នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦ វត្តកញ្ចោងកំពង់លាវ ស្ថិតនៅឃុំទីវកឹង ខេត្តវិញឡុង បានចាត់តាំងពិធីបើកការដ្ឋានសាងសង់ព្រះវិហារថ្មីយ៉ាងអធិកអធម។ អញ្ជើញចូលរួមក្នុងពិធីនេះ មានតំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំភូមិភាគ ព្រះឧបជ្ឈាយ៍ ព្រះសង្ឃ សប្បុរសជននិងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
តាមថេរដីកាព្រះចៅអធិការវត្ត ថាច់ស្វៀង វត្តកញ្ចោងកំពង់លាវបានកសាងឡើងតាំងពីឆ្នាំ ១៥៥៦ បច្ចុប្បន្នជាកន្លែងសិក្សារៀនសូត្រធម៌វិន័យ និងគង់នៅរបស់ព្រះសង្ឃជាង ៦០ អង្គ ព្រមទាំងជាទីកន្លែងប្រតិបត្តិសាសនានិងជំនឿរបស់ប្រជាពុទ្ធបរិស័ទជាង ១.០០០ គ្រួសារ។ ដោយសារព្រះវិហារចាស់បានសាងសង់ឡើងជាង ១០០ ឆ្នាំមកហើយ ដូច្នេះមានភាពទ្រុឌទ្រោមយ៉ាងខ្លាំង មិនអាចធានាសុវត្ថិភាពបានទៀត វត្តបានផ្អាកធ្វើពិធីផ្សេងៗនៅទីនេះអស់រយៈពេលជាងពីរឆ្នាំកន្លងមក។


អ្នកតំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និងតំណាងថ្នាក់ដឹកនាំមូលដ្ឋាន បានធ្វើពិធីបើកការដ្ឋានសាងសង់ព្រះវិហារថ្មី។
សំណង់ព្រះវិហារថ្មីត្រូវបានសាងសង់លើផ្ទៃដីទំហំ ៤២០,៥ ម៉ែត្រការ៉េ ដោយប្រើប្រាស់សសរឈើ ដំបូលក្រប់ក្បឿងនិងតាមលំនាំរចនាបថស្ថាបត្យកម្មវប្បធម៌ប្រពៃណីខ្មែរណាមបូ។ គម្រោងនេះមានថវិកាប៉ាន់ស្មានប្រមាណ ១៨ ពាន់លានដុង អាស្រ័យដោយការរួមវិភាគទានរបស់ពុទ្ធបរិស័ទជិតឆ្ងាយនិងសប្បុរសជន គ្រោងចំណាយពេលសាងសង់ប្រហែល ៨ ឆ្នាំ។ បន្ទាប់ពីសាងសង់រួចរាល់ ព្រះវិហារនឹងឆ្លើយតបតម្រូវការប្រតិបត្តិសាសនារបស់ពុទ្ធបរិស័ទ និងធ្វើសង្ឃកម្មផ្សេងៗរបស់ព្រះសង្ឃ ព្រមទាំងរួមចំណែកអភិរក្សនិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ។
មានប្រសាសន៍ក្នុងពិធីនេះ លោកង្វៀងវ៉ាំងតាម លេខាគណៈកម្មាធិការបក្សឃុំទីវកឹង បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់វត្តកញ្ចោងកំពង់លាវ ក្នុងការងារសុខុមាលភាពសង្គម ការកសាងផែនមហាសាមគ្គីជនជាតិនិងការថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ។ ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិត ចន្ទសិរី ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តវិញឡុង បានកោតសរសើរចំពោះការចូលរួមគាំទ្ររបស់សប្បុរសជននិងពុទ្ធបរិស័ទជិតឆ្ងាយ ព្រមទាំងអំពាវនាវឱ្យបន្តជួយឧបត្ថម្ភ ដើម្បីឱ្យគម្រោងនេះអាចបញ្ចប់តាមផែនការដែលបានកំណត់។
បន្ទាប់ពីពិធី គម្រោងសាងសង់ព្រះវិហារថ្មីត្រូវបានបើកការដ្ឋានជាផ្លូវការ ដែលជាសញ្ញានៃការចាប់ផ្តើមដ៏សំខាន់ក្នុងការកសាងសំណង់សាសនាមួយប្រកបដោយអត្តសញ្ញាណវប្បធម៌ខ្មែរ រួមចំណែកលើកស្ទួយជីវភាពវប្បធម៌និងស្មារតីរបស់ប្រជាជននៅភូមិភាគ៕
អត្ថបទ, រូបថត៖ ពេជ្រសឿន