(អ.ឡ) - នេះគឺជាចង្អុលការរបស់លោក ដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្សអនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ក្នុងសន្និសីទតាមប្រព័ន្ធអនឡាញស្តីពីយុទ្ធនាការ “៦០ថ្ងៃយប់ ណែនាំប្រជាជនដំឡើង ដំណើរការនិងបញ្ចូលព័ត៌មាន ទិន្នន័យទៅក្នុងគណនី VNeID កម្រិត ២” ចាត់តាំងឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើនាព្រឹកថ្ងៃទី ១៨ ខែមិថុនា។

លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ថ្លែងចង្អុលការក្នុងអង្គសន្និសីទ។
លោកដុងវ៉ាំងថាញ សំណូមពរឱ្យថ្នាក់ដឹកនាំនៃមន្ទីរ គណៈ ផ្នែកនានារបស់ទីក្រុង និងរដ្ឋបាលឃុំ សង្កាត់ បន្តលើកកម្ពស់តួនាទីដឹកនាំ ចង្អុលការនិងគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាព ធ្វើការត្រួតពិនិត្យ ក្រើនរំលឹក និងតាមដានល្បឿនដំណើរការ; ធ្វើការបែងចែក ប្រគល់ភារកិច្ចត្រូវមានលទ្ធផល និងទិន្នន័យជាក់លាក់ប្រចាំថ្ងៃសម្រាប់ក្រុមការងារនីមួយៗ និងបុគ្គលម្នាក់ៗ។ ទន្ទឹមនឹងនេះ ត្រូវបន្តជំរុញការងារផ្សព្វផ្សាយនិងចលនា ដើម្បីកម្មាភិបាល បក្ខជន សម្ព័ន្ធយុវជន សមាជិកសមាគមនិងប្រជាជន យល់ដឹងគ្រប់ជ្រុងជ្រោយអំពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្លាស់ប្ដូរឌីជីថលនិយាយរួម និងការផ្សព្វផ្សាយអនុវត្តគម្រោង ០៦ និយាយដោយឡែក។ កម្លាំងនគរបាលនិងក្រុមការងារពាក់ព័ន្ធ ត្រូវសហការគ្នាដោះស្រាយរាល់ការលំបាក ដើម្បីសម្រេចបានជោគជ័យនូវទិសដៅដែលបានកំណត់ក្នុងយុទ្ធនាការ “៦០ថ្ងៃយប់ ណែនាំប្រជាជនដំឡើងដំណើរការ និងបញ្ចូលព័ត៌មាន ទិន្នន័យទៅក្នុងគណនី VNeID កម្រិត ២”។ ទន្ទឹមនឹងនោះ ត្រូវសហការជាមួយភូមិភាគក្នុងការត្រួតពិនិត្យ ដើម្បីមានដំណោះស្រាយជួយដល់មុខសញ្ញាមួយចំនួនក្នុងការទិញទូរស័ព្ទឆ្លាតវៃ សំដៅរួមចំណែកអនុវត្តល្អយុទ្ធនាការនេះ ដោយធានាថា គ្មានប្រជាជនណាម្នាក់ទុកចោលនៅពីក្រោយក្នុងដំណើរការផ្លាស់ប្ដូរឌីជីថល...។

