22/04/2025 - 08:29

ឧបត្ថម្ភ​ធា​នារ៉ា​ប់​រង​សុខា​ភិបាល​សម្រាប់​ជន​ជាតិ​ភាគ​តិច​រស់​នៅ​តំ​បន់​ព្រំ​ដែន 

តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក នា​យក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​គៀង​យ៉ាង ជន​ជាតិ​ភាគ​តិច​កំ​ពុង​រស់​នៅ​តាម​តំបន់​ព្រំ​ដែន​នៅ​សង្កាត់​មីឌឹក សង្កាត់​ដុង​ហោ ក្រុង​ហា​តៀង និង​ឃុំ​ភូមី ស្រុក​យ៉ាង​ថាញ់ ត្រូវ​បាន​ឧបត្ថម្ភ​បង់​ថ្លៃ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​១០០%។ រយៈ​ពេល​ឧបត្ថម្ភ ២៤ ខែ ចាប់​ពី​ថ្ងៃ ១ ខែ​មក​រា ឆ្នាំ​២០២៥ រហូត​ដល់​ថ្ងៃ៣១ ខែធ្នូ ឆ្នាំ​២០២៦។

ប្រ​ជា​ជន​នៅ​ឃុំ​ភូមី មក​ពិនិត្យ​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ។ រូប​ថត៖ សហ​ការី

តាម​របាយ​ការណ៍​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង បច្ចុប្បន្ន សង្កាត់​មី​ឌឹក សង្កាត់​ដុង​ហោ ក្រុង​ហា​តៀង និង​ឃុំ​ភូមី ស្រុក​យ៉ាង​ថាញ់ គឺ​ជា​សង្កាត់ ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​តាម​តំ​បន់​ព្រំ​ដែន ប៉ុន្តែ មិន​ចំ​ណុះ​តំបន់​តាម​សេចក្ដី​កំ​ណត់​ក្នុង​អនុក្រឹត្យ​លេខ ៧៥/​២០២៣​/NĐ-CP ចុះ​ថ្ងៃ​ទី​១៩ ខែតុ​លា ឆ្នាំ ២០២៣ របស់​រដ្ឋា​ភិបាល​ធ្វើ​វិសោ​ធន​កម្ម​នូវ​មាត្រា​មួយ​ចំ​នួន​នៃ​អនុក្រឹត្យ​លេខ​ ១៤៦/​២០១៨​/NĐ-CP របស់​រដ្ឋា​ភិបាល​ដែល​ចែង​លម្អិត និង​ណែ​នាំ​ការ​អនុវត្ត​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​ធា​នា​រ៉ាប់​រង​សុខា​ភិបាល ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​នៅ​ទីនេះ​មិន​បាន​ទទួល​របប​គោល​នយោ​បាយ​ធានា​រ៉ាប់​រង​សុខា​ភិបាល។ អា​ស្រ័យ​ហេតុ​នោះ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​បាន​លើក​ជូន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង ចេញ​សេចក្ដី​សម្រេច​ចិត្ត​កំ​ណត់​កម្រិត​ឧបត្ថម្ភ​ធានា​រ៉ាប់​រង​សុខា​ភិបាល​សម្រាប់​ជន​ជាតិ​ភាគ​តិច​កំ​ពុង​រស់​នៅ​តំ​បន់​ព្រំ​ដែន​លើ​ភូមិ​សាស្រ្ត​ខេត្ត​គៀង​យ៉ាង។

បន្ទាប់​ពីពិ​និត្យ​របាយ​ការណ៍​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី ៣១ សម័យ​ប្រ​ជុំសា​មញ្ញ​ចុង​ឆ្នាំ ២០២៤ នៃ​ក្រុម​ប្រឹក្សា​ប្រជា​ជន​ខេត្ត​គៀង​យ៉ាង នីតិ​កាល​កាល X ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង បាន​ឯក​ភាព អនុម័តិ​សេចក្ដី​សម្រេច​ចិត្ត​កំណត់​កម្រិត​ឧបត្ថម្ភ​ធានា​រ៉ាប់​រង​សុខា​ភិបាល​សម្រាប់​ជន​ជាតិ​ភាគ​តិច​កំពុង​រស់​នៅ​តំបន់​ព្រំ​ដែន​លើ​ភូមិ​សាស្រ្ត​ខេត្ត​គៀង​យ៉ាង។

តាម​សេចក្ដី​សម្រេច​ចិត្ត មុខ​សញ្ញា​អនុវត្ត​គឺ​ជន​ជាតិ​ភាគ​តិច​កំ​ពុង​រស់​នៅ​តំបន់​ព្រំ​ដែន៖ សង្កាត់​មីឌឹក សង្កាត់​ដុង​ហោ ក្រុង​ហា​តៀង និង​ឃុំ​ភូមី ស្រុក​យ៉ាង​ថាញ់ ជា​មួយ​នឹង​កម្រិត​ឧបត្ថម្ភ ១០០% ថ្លៃ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល។ រយៈ​ពេល​ឧបត្ថម្ភ ២៤ ខែ ចាប់​ពី​ថ្ងៃ១ ខែ​មក​រា ឆ្នាំ ២០២៥ រហូត​ដល់​ថ្ងៃ ៣១ ខែ​ធ្នូ ឆ្នាំ ២០២៦។ ប្រ​ភព​ថវិ​កា​អនុ​វត្ត អា​ស្រ័យ​ថវិកា​ភូមិ​ភាគ​ធានា​តាម​សេចក្ដី​កំ​ណត់​នៃ​ច្បាប់​ថវិកា​រដ្ឋ​និង​ឯក​សារ​ពាក់​ព័ន្ធ​នា​នា។

តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក ជន​រួម​ជាតិ​ភាគ​តិច​នៅ​២​សង្កាត់​ព្រំ​ដែន គឺ​សង្កាត់​ដុង​ហោ និង​មី​ឌឹក (ក្រុង​ហា​តៀង) និង​ឃុំ​ភូមី (ស្រុក​យ៉ាង​ថាញ់) មាន​សេចក្ដី​ត្រេក​អរ​ក្រៃ​លែង ខណៈ​ពេល​រដ្ឋ​បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ ១០០% ធានា​រ៉ាប់​រង​សុខា​ភិបាល។ ការ​យក​ចិត្ត​ទុក​ដាក់​នេះ គឺ​ជា​កម្លាំង​ចល​ករ​សម្រាប់​ពួក​គាត់​ឈាន​ឡើង​ក្នុង​ជីវ​ភាព។ បង​ស្រី​លីធី​វ៉ែន នៅ​សង្កាត់​មី​ឌឹក ឱ្យ​ដឹង៖ “នាង​ខ្ញុំ​បម្រើ​ការ​ងារ​ក្នុង​ហាង​លក់​ជល​ផល​នៅ​មណ្ឌល​ទេស​ចរណ៍​ម៉ូយ​ណាយ ម្ល៉ោះ​ហើយ លក្ខណ​សម្បត្តិ​សេដ្ឋ​កិច្ច​នៅ​លំ​បាក។ ឥឡូវ​បាន​រដ្ឋ​ផ្ដល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់ ដ្បិត​អី ពេល​មាន​ជំងឺ​ខ្ញុំ​អាច​ទៅ​ដំ​ណាក់​សុខា​ភិបាល​ពិនិត្យ​ជំងឺ​និង​យក​ថ្នាំ​ផឹក​ដោយ​ឥត​បង់​ថ្លៃ”៕

             ហាថាញ -ប្រែ​សម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