ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥៤ ឋិតនៅភូមិស្លែង ឃុំតឹបស៊ើង ខេត្តវិញឡុង។ វត្តស្លែងចាស់មិនត្រឹមជាវត្តខ្មែរមួយក្នុងចំណោមវត្តខ្មែរបុរាណក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្តទៀតផង។ ជាមួយនឹងប្រវត្តិសាស្ត្រជាង ៣៧០ ឆ្នាំ ដែលស្ថាបត្យកម្មប្រកបដោយលក្ខណៈពិសេស វត្តគឺជាកន្លែងរក្សាទុកនូវតម្លៃវប្បធម៌ប្រពៃណីជាច្រើនរបស់ជនរួមជាតិខ្មែរនៅតំបន់ណាមបូ។

ខ្លោងទ្វារវត្តស្លែងចាស់។
វត្តបានកសាងឡើងតាំងពីឆ្នាំ ១៦៥០ លើផ្ទៃដីប្រមាណ ៣,៥ ហិកតា វត្តស្លែងចាស់មានបរិវេណធំទូលាយ ស្រស់ស្រាយ ជាមួយនឹងដើមឈើធំៗជាច្រើនដែលផ្តល់ម្លប់ត្រជាក់ត្រជំទាំងប្រាំងនិងវស្សា។ ក្នុងបរិវេណវត្ត សំណង់ស្ថាបត្យកម្មនីមួយៗត្រូវបានសាងសង់យ៉ាងផ្ចិតផ្ចង់ មានតុល្យភាពរវាងលក្ខណៈប្រពៃណី និងសិល្បៈចម្លាក់ដ៏ពិសេសរបស់ជនជាតិខ្មែរ។ ចំណុចលេចធ្លោបំផុតនៃវត្តនេះគឺព្រះវិហារថ្មី បានសាងសង់មានស្ថាបត្យកម្ម រចនាប័ទ្មផ្សេងដោយឡែក មានភាពខុសប្លែកពីវត្តខ្មែរជាច្រើននៅវាលរាបទន្លេគឺវឡុង។ សំណង់នេះបង្កបានការចាប់អារម្មណ៍តាមរយៈក្បូរក្បាច់រចនាយ៉ាងល្អិតល្អន់ ប្រព័ន្ធរូបចម្លាក់តុបតែងត្រូវបានឆ្លាក់យ៉ាងផ្ចិតផ្ចង់ រួមជាមួយការរួមបញ្ចូលគ្នាយ៉ាងចុះសម្រុងរវាងស្ថាបត្យកម្មបុរាណ និងទំនើប។
ចាប់តាំងពីខ្លោងទ្វារចូលមក ភ្ញៀវទេសចរបានទាក់ទាញដោយរូបសំណាកដំរីធំៗដែលបានកសាងនៅខាងមុខព្រះវិហារ។ រូបចម្លាក់ផូរផង់ រូបសំណាកទេវតា និងក្បូរក្បាច់តុបតែងដែលមានចារឹកជាប់នូវវប្បធម៌ខ្មែរ បានបង្កទៅជាសម្រស់ដ៏អស្ចារ្យ និងប្លែកភ្នែកសម្រាប់សំណង់ទាំងមូល។ នៅក្រោមពន្លឺថ្ងៃ ដំបូលប្រក់ក្បឿងពណ៌ក្រហមដ៏លេចធ្លោរវាងពណ៌ប្រផេះប្រាក់នៃផ្នែកស្ថាបត្យកម្មនានា កាន់តែលើកកម្ពស់ភាពត្រចះត្រចង់នៃវត្ត។


ទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍នៃព្រះវិហារវត្តស្លែងចាស់។
ដោយសារស្ថាបត្យកម្មដ៏ពិសេស វត្តស្លែងចាស់កាន់តែទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា កម្សាន្ត និងស្វែងយល់ពីវប្បធម៌ខ្មែរ។ មិនត្រឹមតែប្រជាជនក្នុងខេត្តប៉ុណ្ណោះទេ ភ្ញៀវទេសចរជាច្រើនមកពីទីក្រុងហូជីមិញ និងតំបន់ដទៃទៀត ក៏បានមកទីនេះដើម្បីលម្ហែកាយក្នុងបរិយាកាសវប្បធម៌ និងជំនឿសាសនាដ៏ពិសេសនៃតំបន់ដីណាមបូផងដែរ។
បង ថាច់ យឿង ប្រជាជនភូមិស្រុក ឱ្យដឹង៖ កាលពីមុនមិនសូវមានភ្ញៀវមកទស្សនាវត្តប៉ុន្មានទេ ភាគច្រើនមានតែពុទ្ធបរិស័ទចូលមកក្នុងឱកាសបុណ្យទានប៉ុណ្ណោះ។ ប៉ុន្តែ ចាប់តាំងពីព្រះវិហារថ្មីត្រូវបានសាងសង់រួចរាល់ ចំនួនភ្ញៀវទេសចរបានកើនឡើងគួរឱ្យកត់សម្គាល់។ ពិសេសនៅថ្ងៃចុងសប្តាហ៍ មានក្រុមភ្ញៀវទេសចរ យុវជន និងគូស្នេហ៍ជាច្រើនមកទស្សនា និងថតរូបអនុស្សាវរីយ៍។ មានកូនកំលោះកូនក្រមុំជាច្រើនបានជ្រើសរើសទីនេះជាទីតាំងថតរូបអាពាហ៍ពិពាហ៍ ដោយសារតែស្ថាបត្យកម្មដ៏ស្រស់ស្អាត និងបរិយាកាសស្ងប់ស្ងាត់។
.jpg)
ភ្ញៀវទេសចរមកទស្សនា និងថតរូបភាពដ៏ស្រស់ស្អាតនៅវត្តស្លែងចាស់។
មិនត្រឹមតែជាកន្លែងសកម្មភាពជំនឿសាសនារបស់ជនរួមជាតិខ្មែរនោះទេ វត្តស្លែងចាស់ថែមទាំងរួមចំណែកផ្សព្វផ្សាយរូបភាពវប្បធម៌ក្នុងតំបន់ទៅកាន់ភ្ញៀវទេសចរផងដែរ។ ការរួមបញ្ចូលគ្នារវាងតម្លៃប្រវត្តិសាស្ត្រ សិល្បៈស្ថាបត្យកម្ម និងទេសភាពធម្មជាតិ បានបង្កើតភាពទាក់ទាញផ្សេងដោយឡែកសម្រាប់វត្ត។
ក្នុងបរិបទដែលវិស័យទេសចរណ៍វប្បធម៌ និងជំនឿសាសនាត្រូវបានគេយកចិត្តទុកដាក់កាន់តែខ្លាំង វត្តស្លែងចាស់ត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ដ៏មានសក្តានុភាពមួយរបស់ខេត្តវិញឡុង។ ការអភិរក្ស ពង្រីកតម្លៃបេតិកភណ្ឌ និងបង្កើនការផ្សព្វផ្សាយ នឹងរួមចំណែកនាំឱ្យវត្តក្លាយជាចំណុចលេចធ្លោមួយតាមផ្លូវធ្វើដំណើរស្វែងយល់ពីវប្បធម៌ខ្មែរនៅវាលរាបទន្លេគឺវឡុង។
ទីទុយ - លីសៀ