17/03/2025 - 15:06

រលាក គឺ​ជា "កាំ​បិត​មុខ​ពីរ" ចំ​ពោះ​សុខ​ភាព 

ស្ថាន​ភាព​រលាក ធ្លាប់​បាន​ដឹង​ថា ជា​កត្តា​ហា​និភ័យ​អាច​បណ្ដាលទៅ​ជា​ជំ​ងឺ​រុាំ​រ៉ៃ​ផ្សេងៗ ដូច​ជា ជំ​ងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះ​ដូង និង​អា​ឡែ​ស៊ី។ សូម្បី​តែ​អ្នក​ជំ​នាញ​ខាង​អា​យុ​វែង នៅ​ទាំង​ចាត់​ទុក​ការ​កាត់​បន្ថយ​រលាក​រុាំ​រ៉ៃ គឺ​ជា “គន្លឹះ” ដើម្បី​មាន​ដំ​ណើរ​ជរា​ភាព​មាន​សុខ​ភាព​ល្អ​ប្រ​សើរ​ជាង។ ដូច្នេះ តើ​ជំងឺ​រលាក​ពិត​ជា​បង្ក​គ្រោះ​ថ្នាក់​ដល់​រាង​កាយ​មែន​ទេ?

របប​ហូប​ចុក​សម្បូរ​ដោយ​រុក្ខ​ជាតិ និង​ខ្លាញ់​ល្អ ជួយ​ប្រ​ឆាំង​នឹង​រលាក​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព។
 រូប៖ Hopkinsmedicine.org

បណ្ឌិត Robert Shmerling អ្នក​ឯក​ទេស ខាង​រលាក​សន្លាក់​ឆ្អឹង​នៅ​សា​កល​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ Harvard (សហ​រដ្ឋ​អា​មេរិក) ឱ្យ​ដឹង​អំ​ពី​សារ​ជាតិ​រលាក គឺ​ជា​ប្រតិ​កម្ម​នៃ​រាង​កាយ​ចំ​ពោះ​ជំងឺ​តម្កាត់​ឬ​របួស ដើម្បី​បំ​ពេញ​មុខ​ងារ​ស្តារ​សុខ​ភាព​ឡើង​វិញ។ ចំ​ណែក​តាម​ប្រ​សាសន៍​បណ្ឌិត David Hafler អ្នក​ឯក​ទេស​ខាង សរ​សៃប្រ​សាទ​និង​ភាព​សុាំ នៅ​មហា​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ​ចំ​ណុះសា​កល​វិទ្យា​ល័យ Yale (សហ រដ្ឋ​អា​មេរិក) រលាក​គឺ​ជា “កាំ​បិត​មុខ​ពីរ” ចំ​ពោះ​សុខ​ភាព​ទូ​ទៅ។

បណ្ឌិត Moshe Arditi អ្នក​ឯក​ទេស​ខាង​រោគ​ឆ្លង​និង​ភាព​សុាំ​នៅ​មជ្ឈ​មណ្ឌល​សុខា​ភិ​បាល Cedars-Sinai (សហ​រដ្ឋ​អា​មេរិក) អំ​ណះ​អំ​ណាង ស្ថាន​ភាព​រលាក​ចាំ​បាច់​ណាស់​សម្រាប់​ការ​រស់​រាន​មាន​ជីវិត​របស់​យើង។ ពី​ព្រោះ​ប្រ​សិន បើ​គ្មាន​វា​ទេ រាង​កាយ​មិន​អាច​ប្រ​ឆាំង​នឹង​ការ ឈ្លាន​ពាន​របស់​មេ​រោគ និង​បាក់​តេរី​បាន​ឡើយ។ ឧទា​ហរណ៍​ពេល​យើង​ឈឺ​និង​ក្រ​ហម​បំ​ពង់​ក គឺ​នោះ​ហើយ មក​ពី​ប្រ​ព័ន្ធ​ភាព​សុាំ​កំ​ពុង​ប្រតិ​កម្ម ដើម្បី​ប្រ​ឆាំង​នឹង​ការ​ឆ្លង​មេ​រោគ ការ​ពារ​មិន​ឱ្យ​ឆ្លង​រាល​ដាល។ វេជ្ជ​បណ្ឌិត​ហៅ​ករណី​នេះ​ថា រលាក​ស្រួច​ស្រាវ គឺ​ជា​ប្រតិ​កម្ម​មាន​ប្រ​យោជន៍។

ស្ថាន​ភាព​រលាក ត្រូវ​បាន​ប្រ​ទះ​ឃើញ​ច្រើន​សតវត្ស​មក​ហើយ។ Aulus Cornelius Celcus ជា​គ្រូ​ពេទ្យ​ដ៏​ល្បី​ល្បាញ​របស់​ទី​ក្រុង​រ៉ូម​បុ​រាណ ជា​មនុស្ស​ម្នាក់​ក្នុង​ចំ​ណោម​មនុស្ស​ដំ​បូង​គេ ដែល​លើក​ឡើង​ពី​និ​យម​ន័យ​រលាក លោក​ពណ៌​នា​អំ​ពី​រោគ​សញ្ញា​រលាក ដោយ​ប្រើ​វាក្យ​ស័ព្ទ​ភា​សា​ឡា​តាំង មាន​ន័យ​ថា “ក្រ​ហម ហើម​ក្តៅ និង​ឈឺ” ហើយ​វា​នៅ​តែ​ត្រូវ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ប្រ​សិន​បើ​កើត​មាន​ក្នុង​រយៈ​ពេល​ខ្លី ស្ថាន​ភាព​រលាក​អាច​សង្គ្រោះ​រាង​កាយ។ ប៉ុន្តែ​ប្រ​សិន​បើ​វា​កើត​មាន​ក្នុង​រយៈ​ពេល​វែង - ហៅ​ថា រលាក​រុាំ​រ៉ៃ គឺ​វា​អាច​បណ្តាល​ផល​ប៉ះ​ពាល់​ដល់​រាង​កាយ​ទៅ​វិញ។

