13/04/2026 - 05:36

ចំ​ណុច​លេច​ធ្លោ​នៃ​គោល​នយោ​បាយ និង​កម្លាំង​ជំ​រុញ​ក្នុង​ជន​ជាតិ​ភាគ​តិច 

ជា​មួយ​នឹង​ចំ​នួន​ប្រ​ជា​ជន​ជាង ៣,៨៥ លាន​នាក់ ទី​ក្រុង​កឹង​ធើ គឺ​ជា​កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​យ៉ាង​ច្រើន​កុះ​ករ គឺ​មាន​ចំ​នួន ៥៤៣​.២៦៦ នាក់ ស្មើ​នឹង ១៤,១១% នៃ​ចំ​នួន​ប្រ​ជា​ជន​សរុប​ក្នុង​ទី​ក្រុង។ អា​ស្រ័យ​ការ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​បណ្តា​គោល​នយោ​បាយ​ជន​ជាតិ និង​កម្ម​វិធី​ទិស​ដៅ​ជាតិ ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ជន​ជាតិ​ភាគ​តិច​កាន់​តែ​បាន​លើក​កម្ពស់ ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​បាន​ពង្រឹង​ជា​បន្ត​បន្ទាប់។ ជុំ​វិញ​លទ្ធ​ផល​លេច​ធ្លោ​ក្នុង​ឆ្នាំ ២០២៥ ក៏​ដូច​ជា​ទិស​ដៅ ភារ​កិច្ច​សំ​ខាន់ៗ​នា​ពេល​ខាង​មុខ អ្នក​យក​ព័ត៌​មាន​បាន​មាន​កិច្ច​សម្ភាសន៍​ជា​មួយ​លោក ឡឹម​ហ្វាង​ម៉ូវ ប្រ​ធាន​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ទី​ក្រុង​កឹង​ធើ។

លោក​ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ទី​ក្រុង​កឹង​ធើ។

ជម្រាប​សួរ​លោក ក្នុង​ឆ្នាំ ២០២៥ ការ​ងារ​ជន​ជាតិ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ ទទួល​បាន​លទ្ធ​ផល​លេច​ធ្លោ​អ្វី​ខ្លះ? ជា​ពិ​សេស​ក្នុង​ការ​ធ្វើ​សេនា​ធិ​ការ អនុ​វត្ត​គោល​នយោ​បាយ និង​លើក​កម្ពស់​ជីវ​ភាព​ជន​ជាតិ​ភាគ​តិច?

ក្នុង​ឆ្នាំ ២០២៥ មន្ទីរ​ជន​ជាតិ​និង​សាស​នា​បាន​ម្ចាស់​ការ​ធ្វើ​សេនា​ធិ​ការ​ដាក់​ចេញ និង​ចាត់​តាំង​អនុ​វត្ត​បណ្តា​ផែន​ការ​ការ​ងារ; បង្កើន​ការ​ណែ​នាំ ត្រួត​ពិ​និត្យ​នៅ​តាម​ភូមិ​ភាគ និង​ជំ​រុញ​កិច្ច​សហ​ការ​ជា​មួយ​បណ្តា​មន្ទីរ ផ្នែក រណ​សិរ្ស​មាតុ​ភូមិ និង​អង្គ​ការ​មហា​ជន តាម​រយៈ​នោះ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​រដ្ឋ​ក្នុង​វិស័យ​ជន​ជាតិ និង​សាស​នា។ បណ្តា​កម្ម​វិធី​គោល​នយោ​បាយ​សម្រាប់​ជន​ជាតិ​ភាគ​តិច​បាន អនុវត្ត​ទាន់​ពេល​វេលា ចំ​មុខ​សញ្ញា និង​ត្រឹម​ត្រូវ​តាម​បទ​បញ្ញត្តិ។

