ការងារអប់រំតំបន់ជនរួមជាតិភាគតិចនៅខេត្តអាងយ៉ាង រយៈពេលកន្លង ត្រូវបានយកចិត្តទុកដាក់គិតគូរនិងមានភាពវិវឌ្ឍន៍ជាវិជ្ជមាន។

សប្បុរសជនរួមជាមួយមូលដ្ឋាន ជូនអាហារូបករណ៍ដល់សិស្សជនជាតិខ្មែរ
នៅឃុំអូរឡឹម ស្រុកទ្រីតូង ដែលឆ្លងកាត់ការលំបាករៀនពូកែ។
ទូទាំងខេត្តអាងយ៉ាង មានវិទ្យាល័យ ៥៤ សាលា និងអនុវិទ្យាល័យ ១៥៥ សាលា។ ក្នុងនោះ មានសាលាជនជាតិអន្តេវាសិក ៣ សាលា មានសាលាអនុវត្តកម្មវិធីបង្រៀនភាសាជនជាតិចំនួន ២១។ លោកត្រឹងត្វឹងខាញ់ នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តអាងយ៉ាង ឱ្យដឹង៖ ខេត្តផ្តុំកម្លាំងផ្សព្វផ្សាយល្អការបង្ហាត់ បង្រៀនបង្កើនភាសាវៀត ព្រមទាំងកសាងបរិស្ថានទំនាក់ទំនងភាសាវៀតដល់ប្អូនៗសិស្សានុសិស្សជនជាតិភាគតិច ឆ្លងតាមរយៈនៃសកម្មភាពបង្ហាត់បង្រៀនលើវិញ្ញាសានីមួយៗ និងរាល់សកម្មភាពអប់រំក្រៅម៉ោងសិក្សា ឬសកម្មភាពឆ្លងកាត់បទពិសោធន៍៘ ផ្តើមពីនោះ បង្កលក្ខណៈងាយស្រួលដល់សិស្សជនជាតិភាគតិច ពង្រីកសមត្ថភាពក្រេបយកចំណេះដឹង។ ខេត្តក៏បានជំរុញការលុបបំបាត់អនក្ខរភាពនិងឧត្តានកម្មអប់រំ; លើកកម្ពស់សមត្ថភាពមុខជំនាញដល់កងជួរគ្រូបង្រៀន។
ចាប់ពីឆ្នាំ ២០១៩ មក អាងយ៉ាងបានវិនិយោគ បំពេញបន្ថែម និងជួសជុលមូលដ្ឋានសម្ភារៈដល់សាលាជនជាតិអន្តេវាសិកចំនួន ៣ រួមមាន៖ អនុវិទ្យាល័យជនជាតិអន្តេវាសិកទ្រីតូង ទិញបៀង និងវិទ្យាល័យជនជាតិអន្តេវាសិកអាងយ៉ាង គិតជាទឹកប្រាក់សរុបជិត ៥ ពាន់លានដុង។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយអនុវត្តគ្រប់សព្វរបបអាហារូបករណ៍ សិក្ខូបករណ៍ សម្លៀកបំពាក់ដល់សិស្ស និងរបបគោលនយោបាយដល់គ្រូបង្រៀនតាមសាលាជនជាតិអន្តេវាសិក។ ខេត្តថែមទាំងលើក លែងការបង់ថ្លៃសិក្សាចំពោះសិស្សជនជាតិខ្មែរនិងចាម ទៅតាមគោលនយោបាយដែលបានកំណត់។ ឧបត្ថម្ភសិស្សជនជាតិក្នុងការទិញធានារ៉ាប់រងសុខាភិបាលសិស្ស ធានារ៉ាប់រងអាយុជីវិត។ អង្គការសង្គមនិងអង្គការមហាជន ពិសេស សមាគមជំរុញការសិក្សា បានជូនអំណោយ សៀវភៅសរសេរ សៀវភៅពុម្ព កង់៘ បង្កលក្ខណសម្បត្តិដល់សិស្សជនជាតិភាគតិចដែលមានជីវភាពខ្វះខាតបានទៅកាន់សាលា។
មកទល់បច្ចុប្បន្ន ក្នុងតំបន់ជនរួមជាតិភាគតិចនៅអាងយ៉ាង អត្រាសិស្សមត្តេយ្យអាយុ ៥ ឆ្នាំ បានចូលរៀនសម្រេច ៩៩,០១% អត្រាសិស្សបឋមសិក្សាឋិតក្នុងកម្រិតអាយុបានចូលរៀនសម្រេច ៩៤,៥៣% អត្រាសិស្សអនុវិទ្យាល័យឋិតក្នុងកម្រិតអាយុបានចូលរៀនសម្រេច៩០,៥០% សិស្សវិទ្យាល័យចូលរៀនសម្រេច ៧៩,៧០%; អត្រាមនុស្សអាយុចាប់ពី ១៥ ឆ្នាំឡើងទៅចេះអាន ចេះសរសេរស្ទាត់ភាសាវៀតសម្រេច ៩១,៣២%។ លទ្ធផលនេះ តាមប្រសាសន៍លោកត្រឹងត្វឹងខាញ់ សាលារៀនស្ទើរតែទាំងអស់ក្នុងតំបន់ជនរួមជាតិភាគតិចក្នុងខេត្ត តែងកសាងបរិស្ថានគរុកោសល្យ ប្រជាធិបតេយ្យ សមភាព ជំរុញការប្រឹងប្រែង តស៊ូនិងលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់កងជួរគ្រូបង្រៀន និងកម្មាភិបាលគ្រប់គ្រងផ្នែកអប់រំ។ គ្រប់សាលារៀន តែងធ្វើពិពិធកម្មរូបភាពនៃការបំប៉នកងជួរគ្រូបង្រៀន ដើម្បីលើកកម្ពស់កម្រិតវិជ្ជា មុខជំនាញវិជ្ជាជីវៈ៘ ផ្តោតសំខាន់ទៅលើការអប់រំប្រពៃណី អប់រំសីលធម៌ ផ្នត់រស់នៅ អប់រំស្មារតីអនុវត្តច្បាប់របស់សិស្ស។ ធានាសន្តិសុខ សុវត្ថិភាពសាលារៀន គ្មានសិស្សណាដែលប្រព្រឹត្តល្មើសច្បាប់ គ្មានអំពើហិង្សាក្នុងសាលារៀនចំពោះសិស្សជនជាតិភាគតិច “បុព្វហេតុអប់រំនិងបណ្តុះបណ្តាលតំបន់ជនរួមជាតិភាគតិចមានការជឿនលឿនច្រើន ប្រព័ន្ធគ្រឹះស្ថានអប់រំត្រូវបានរីកចម្រើនគ្រប់ទិសទី មូលដ្ឋានសម្ភារៈត្រូវបានវិនិយោគបង្កើនកម្រិត គុណភាពអប់រំជាសន្សឹមៗត្រូវបានកើនឡើងជាលំដាប់” លោក ត្រឹងត្វឹងខាញ់ បានឱ្យដឹងដូច្នេះ៕
ថាញឡុង- លីសៀ