ថ្នាក់ដឹកនាំទីក្រុងអញ្ជើញជាអធិបតីក្នុងអង្គសន្និសីទ។

លោកង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ថ្លែងការណ៍ក្នុងសន្និសីទ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនទីក្រុង បន្ទាប់ពីគណៈកម្មាធិការប្រជាជនទីក្រុង ដាក់ចេញផែនការអនុវត្តយុទ្ធនាការ “៦០ថ្ងៃយប់ ណែនាំប្រជាជនដំឡើងដំណើរការនិងបញ្ចូលព័ត៌មាន ទិន្នន័យទៅក្នុងគណនី VNeID កម្រិត ២” នគរបាលឃុំ សង្កាត់នានា ប្រញឹកធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនស្មើអង្គភាព ដាក់ចេញផែនការ បង្កើតក្រុមការងារនិងចាត់តាំងអនុវត្តនៅលើភូមិឋាន។ នគរបាលទីក្រុង បានចាត់តាំងសន្និសីទវាយតម្លៃល្បឿនការងារ ការដាក់ចេញភារកិច្ចនិងដំណោះស្រាយសំខាន់ៗ ដើម្បីពន្លឿនល្បឿនអនុវត្តការងារ; ចេញលិខិតណែនាំស្តីពីពន្លឿនការផ្តល់អត្តសញ្ញាណប័ណ្ណនិងអត្តសញ្ញាណអេឡិចត្រូនិក កម្រិត ២; ចង្អុលការម៉ឺងម៉ាត់ ជិតដិត ដោយតម្រូវឱ្យអង្គភាពនានាផ្តោតការអនុវត្តដំណោះស្រាយព្រមៗគ្នា ដើម្បីធានាឱ្យយុទ្ធនាការនេះសម្រេចប្រសិទ្ធភាពខ្ពស់។

ថ្នាក់ដឹកនាំធនាគារជាតិសាខាមណ្ឌល១៤ ថ្លែងការណ៍ក្នុងសន្និសីទ។
រហូតមកដល់ពេលនេះ ទូទាំងទីក្រុងបានផ្តល់គណនីអត្តសញ្ញាណអេឡិចត្រូនិកកម្រិត ២ ជាង ២,៧៣ លានគណនី (សម្រេចអត្រាជាង ៨៣,៥% នៃចំនួនប្រជាជនដែលគ្រប់លក្ខខណ្ឌ អាយុចាប់ពី១៤ ឆ្នាំឡើងទៅ); បានទទួលទិន្នន័យសម្រាប់បង្កើតគណនីអត្តសញ្ញាណអេឡិចត្រូនិក កម្រិត ២ ចំនួន ២៦៨.១៩០/៤៦០.១៧៦ ករណី អាយុចាប់ពី ៦ ឆ្នាំដល់ក្រោម ១៤ ឆ្នាំ សម្រេចអត្រា ១៨,៤៨% និងដំឡើងដំណើរការចំនួន ២៦៨.១៩០ គណនី ដែលគ្រប់លក្ខខណ្ឌ; បញ្ចូលគណនីសុខុមាលភាពសង្គម បាន ៥០៥.២៥៣ ករណី; និងបានជួយបញ្ចូលព័ត៌មានធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាលជាង១ លានករណី (សម្រេចអត្រា ៣៤,៩២%)...។

ថ្នាក់ដឹកនាំមន្ទីរយុត្តិធម៌ទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងសន្និសីទ។
ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តយុទ្ធនាការនេះនៅជួបការលំបាកមួយចំនួន ដូចជាការធ្វើដំណើររបស់ប្រជាជនទៅកាន់ទីតាំងផ្តល់អត្តសញ្ញាណប័ណ្ណនៅមានការលំបាកជាច្រើន ពិសេស ចំពោះអ្នកវ័យចាស់ និងកម្មករនិយោជិតដែលធ្វើការតាមវេន; ម៉ាស៊ីននិងឧបករណ៍មួយចំនួនដែលប្រើសម្រាប់ប្រមូលទិន្នន័យភាគច្រើនគឺចាស់ ធ្វើឱ្យល្បឿនដំណើរការទិន្នន័យយឺតយ៉ាវ ប៉ះពាល់ដល់ល្បឿនអនុវត្តការងារ; លើសពីនេះ ចំណេះដឹងនិងជំនាញបច្ចេកវិទ្យារបស់ប្រជាជនមួយចំនួននៅមានកម្រិត; ប្រជាជនខ្លះ ជាពិសេសអ្នកវ័យចាស់ មិនទាន់ស្ទាត់ប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ ការប្រតិបត្តិលើកម្មវិធី VNeID នៅមានការទើសទាល់៕
អាញយុង - ពេជ្រសឿន