12/05/2015 - 10:05

សមណសិស្សថាច់ថាយ ប្រឡងបាលីរងជាប់ពិន្ទុខ្ពស់បំផុត

ដោយ​មាន​ស្មារតី​ស៊ូ​ទ្រាំ​លំ​បាក​ក្នុង​ការ​សិក្សា សមណ​សិស្ស​ថាច់​ថាយ រៀន​នៅ​វត្ត​បទុម​សាគរ​បឹង​ភ្នៀត បាន​សម្រេច​កិត្តិ​នាម​ជា​សមណ​សិស្ស ពិន្ទុ​ខ្ពស់​បំផុត​ក្នុង​ការ​ប្រ​ឡង​បញ្ចប់​ថ្នាក់​បាលី​រង​-​ធម្ម​វិន័យ​ឯក អា​ស្រ័យ​ដោយ​សមា​គម​សាមគ្គី​ព្រះ​សង្ឃ​ស្នេហា​ជាតិ សហ​ការ​ជា​មួយ​នឹង​កា​រិយា​ល័យ​អប់រំ​និង​បណ្ដុះ​បណ្ដាល​ស្រុក​មី​ស្វៀង​រៀប​ចំ​ឡើង។ 

សមណ​សិស្ស​ថាច់​ថាយ ប្រ​ឡង​បាលី​រង​ជាប់​ពិន្ទុ​ខ្ពស់​បំ​ផុត។

 សមណ​សិស្ស​ថាច់​ថាយ មាន​ថេរ​ដី​កា​៖ "ដើម្បី​ត្រៀម​បម្រុង​ឲ្យ​ការ​ប្រ​ឡង​បញ្ចប់​ថ្នាក់​បាលី​រង អាត្មា​ភាព​បាន​ដាស់​តឿន​ខ្លួន​ឯង គឺ​ត្រូវ​ខិត​ខំ​ព្យា​យាម​រៀន​ឲ្យ​បាន​ល្អ ត្រៀម​បម្រុង​មេ​រៀន​ឲ្យ​ប្រាកដ​ប្រ​ជា។ នៅ​ពេល​ដឹង​ថា ប្រ​ឡង​បាន​ពិន្ទុ​ខ្ពស់ អាត្មា​ភាព​ត្រេក​អរ​រក​អ្វី​ប្រៀប​ប្រ​ដូច​គ្មាន ពិសេស​គឺពិន្ទុ​វិញ្ញាសា​ប្រែ​ធម្ម​បទ និង​វេយ្យា​ករណ៍បាលី​បាន​៨,៥​ពិន្ទុ"​។ ដោយ​បាន​ពិន្ទុ​សរុប​៥៧,៨​ក្នុង​ការ​ប្រ​ឡង​នោះ សមណ​សិស្ស​ថាច់​ថាយ បាន​ទទួល​ជោគ​ជ័យ​លើស​មណ​សិស្ស​ទាំង​៣៤​អង្គ។ លទ្ធ​ផល​នោះ គឺជា​បំ​ណង​ប្រាថ្នា​និង​ក្ដី​សង្ឃឹម​របស់​សមណ​សិស្ស​គ្រប់​អង្គ ក្នុង​រយៈ​​កាល​៣​ឆ្នាំ​និមន្ត​ទៅ​សិក្សា​នៅ​វត្ត​នា​នា​។