រាល់​ដំ​ណោះ​ស្រាយ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម តំ​បន់​ជន​ជាតិ​ភាគ​តិច បាន​ផ្គួប​បញ្ចូល​មាន​ប្រ​សិទ្ធ​ភាព​ជា​មួយ​នឹង​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បន្ថយ​ភាព​ក្រី​ក្រ​ចីរ​ភាព លើក​កម្ពស់​គុណ​ភាព​អប់រំ ថែ​ទាំ​សុខ​ភាព កែ​លម្អ​ផ្ទះ​សម្បែង​ទឹក​ស្អាត និង​អនា​ម័យ​បរិ​ស្ថាន។ អា​ស្រ័យ​ហេតុ​នេះ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​បាន​លើក​កម្ពស់​ជា​លំ​ដាប់ អត្រា​គ្រួ​សារ​ក្រី​ក្រ​បន្ត​ថយ​ចុះ។

ទន្ទឹម​នឹង​នោះ ធ្វើ​សេនា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​អភិ​រក្ស និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​ប្រ​សើរ​របស់​បណ្តា​ជន​ជាតិ​ដូច​ជា៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី សែន​ដូន​តា បុណ្យ​អក​អំ​បុក ប្រ​ណាំង​ទូក-ង...ផ្សារ​ភ្ជាប់​ការ​អភិ​រក្ស​វប្ប​ធម៌​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍ សេវា​កម្ម រួម​ចំ​ណែក​ថែ​រក្សា​នូវ​អត្ត​សញ្ញាណ​វប្ប​ធម៌ និង​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​ប្រ​កប​ដោយ​ចីរ​ភាព​ជូន​ប្រ​ជា​ជន។

ការ​ងារ​ក្តាប់​ស្ថាន​ភាព តាម​ដាន​ការ​វិវត្ត​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច បាន​អនុ​វត្ត​ជា​ប្រ​ចាំ។ រាល់​បញ្ហា​ដែល​កើត​ឡើង​ត្រូវ​បាន​រក​ឃើញ​ទាន់​ពេល និង​ធ្វើ​សេនា​ធិការ​ដោះ​ស្រាយ​បាន​ឆាប់​រហ័ស ត្រឹម​ត្រូវ​តាម​បទ​បញ្ញត្តិ មិន​ទុក​ឱ្យ​កើត​មាន “ចំ​ណុច​ក្តៅ” ឬ​ភាព​ស្មុគ​ស្មាញ​ឡើយ។

ការ​អនុវត្ត​បណ្តា​គោល​នយោ​បាយ និង​កម្ម​វិធី​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច ជា​ពិ​សេស​គឺ បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ តើ​បាន​នាំ​មក​នូវ​ការ​វិវឌ្ឍន៍​ជាក់​ស្តែង​យ៉ាង​ដូច​ម្តេច​ចំ​ពោះ​ជីវ​ភាព​ប្រ​ជា​ជន?

រយៈ​ពេល​កន្លង បណ្តា​គោល​នយោ​បាយ កម្ម​វិធី​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​បាន​អនុ​វត្ត​ក្រោម​កិច្ច​ចង្អុល​ការ​យ៉ាង​ជិត​ដិត​របស់​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ការ​បញ្ជា​យ៉ាង​ប្តូរ​ផ្តាច់​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង និង​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​គ្រប់​ថ្នាក់ ផ្នែក និង​ភូមិ​ភាគ ធា​នា​សម្រេច​បាន​តាម​ទិស​ដៅ និង​ល្បឿន​ដំ​ណើរ​ការ​ដាក់​ចេញ។

