ផ្ដើមពីប្រសិទ្ធភាពនៃកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់ជនរួមជាតិភាគតិច ដំណាក់កាល១ ចាប់ពីឆ្នាំ២០២១- ២០២៥ (ហៅកាត់ថា កម្មវិធី) ជីវភាពជនរួមជាតិខ្មែរនៅឃុំអាងហ៊ីប ស្រុកចូវថាញ់ ខេត្តសុកត្រាំង ត្រូវបានលើកកម្ពស់ តំបន់ជនបទកាន់តែរីកចម្រើននិងស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។

លោកង៉ោជីតឹម នៅភូមិបឹងត្រប់ A ជាមួយនឹងហ្វូងគោដែលកម្មវិធីជំនួយ។
តាមប្រសាសន៍លោកប៊ុយបាវក្វឹក អនុប្រធានគណៈកម្មាធិការប្រជាជនឃុំអាងហ៊ីប ឃុំបានទទួលផលពីគម្រោង១ គម្រោង ៣ និងគម្រោង ៤ នៃកម្មវិធី ម្ល៉ោះហើយ បានផ្ដុំកម្លាំងផ្សព្វផ្សាយព្រមៗគ្នានូវគម្រោង អនុគម្រោង ដើម្បីបង្កលក្ខណសម្បត្តិឱ្យជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព។ យោងតាមនោះ ឃុំបានឧបត្ថម្ភសាងសង់ផ្ទះជាង ៥០ ខ្នង ផ្លាស់ប្ដូរមុខរបរ ឧបត្ថម្ភឧបករណ៍តម្កល់ទឹក ឧបត្ថម្ភពូជដំណាំ សត្វចិញ្ចឹមជូនជនជាតិភាគតិចជិត១០០គ្រួសារ។ អាស្រ័យហេតុនោះ គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រីក្រ មានផ្ទះសម្បែងស្រួលបួល មានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព។
លោកង៉ោជីតឹម នៅភូមិបឹងត្រប់ A ឃុំអាងហ៊ីប ឱ្យដឹង៖ “ពីមុន ខ្ញុំដើរធ្វើជាងកំបោរ ជីវភាពនៅជួបការលំបាកច្រើន។ រយៈពេល ២ ឆ្នាំមកនេះ ពេលរដ្ឋជំនួយសង់ផ្ទះ ឧបត្ថម្ភគោ ៣ក្បាល និងជំនួយបុលទុន ទើបខ្ញុំមានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ចដើម្បីចាកផុតពីភាពក្រីក្រ។ បច្ចុប្បន្ន ក្រៅពីធ្វើជាងកំបោរ ខ្ញុំនៅទាំងចិញ្ចឹមគោ ចំណែកប្រពន្ធខ្ញុំលក់បន្លែបង្ការ ម្ល៉ោះហើយ រកបានចំណូលលំនឹង ជីវភាពបានធូរធារជាបណ្ដើរៗ”។ រីឯមីងសើុងធីកឿន នៅភូមិពាងសំរឹទ្ធិ ក៏មានទឹកមុខរីករាយខណៈពេលរស់នៅក្នុងផ្ទះថ្មីដែលកម្មវិធីឧបត្ថម្ភសាងសង់។ មីងកឿន ឱ្យដឹង៖ “មានផ្ទះឥដ្ឋរឹងមាំរស់នៅជាក្ដីរីករាយធំបំផុតរបស់ខ្ញុំ ព្រោះលែងបារម្ភពីភ្លៀងស្រក់ ឬខ្យល់រលំទៀត។ សព្វថ្ងៃ ខ្ញុំតែងលើកទឹកចិត្តកូនៗឱ្យលំនឹងចិត្តធ្វើការងាររកស៊ី រស់នៅប្រិតសំចៃដើម្បីចាកផុតពីភាពក្រីក្រ”។
ទន្ទឹមនឹងនោះ ឃុំអាងហ៊ីបក៏បានទទួលផល គម្រោង ៤ អំពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សម្រាប់បម្រើការផលិតនិងជីវភាពរស់នៅរបស់ជនជាតិភាគតិច។ យោងតាមនោះ ឃុំបានវិនិយោគកសាងសម្រេចប្រព័ន្ធផ្លូវជនបទ ដើម្បីបង្កលក្ខណសម្បត្តិងាយស្រួលក្នុងការធ្វើដំណើរទៅមក ជួញដូរទំនិញជាដើម។ អាស្រ័យហេតុនោះ មកដល់បច្ចុប្បន្ន ដងផ្លូវជនបទនៅតាមភូមិនានាត្រូវបានវិនិយោគកសាងរួចរាល់និងក្លាយជាដងផ្លូវជនបទគំរូ ស្អាតបំផុតរបស់ស្រុក។ លោកប៊ុយបាវក្វឹក ឱ្យដឹងបន្ថែម៖ “ប្រសិទ្ធភាពនៃកម្មវិធីគឺជួយឱ្យមាមីងមានផ្ទះសម្បែងស្រួលបួល មានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។ ព្រមជាមួយនោះ សំណង់ជនបទបានកសាងរួចរាល់ ក៏ងាយស្រួលដឹកជញ្ជូនទំនិញ រួមចំណែកជំរុញការអភិវឌ្ឍតំបន់ជនបទខ្មែរ។ ប្រការនោះ កាន់តែរួមចំណែកញុាំងឱ្យឃុំអាងហ៊ីបឈានឡើងសម្រេចបទដ្ឋានជនបទថ្មីគំរូ អំពីវប្បធម៌ក្នុងឆ្នាំ ២០២៥”៕
យ្វីអាញ - ថាច់ធី