 ភូមិ​កំ​ណើត​របស់​សមណ​សិស្ស​ថាច់​ថាយ នៅ​ភូមិ​ថាញ់​ត្រុក ឃុំ​ថាញ់​ទ្រី ស្រុក​តឹង​ហេប ខេត្ត​កៀង​យ៉ាង​។ ឆ្នាំ​២០០៩ ថាច់​ថាយ បាន​ចូលសាង​ផ្នួស​នៅ​វត្ត​រតនា​រាម​តា​កែវ ស្រុក​តឹង​ហេប​ដើម្បី​បន្ត​ការ​សិក្សា​ខាង​ផ្លូវ​ធម៌​។ អាស្រ័យ​ដោយ​បាន​ព្រះ​ចៅ​អធិ​ការ​ផ្ដល់​កម្លាំង​ចិត្ត​ជម្រុញ​ស្មារ​តី ទើប​ក្រោយ​ពី​បួស​រៀន​ក្នុង​វត្ត​បាន​២​ព្រះ​វស្សា ព្រះ​តេជ​ព្រះ​គុណ​ថាច់​ថាយ ក៏​ប្ដេជ្ញា​និមន្ត​ទៅ​សិក្សា​ភា​សា​បាលី​នៅ​ខេត្ត​ក្រៅ​។ ព្រះ​តេជ​ព្រះ​គុណ​ថាច់​ថាយ និមន្ត​ទៅ​បន្ត​ការ​សិក្សា​នៅ​វត្ត​ព្រែក​អណ្ដើក ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង​។ ដោយ​បាន​ការ​ឧបត្ថម្ភ​របស់​ព្រះ​ចៅ​អធិ​ការ គណៈ​កម្ម​ការ​វត្ត​និង​ពុទ្ធ​បរិ​ស័ទ ព្រះ​តេជ​ព្រះ​គុណ​ថាច់​ថាយ  មាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់ និង​ស្ងប់​អា​រម្មណ៍​ក្នុង​ការ​សិក្សា​។ អា​ស្រ័យហេតុ​នោះ អស់​រយៈ​កាល​ពីរ​ឆ្នាំ​សិក្សា​នៅ​វត្ត​ព្រែក​អណ្ដើក ព្រះ​អង្គ​តែង​សម្រេច​បាន​លទ្ធ​ផល​ល្អ​ប្រ​សើរ​រាល់​ការ​ប្រ​ឡង​។ បន្ទាប់​ពី​សិក្សា​នៅ​វត្ត​ព្រែក​អណ្ដើក​២​ឆ្នាំ​មក ព្រះ​តេជ​ព្រះ​គុណ​ថាច់​ថាយ ក៏​និមន្ត​ទៅ​បន្ត​ការ​សិក្សា​នៅ​វត្ត​បទុម​សាគរ​បឹង​ភ្នៀត ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​។ ព្រះ​តេជ​ព្រះ​គុណ​ថាច់​ថាយ មាន​ថេរ​ដី​កា​៖ "ក្នុង​អំ​ឡុង​ពេល​រៀន​ក្នុង​ថ្នាក់ អាត្មា​ភាព​តែង​ព្យា​យាម​ស្ដាប់​គ្រូ​ពន្យល់ ក្រៅ​ម៉ោង​រៀន​ក៏​ស្វែង​រក​ក្បួន​ខ្នាត​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម ដើម្បី​លើក​កម្ពស់​ចំ​ណេះ​ដឹង ខាង​អក្សរ​សាស្រ្ត​កាន់​តែ​ជ្រៅ​ជ្រះ​ជាង​ទៀត"​។

 ព្រះ​តេជ​ព្រះ​គុណ​ថាច់​ថាយ ចែក​រំ​លែក​៖ "តាំង​ពី​តូច អាត្មា​ភាព​តែង​មាន​ក្ដី​ប្រាថ្នា​ទៅ​សិក្សា​នៅ​បរ​ទេស ប៉ុន្តែ​ដោយ​ជីវ​ភាព​គ្រួ​សារ ទើប​មិន​អាច​បន្ត​ការ​រៀន​សូត្រ​។ ខណៈ​បាន​ចូល​វត្ត​បួស​រៀន ទើប​អាត្មា​មាន​ឱ​កាស​អនុ​វត្ត​នូវ​ក្ដី​ប្រាថ្នា​របស់​ខ្លួន​។ អាត្មា​ភាព​នឹង​សុំ​ការ​អនុញ្ញាត​ពី​សមា​គម​សាមគ្គី​ព្រះ​សង្ឃ​ស្នេហា​ជាតិ​ខេត្ត​កៀង​យ៉ាង ឧទ្ទេស​នាម​ទៅ​បន្ត​ការ​សិក្សា​នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​។ ក្រោយ​ពី​រៀន​ចប់​ថ្នាក់​ទី​១២ អាត្មា​ភាព​នឹង​និមន្ត​ទៅ​សិក្សា​នៅ​ប្រ​ទេស​ថៃ ដើម្បី​ក្លាយ​ជា​បញ្ញ​វន្ត​មាន​ចំ​ណេះ​ដឹង​ជ្រៅ​ជ្រះ សម្រាប់​បម្រើ​ការ​ងារ​សាសនា ជន​ជាតិ ៕

យ្វីអាញ់-ពេជ្រសឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សមណ​សិស្ស​ថាច់​ថាយ