ជា​ពិ​សេស​គឺ​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ ដំ​ណាក់​កាល ២០២១​- ២០២៥ លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​បណ្តា​គម្រោង​បាន​ផ្តល់​ការ​ឧបត្ថម្ភ​ដី​សាង​សង់​ផ្ទះ​ជូន ៣០៦ គ្រួ​សារ ឧបត្ថម្ភ​សង់ ផ្ទះ​ជូន ៣.៣៣៤ គ្រួ​សារ ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរ​ជូន ៥.៨០២ គ្រួ​សារ ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន ៣.២១៦ គ្រួ​សារ និង​កសាង​សំ​ណង់ ផ្គត់​ផ្គង់​ទឹក​ប្រ​មូល​ផ្តុំ​ចំ​នួន ០៤ កន្លែង។ អនុ​វត្ត​បាន ១៣០ ទម្រង់​និង​គម្រោង​ឧបត្ថម្ភ​អភិ​វឌ្ឍ​ការ​ផលិត ធ្វើ​ឱ្យ​សម្បូរ​បែប​មុខ​របរ​ចិញ្ចឹម​ជី​វិត​ក្នុង​សហ​គមន៍។ អនុ​វត្ត​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចំ​នួន ២១៨ សំ​ណង់ វិនិ​យោគ​កសាង​ថ្មី​ចំ​នួន ០៦ សំ​ណង់​និង​បង្កើន​កម្រិត​កែ​លម្អ បណ្តាញ​ផ្សារ​ចំ​នួន ០៩ កន្លែង។ ថែ​រក្សា​និង​ជួស​ជុល​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចំ​នួន ២២៤ កន្លែង។ កសាង​បន្ថែម និង​លើក​កម្ពស់​មូល​ដ្ឋាន សម្ភារៈ ឧប​ករណ៍ បរិក្ខារ​បង្រៀន​សម្រាប់​សា​លា វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ចំ​នួន ១០។ បើក​ថ្នាក់​បង្រៀន​វិជ្ជា​ជីវៈ​ក្រោម ០៣ ខែ និង​ថ្នាក់​បង្រៀន​វិជ្ជា​ជីវៈ​បឋម​សរុប​ចំ​នួន ៥៤២ ថ្នាក់ ឧបត្ថម្ភ​ការ​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​បំ​ប៉ន ជំ​នាញ​វិជ្ជា​ជីវៈ ភា​សា​បរ​ទេស និង​នីតិ​វិធី​ទៅ​ធ្វើ​ការ​នៅ​បរ​ទេស​តាម​កិច្ច​សន្យា...។ លទ្ធ​ផល​ប៉ាន់​ស្មាន​មាន​ប្រ​ជា​ជន​ជាង ១២០​.៦៣៧ នាក់ បាន​ទទួល​ផល​ប្រ​យោជន៍​ពី​បណ្តា​គម្រោង​ទាំង​នេះ។

ក្នុង​បណ្តា​វិស័យ​ដូច​ជា​បន្ថយ​ភាព​ក្រី​ក្រ អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ មុខ​របរ​ចិញ្ចឹម​ជី​វិត​អប់រំ សុខា​ភិបាល វប្ប​ធម៌... តាម​លោក តើ​អ្វី​ជា​ចំ​ណុច​លេច​ធ្លោ​បំ​ផុត​ក្នុង​ការ​ងារ​ជន​ជាតិ​របស់​ទី​ក្រុង​ក្នុង​រយៈ​ពេល​កន្លង​មក?

គណៈ​ប្រតិ​ភូ​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ លោក ស៊ើង​ភឿក​ក្វាង អតីត​អនុ​រដ្ឋ​មន្ត្រី និង​ជា​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ។ រូប​ថត៖ ក្វាង​ប៊ិញ

ក្នុង​ឆ្នាំ​កន្លង ការ​ងារ​ជន​ជាតិ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​មាន​ការ​បន្ត និង​ពង្រីក​ប្រ​សិទ្ធ​ភាព​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ។ គ្រប់​វិស័យ​ទាំង​អស់​ត្រូវ​បាន​អភិ​វឌ្ឍ​យ៉ាង​ស៊ី​ចង្វាក់​គ្នា និង​ជាក់​ស្តែង ដូច​ជា​ការ​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព អភិ​វឌ្ឍ​ហេដ្ឋារ​ចនា​សម្ព័ន្ធ លើក​កម្ពស់​មុខ​របរ ចិញ្ចឹម​ជីវិត ការ​អប់រំ និង​សុខា​ភិបាល​សម្រាប់​ជន​ជាតិ​ភាគ​តិច។ ក៏​ប៉ុន្តែ ការ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ចំ​ណុច​លេច​ធ្លោ បំ​ផុត​ក្នុង​ការ​ងារ​ជន​ជាតិ ជា​ពិ​សេស​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​តំ​បន់​ជន​ជាតិ​ភាគ​តិច ដោយ​ឃុំ​សង្កាត់​ទាំង ១០០% មាន​បណ្តាញ​អគ្គិស​នី​ជាតិ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ជាង ៩៩,៨% មាន​អគ្គិស​នី​ប្រើ​ប្រាស់​ជន​ជាតិ​ភាគ​តិច​ទាំង ១០០% បាន​ប្រើ​ប្រាស់​សេវា​កម្ម​ទូរ​គមនា​គមន៍ ព័ត៌​មាន​និង​មធ្យោ​បាយ​សោត​ទស្សន៍ ដើម្បី​បម្រើ​ជីវ​ភាព​វប្ប​ធម៌​ស្មារតី។ ពិ​សេស​ចំ​ពោះ​ភូមិ​ឋាន​ដែល​មាន​ការ​លំ​បាក​ខ្លាំង គឺ​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​ជាង​មុន បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អភិ​វឌ្ឍ​ការ​ផលិត ចង​សម្ព័ន្ធ​ទី​ផ្សារ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។

