខេត្តនិមន្តមករៀន។ លោក ត្រឹងលីវ ប្រធានគណៈកម្មការវត្តរៀបរាប់៖ "មាមីងពុទ្ធបរិស័ទចំណុះជើងវត្តបានសាមគ្គី ស្រុះស្រួលមូលមតិគ្នារួមវិភាគទានរៀបចំកន្លែង ព្រះសង្ឃគង់នៅបានស្អាតបាត ព្រះសង្ឃនិមន្តមករៀននៅវត្តគ្មានបង់ខាតលុយកាក់ទេ។ ជាពិសេស គ្រូបង្រៀនសុទ្ធសឹងជាអ្នកមានកម្រិតវិជ្ជាខ្ពស់និងមានបទពិសោធន៍ច្រើនក្នុងការបង្រៀន ហេតុនេះអត្រា សមណសិស្សប្រឡងជាប់សម្រេច១០០%"។ ក្រៅពីនោះ ដើម្បីព្រះសង្ឃនឹងនរអារម្មណ៍ក្នុងការរៀនសូត្រ វត្តបានកសាងលក្ខន្តិកៈយ៉ាងហ្មត់ចត់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ក្នុងវត្តនិងក្នុងថ្នាក់រៀន។ គណៈកម្មការវត្តតែងធ្វើការពិនិត្យជាប្រចាំ និងជម្រុញទឹកចិត្តព្រះសង្ឃឲ្យខិតខំ រៀនសូត្រដើម្បីសម្រេចបានលទ្ធផលល្អ។
យោងតាមរបាយការណ៍របស់វត្តតាំងពីឆ្នាំ២០០២ មកទល់ពេលនេះ ក្នុងកម្មវិធីប្រឡងបញ្ចប់ថ្នាក់បាលីរង-ធម្មវិន័យឯក អាស្រ័យដោយសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តរៀបចំឡើង វត្តបទុមសាគរបឹងភ្នៀត តែងមានសមណសិស្សប្រឡងជាប់លេខខ្ពស់។ ក្នុងអំឡុងពេល ៣ឆ្នាំ (២០១២ដល់២០១៥) វត្តតែងមានសមណសិស្សប្រឡងជាប់លេខ ១ ក្នុងកម្មពិធីប្រឡងបញ្ចប់ថ្នាក់បាលីរង។លោកគ្រូថាច់ខេត្ត អ្នកមានបទពិសោធន៍បង្រៀនភាសាបាលី នៅវត្តនានាក្នុងខេត្ត ដូចជាវត្តកំពង់ មានជ័យទឹកប្រៃវត្តសិរីតាម៉ឺន វត្តសិរីពោធិដើមពោធិ៍ ឲ្យដឹង៖ "ខ្ញុំជាអតី តសិស្សវត្តបទុមសាគរបឹងភ្នៀត ពេលលាចាកសិក្ខាបទមក ខ្ញុំបានចូលបង្រៀនភាសាបាលី ក្នុងវត្តចាប់ពីឆ្នាំ១៩៩២មកទល់សព្វថ្ងៃ។ ទោះបីបង្រៀនក្នុងវត្តគ្មានកម្រៃអ្វីក៏ដោយ ប៉ុន្តែខ្ញុំតែងមានមោទនភាព ពីព្រោះបានផ្ដល់នូវចំណេះដឹងរបស់ខ្លួនជូនដល់បច្ឆាជន"។ ថ្វីត្បិតមានជន្មាយុ ៧៨ឆ្នាំក៏ដោយ ប៉ុន្តែលោកគ្រូថាច់ខេត្ត នៅមានស្មារតីចងចាំបានល្អ ក្នុងការបង្រៀនភាសាបាលី ។ ការខ្នះខ្នែងរបស់លោកគ្រូ បង្កបានជាកម្លាំងចលករ ញុាំងឲ្យព្រះសង្ឃក្នុងវត្តរឹតតែខិតខំព្យាយាមរៀនសូត្រជាងទៀត។ សមណសិស្សថាច់ថាយ សិស្សសាលាវត្តបទុមសាគរបឹង ភ្នៀតនិមន្តមកពីខេត្តកៀងយ៉ាង ទើបនឹងប្រឡងបញ្ចប់ថ្នាក់បាលីរង ដោយជាប់ពិន្ទុខ្ពស់បំផុតក្នុងកម្មវិធីប្រឡងបញ្ចប់ថ្នាក់បាលីរង-ធម្មវិន័យ ឯកកន្លងហើយ ពិតឲ្យដឹង៖ "អាត្មាភាពនិមន្តមករៀនវត្តបទុមសាគរបឹងភ្នៀតបាន២ឆ្នាំ គណៈកម្មការវត្ត មាមីងពុទ្ធបរិស័ទចំណុះជើងវត្ត តែង យកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ បង្កលក្ខណសម្បត្តិងាយស្រួល ដើម្បីព្រះ សង្ឃនឹងនរអារម្មណ៍ក្នុងការរៀនសូត្រ។ លោកគ្រូគ្រប់រូបបង្ហាត់ បង្រៀនអស់ពីសមត្ថភាព មានកន្លែងខ្លះអាត្មាមិនយល់សាកសួរឡើង វិញ ក៏បានលោកគ្រូពន្យល់អស់អាថ៌"។ មធ្យមភាគក្នុងមួយឆ្នាំៗ វត្តបទុមសាគរបឹងភ្នៀត មានសមណសិស្សនិមន្ដមករៀនពី៣០-១០០អង្គ ។ តាមការគ្រោងទុកឆ្នាំសិក្សា២០១៥-២០១៦ វត្តនឹងបើកថ្នាក់រៀន២ថ្នាក់ (ថ្នាក់បាលីទី២និងបាលីទី៣) ជាមធ្យមមានសមណសិស្សចូលរៀន៣០អង្គ/ថ្នាក់៕
យ្វីអាញ់-ពេជ្រសឿន