ង្វៀងធីថាញញ៉ាង ជាជនជាតិខ្មែររៀនថ្នាក់ទី១២B១១ សាលាមធ្យម សិក្សាផាងង៉ុកហៀង ខ័ណ្ឌនិញកេវ ក្រុងកឹងធើ ជានិច្ចកាលតែងខិតខំរៀនសូត្រឲ្យបានពូកែ ដើម្បីអនាគតភ្លឺស្វាងរុងរឿង។
ក្រៅពីពេលរៀន ស៊ីឈ្នួលញ៉ាងនៅទាំងឆ្លៀតថែទាំបន្លែ ដើម្បីយកទៅផ្សារលក់។
គ្រួសារញ៉ាង រស់នៅក្នុងផ្ទះទទ្រេតទទ្រោត សសរឈើ ដំបូលប្រក់ស័ង្កសី និងជញ្ញាំងបាំងដោយស័ង្កសីចាស់សងលើផ្ទៃដីប្រមាណ១៥ម៉ែត្រការ៉េ សង់លើដីរបស់ជីដូននៅមណ្ឌល៥ សង្កាត់អាងហ្វា ខ័ណ្ឌនិញកេវ។ ធារផ្ទះទាប ម្ល៉ោះហើយពេលភ្លៀងខ្យល់ ទឹកជន់លិច។ ផ្ទះលេច ស្រក់ ពេលយប់មានភ្លៀងខ្យល់ម្តងៗ ក្នុងផ្ទះគឺគ្មានកន្លែងស្ងួតដើម្បីដេកឡើយ។
ឪពុកញ៉ាង ធ្វើការឈ្នួលយួរកំបោរ រីឯម្តាយប្រកបរបរលក់ដូរបន្តិចបន្តួច។ ប៉ុន្តែចាប់ពីពេលម្តាយប្អូនវះជំងឺពកកមក សុខភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្សោយ។ ហើយថែមទាំងមានជំងឺស្បូន ខ្សោយឆ្អឹងខ្នង ធ្វើការធ្ងន់មិនបាន ។ អំរែកធ្ងន់គ្រួសារ ផ្ទុកលើស្មាឪពុកទាំងស្រុង។ ការងារមិនទៀងទាត់រកប្រាក់ចំណូលមិនគ្រប់ ដើម្បីទិញថ្នាំព្យាបាលរោគឲ្យម្តាយប្រចាំខែនិងប្រាក់រៀនសូត្ររបស់បងប្អូនញ៉ាងទៀតផង។ ឋិត ក្នុងស្ថានភាពដូច្នេះ គ្រួសារឆ្លៀតដាំដំណាំរួមផ្សំលើដីមុខផ្ទះនិងដាក់លូ ។ រាល់ពេលយប់ ឪពុកញ៉ាងទៅរត់ម៉ូតូឌុបរកប្រាក់ចំណូលបន្ថែម។ បងស្រីយ័ញធីលៀង ម្តាយរបស់ញ៉ាង ឲ្យដឹងៈ "ប្តីប្រពន្ធខ្ញុំយល់ឃើញថា ទោះបីនឿយលំបាកយ៉ាងណាក៏ដោយ ក៏ត្រូវតែគិតគូរឲ្យកូនៗរៀនសូត្របានចប់ចុងចប់ដើម ដើម្បីពួកគេចាកផុតពីភាពក្រលំបាក មិនដូចប្តីប្រពន្ធខ្ញុំសព្វថ្ងៃ"។
