មន្ទីរពេទ្យទាំងឡាយនៅខេត្តសុកត្រាំង បានផ្គត់ផ្គង់សេវាកម្មសុខាភិបាលប្រកបដោយសុវត្ថិភាព គុណភាព ហេតុនោះអ្នកជំងឺពេញចិត្តឆ្លើយតបនឹងតម្រូវការថែទាំសុខភាពរបស់ប្រជាជន។

វេជ្ជបណ្ឌិតមន្ទីរពេទ្យពហុព្យាបាលខេត្តសុកត្រាំង សួរសុខទុក្ខនិងពិនិត្យជំងឺជូនអ្នកជំងឺ។
តាមប្រសាសន៍វេជ្ជបណ្ឌិតឯកទេស II ឌាំងមិញហៀង នាយកមន្ទីរពេទ្យពហុព្យាបាលខេត្តសុកត្រាំង មន្ទីរពេទ្យបានធ្វើការពិនិត្យនិងព្យាបាលជំងឺតាមរយៈធានារ៉ាប់រងសុខាភិបាលនៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ថ្ងៃឈប់សម្រាកបុណ្យ ដោយមិនដេកពេទ្យ និងពិនិត្យសុខភាពនៅមន្ទីរពេទ្យដោយឯកទេសព្យាបាលប៉ារ៉ាគ្លីនីក អនុវត្តពិនិត្យសុខភាព ពិនិត្យឯកទេស ផ្នែកជំងឺក្នុងនិងពិនិត្យឯកទេសផ្នែកជំងឺក្រៅ។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយសេវាកម្មបច្ចេកទេសថ្មីៗជាច្រើន ដូចជា៖ ដាក់បំពង់បង្ហូរទឹកប្រមាត់ ដាក់ស្តែន (stent) បំពង់ប្រមាត់តាមស្បែកក្រោមការឆ្លុះអេកូ C-ARM; វះកាត់មហារីកក្រពះ និងកៀរក្រពេញជាប្រព័ន្ធ។ល។ ក្រៅពីនោះ មន្ទីរពេទ្យនៅទាំងបង្កើតបន្ទប់ពិនិត្យឯកទេសអាហារូបត្ថម្ភ ដើម្បីផ្តល់សេវាកម្មថែទាំសុខភាពជូនប្រជាជនតាមរយៈការពិនិត្យ និងពិគ្រោះអាហារូបត្ថម្ភទៀងផង។

វេជ្ជបណ្ឌិតពិគ្រោះពីរបៀបថែទាំសុខភាព អាហារូបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ។
តាមប្រសាសន៍វេជ្ជបណ្ឌិតឯកទេស II ជុងតឹងឌិញ នាយកមន្ទីរពេទ្យសម្ភពនិងកុមារខេត្តសុកត្រាំង ជាមួយនឹងទិសស្លោក ប្រកាន់យកអ្នកជំងឺជាស្នូល មន្ទីរពេទ្យបានផ្សព្វផ្សាយនូវវិធីសាស្រ្តនិងបច្ចេកទេសថ្មីៗជាច្រើនក្នុងការព្យាបាលជំងឺដូចជា៖ បច្ចេកទេសចាក់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស្បូន វះកាត់ដោយវិធីចោះថតអឹមរ៉ាយ (MRI); ស្ទង់ជំងឺពុកឆ្អឹង; ឆ្លុះអេកូពិនិត្យរកជំងឺសរសៃឈាមបេះដូងគភ៌ក្នុងផ្ទៃ ទារក និងកុមារ; បន្ទប់ពិនិត្យឯកទេសរោគក្នុងសរសៃប្រសាទ និងរោគកុមារទូទៅ បន្ទប់ពិនិត្យស្តារនីតិសម្បទា។ល។ ទន្ទឹមនឹងនោះ មន្ទីរពេទ្យអនុវត្តបញ្ញាសិប្បនិម្មិត (AI) ដើម្បីវិភាគទិន្នន័យធំៗ ជំនួយក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលឯកជនូបនីយកម្ម និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីតាមដានសន្ទស្សន៍សុខភាពអ្នកជំងឺជាបន្តបន្ទាប់ទៀតផង ពិសេស មានប្រយោជន៍សម្រាប់អ្នកដែលឈឺរុាំរ៉ៃ និងតាមដានក្រោយពីព្យាបាល។ វេជ្ជបណ្ឌិត ជុងតឹងឌិញ ឱ្យដឹង៖ “ដោយសារការខិតខំប្រឹងប្រែងដោយឥតឈប់ឈរក្នុងការលើកកម្ពស់គុណភាពសេវាកម្មសុខាភិបាល និងអភិវឌ្ឍបច្ចេកទេសថ្មីៗក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺ មន្ទីរពេទ្យបាននិងកំពុងក្លាយជាអាសយដ្ឋានគួរជាទីទុកចិត្តសម្រាប់ប្រជាជន។ ជំហានវិវឌ្ឍន៍នេះ មិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនអ្នកជំងឺប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាព និងគោលជំហររបស់មន្ទីរពេទ្យទៀតផង”។
មន្ទីរពេទ្យទាំងឡាយនៅលើភូមិសាស្រ្តខេត្តសុកត្រាំង បានឆ្លើយតបនឹងតម្រូវការពិនិត្យ និងព្យាបាលជំងឺកាន់តែខ្ពស់ជូនប្រជាជន រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុថែទាំនិងការពារសុខភាពប្រជាជន៕
លីធាន-វិមាន