ផ្អែក​លើ​បណ្តា​លទ្ធ​ផល​ដែល​បាន​រៀប​រាប់​ខាង​លើ សូម​លោក​ឱ្យ​ដឹង​នូវ​ភារ​កិច្ច និង​ដំ​ណោះ​ស្រាយ​សំ​ខាន់ៗ​ដែល​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ទី​ក្រុង​កឹង​ធើ នឹង​ប្រ​មូល​ផ្តុំ​អនុ​វត្ត​ក្នុង ឆ្នាំ ២០២៦?

ផ្អែក​លើ​លទ្ធ​ផល​ដែល​សម្រេច​បាន ក្នុង​ឆ្នាំ ២០២៦ មន្ទីរ​ជន​ជាតិ​និង​សាស​នា​ទី​ក្រុង​កឹង​ធើ កំ​ណត់​ប្រ​មូល​ផ្តុំ​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​រាល់​ភារ​កិច្ច និង​ដំ​ណោះ​ស្រាយ​ដូច​ជា៖ លើក​កម្ពស់​គុណ​ភាព​ការ​ងារ​ធ្វើ​សេនា​ធិ​ការ ច្បាម​ខ្ជាប់​កិច្ច​ចង្អុល​ការ​របស់​ក្រ​សួង​ជន​ជាតិ​និង​សាស​នា។ ម្ចាស់​ការ​ស្រាវ​ជ្រាវ ព្យា​ករណ៍​ស្ថាន​ភាព ដើម្បី​ធ្វើ​សេ​នា​ធិ​ការ​ទាន់​ពេល​វេលា​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង។ បង្កើន​សុពល​ភាព​ប្រ​សិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​រដ្ឋ ធ្វើ​ឱ្យ​សុក្រឹត​យន្ត​ការ​សហ​ប្រតិ​បត្តិ​ការ​រវាង មន្ទីរ ផ្នែក និង​ភូមិ​ភាគ។ ជំ​រុញ​ការ​ធ្វើ​អធិ​ការ​កិច្ច​ត្រួត​ពិ​និត្យ និង​ណែ​នាំ​អនុ​វត្ត​ច្បាប់​ស្តី​ពី​ជន​ជាតិ​និង​សាស​នា។ អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​បណ្តា​គោល​នយោ​បាយ​ជន​ជាតិ ផ្តល់​អា​ទិភាព​ធន​ធាន​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច។ យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិ​វឌ្ឍ​មុខ​របរ​ចិញ្ចឹម ជី​វិត​ប្រ​កប​ដោយ​ចីរ​ភាព លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន។ កសាង​កង​ជួរ​កម្មា​ភិ​បាល​បំ​ពេញ​ការ​ងារ​ជន​ជាតិ​មាន​ជំ​ហរ​នយោ​បាយ​រឹង​មាំ យល់​ដឹង​ច្បាស់​ពី​ច្បាប់ និង​មាន​ជំ​នាញ​អនុ​វត្ត​ល្អ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី។

សូម​អរ​គុណ​លោក​យ៉ាង​ជ្រាល​ជ្រៅ!

 ង៉ុក​យីម - សុ​ផន

ចែករំលែកអត្ថបទ