គ្រួសារក្រីក្រ ម្ល៉ោះហើយញ៉ាង មានសម្លៀកបំពាក់ឯកសណ្ឋានសិស្ស ត្រឹមតែមួយកំភ្លេដែលហើរពណ៌ ពីព្រោះបោកទឹកអណ្តូងយូរថ្ងៃ និងប៉ះជាច្រើនបំណាស់។ ដោយដឹងពីស្ថានភាពគ្រួសារញ៉ាង ឆ្នាំសិក្សាថ្នាក់ទី១១ សាលាបានជូនអាវផាយប្អូនមួយកំភ្លេ។ មិត្តភក្តិក៏បានរួមវិភាគទាន ទឹកប្រាក់ទិញសម្លៀកបំពាក់ឯកសណ្ឋានសិស្សជូនប្អូនផងដែរ។ ដោយរៀនក្រោយបងប្រុស២ថ្នាក់ ម្ល៉ោះហើយញ៉ាងយកសៀវភៅចាស់របស់បងប្រុសរៀនបន្ត។ ក្រលំបាក ខ្វះខាតគ្រប់សព្វ ប៉ុន្តែញ៉ាងជានិច្ចកាល តែងខិតខំរៀនសូត្របានពូកែ ដើម្បីមិនធ្វើឲ្យខកបំណងឪពុកម្តាយ។ អស់រយៈកាល១0ឆ្នាំបន្តបន្ទាប់ ញ៉ាងតែងរក្សាស្នាដៃរៀនពូកែ និងស្វា ហាប់ក្នុងការចូលរួមបណ្តាការចលនាកីឡាការិនីសិស្សសាលា។ ញ៉ាង រៀបរាប់ៈ" នាងខ្ញុំចូលចិត្តរៀនវិញ្ញាសាគណិតសាស្រ្ត និងវិញ្ញាសាគីមីសាស្រ្ត នាងខ្ញុំមានគោលបំណងនិងប្រឡងចូលផ្នែកគរុកោសល្យ មតេ្តយ្យ ពីព្រោះនាងខ្ញុំចូលចិត្តកុមារខ្លាំងណាស់។ អ្នកគ្រូមាយធីថ្វីក្វៀង គ្រូបង្រៀនអចិន្រ្តៃយ៍ថ្នាក់ទី១២B១១ សាលាមធ្យមសិក្សាផាងង៉ុកហៀង ឲ្យដឹងៈ "ញ៉ាងជានិច្ចកាលតែងជម្នះការលំបាក រៀនពូកែនិងស្វាហាប់ក្នុងរាល់សកម្មភាព និងរាល់ការចលនាដែលសាលាឬក៏ថ្នាក់រៀបចំឡើង។ ញ៉ាងរស់នៅមានសុទិដ្ឋិនិយម ចុះសម្រុងជាមួយមិត្តភក្តិគោរពគួរសមចំពោះលោកគ្រូអ្នកគ្រូ"។
ក្រៅពីបានរៀនពូកែ ញ៉ាងនៅទាំងជាកូនស្រីគោរពដឹងគុណឪពុកម្តាយ។ ញ៉ាងតែងតែនៅជិតដិត ថែទាំថ្នាំសង្កូវម្តាយ។ ពេលមកពីរៀន ញ៉ាងធ្វើការងារផ្ទះដល់ម៉ោង២២ទើបរៀនមេរៀន។ ឮទីណាគេប្រាប់ថ្នាំ ស្រុកព្យាបាលជំងឺម្តាយញ៉ាងប្រញាប់ទៅរកដល់កន្លែង។ជួនកាលញ៉ាងជិះគង់ទៅដល់ខ័ណ្ឌប៊ិញធ្វី ស្វែងរកដើមឱសថមកដាំទឹកឲ្យម្តាយផឹក។ ចាប់ពីពេលម្តាយមានជំងឺ ការលក់ដូរបន្តិចបន្តួចក្នុងផ្ទះ ក៏បានញ៉ាងជំ នួសនិងកាត់បន្លែយកទៅលក់ឯផ្សាររាល់ថ្ងៃ។ មិនត្រឹមតែដូច្នេះ ពេលនៅទំនេរ ញ៉ាងទៅតាមឪពុកជួយលីថ្មអូសរទេះដឹកអីវ៉ាន់ឈ្នួល។
នឿយហត់ក៍ពិតមែន ប៉ុន្តែញ៉ាងនៅតែមានសុទិដ្ឋិនិយម ជឿជាក់ក្នុងអនាគតជានិច្ចកាលតែងខិតខំរៀនសូត្រឲ្យបានពូកែ ដើម្បីអនាគតមានការងារធ្វើលំនឹងតបគុណឪពុកម្តាយ៕
ភឿងយ៉ុង-សឺនម៉ាល័យ