តាម​ក្រុម​អ្នក​ឯក​ទេស កត្តា​ហា​និភ័យ​ទូ​ទៅ​មួយ​ចំ​នួន​ធ្វើ​ឱ្យ​រាង​កាយ​ងាយ​នឹង​រលាក​រុាំ​រ៉ៃ រួម​មាន៖ ធាត់​លើស​ទម្ងន់ ទម្លាប់​ជក់​បារី និង​របប​ហូប​ចុក​មិន​បាន​ត្រឹម​ត្រូវ ដោយ​បរិភោគ​ម្ហូប​អា​ហារ​ច្នៃ​ស្រាប់ ស្ករ​ចម្រាញ់​ខ្លាញ់​អា​ក្រក់ និង​ទទួល​ទាន​សាច់​ក្រ​ហម​ច្រើន​ពេក (សាច់​គោ សាច់​ចៀម សាច់​ជ្រូក)។ តាម​ប្រ​សាសន៍​បណ្ឌិត Thaddeus Stappenbeck ប្រ​ធាន​ផ្នែក​រលាក និង​ភាព​សុាំ​នៅ​មន្ទីរ​ពេទ្យ Cleveland (សហ​រដ្ឋ​អា​មេ​រិក) ការ​តិច​ហាត់​ប្រាណ ខ្វះ​គេង ឬ​ការ​តាន​តឹង​ផ្លូវ​អា​រម្មណ៍​ខ្លាំង​ពេក ក៏​ជា​កត្តា​ហា​និភ័យ​ពី​ផ្នត់​រស់​នៅ​ទាក់​ទង​ដល់​ស្ថាន​ភាព​រលាក​ផង​ដែរ។

ទោះ​បី មូល​ហេតុ​បង្ក​ជំងឺ​រុាំ​រ៉ៃ​មាន​ភាព​ស្មុគ​ស្មាញ​ណាស់ ប៉ុន្តែ​អ្នក​ជំ​នាញ​កាន់​តែ​ជឿ​ជាក់​ថា ស្ថាន​ភាព​រលាក​មាន​តួនា​ទី​ជា​ដាច់​ខាត​ចំ​ពោះ​ហា​និភ័យ​សុខ​ភាព​នេះ។ ពី​ព្រោះ​ពេល​រាង​កាយ​ស្ថិត​ក្នុង​ស្ថាន​ភាព​រលាក វា​អាច​ចាប់​ផ្តើម​បំ​ផ្លាញ​នូវ​អ្វី​ដែល​ចាំ​បាច់ ដើម្បី​ដំ​ណើរ​ការ​ធម្ម​តា​វិញ រួម​ទាំង​សរីរាង្គ​សំ​ខាន់ៗ និង​សរ​សៃ​ឈាម​ផង​ដែរ។

បណ្ឌិត Arditi ឱ្យ​ដឹង​ថា ការ​ដែល​រាង​កាយ​កំ​ពុង​រលាក​អាច​នាំ​ឱ្យ​កើត​ជំងឺ​បេះ​ដូង និង​កកើត​ជា​សន្ទះ​ច្បាម​នៅ​ខាង​ក្នុង​សរ​សៃ​ឈាម ស្ថាន​ភាព​នេះ​ទាក់​ទង​នឹង​ជំងឺ​បេះ​ដូង​និង​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល។ ចំ​ណែក​រលាក​អូស​បន្លាយ​នៅ​ក្នុង​ខួរ​ក្បាល​ក៏​អាច​រួម​ចំ​ណែក​ដល់​ការ​រីក​ចម្រើន​នៃ​ជំងឺ​ខ្សោយ​សរ​សៃ​ប្រ​សាទ ដោយ​ធ្វើ​ឱ្យ​របួស​កោ​សិកា​សរ​សៃ​ប្រ​សាទ និង​ធ្វើ​អន្ត​រា​គមន៍​ដល់​មុខ​ងារ​ធម្ម​តា​របស់​ខួរ​ក្បាល។ ក្នុង​ពេល​នោះ វិបត្តិ​ភាព​សុាំ​ដោយ​ខ្លួន​ឯង​ដូច​ជា​ជំងឺ​លុយ​ពុស (Lupus) ឬ​ជំ​ងឺ​ក្រិន​ច្រើន​មុខ ក៏​ពាក់​ព័ន្ធ​ដល់​ស្ថាន​ភាព​រលាក​រុាំ​រ៉ៃ​ដែរ ពេល​ប្រ​ព័ន្ធ​ភាព​សុាំ​ចាប់​ផ្តើម វាយ​ប្រ​ហារ​ទៅ​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ។ “រាង​កាយ​មិន​អាច​បែង​ចែក​បាន​រវាង​ខ្លួន​និង​រោគ​ឈ្លាន​ពាន​ពី​ខាង​ក្រៅ ឬ​ភ្នាក់​ងារ​បង្ក​រោគ​ឡើយ” បណ្ឌិត Shmerling បាន​វែក​ញែក​ដូច្នេះ៕

    ថាយ​ថាញ-វិ​មាន

ចែករំលែកអត្ថបទ