កីឡា - ទេសចរណ៍ ទេសចរណ៍

24/02/2025 - 14:28

សម្រាក​លម្ហែ​កាយ​នៅ​ហា​តៀង 

ប្រ​សិន​បើ​មិត្ត​ត្រូវ​ការ​ស្វែង​រក​ទី​តាំង​ទេស​ចរណ៍​មាន​ទាំង​ព្រៃ​ភ្នំ កោះ​សមុទ្រ ដើម្បី​សម្រាក​លម្ហែ​កាយ​នោះ ហា​តៀង​គឺ​ជា​ជម្រើស​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ភ្ញៀវ​ទេស​ចរ។

ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​ដែល​មិន​ទាន់​ពេញ​ចិត្ត​ហា​តៀង ព្រោះ​នេះ​ជា​ទី​ក្រុង​តូច ដើរ​ទស្ស​នា​កម្សាន្ត​បាន​ត្រឹម​តែ​ពីរ​បី​ផ្លូវ​គឺ​ចប់។ មក​កាន់​ហា​តៀង រដូវ​ប្រាំង​ខ្យល់​សមុទ្រ​បក់​ត្រ​សៀកៗ​នាំ​ចំ​ហាយ​ទឹក​សមុទ្រ​ផ្សើម​ខ្លួន​ប្រាណ​ជាប់​ប្រៃៗ។ល។ ការ​បើក​ម៉ូតូ​ដើរ​កម្សាន្ត​តាម​ឆ្នេរ​សមុទ្រ​និង​ជុំ​វិញ​ផ្លូវ ក្រុង​មួយ​ជុំ​អស់​ត្រឹម​តែ​កន្លះ​ធុង​សាំង​ប៉ុណ្ណោះ...។

ប៉ុន្តែ​នោះ​គ្រាន់​តែ​ជា “ផ្នែក​មួយ​តូច” សម្រាប់​ភ្ញៀវ​ទេស​ចរ​មិន​ទាន់​ពេញ​ចិត្ត​ហា​តៀង​ពិត​ប្រា​កដ។ បើ​ភ្ញៀវ​ទេស​ចរ​ជ្រើស​យក​ផ្លូវ​ទ្រឿង​សា ជា​ចំ​ណុច​ចាប់​ផ្តើម​សម្រាប់​ដំ​ណើរ​កម្សាន្ត​ពេញ​មួយ​ថ្ងៃ គឺ​នឹង​ធ្វើ​ឱ្យ​ភ្ញៀវ​មាន​អា​រម្មណ៍​ស្រស់​ស្រាយ​គាប់​ចិត្ត​នឹង​ហា​តៀង​ជា​ពុំ​ខាន។ ពេល​ព្រ​លឹម​ភ្ញៀវ​ទេស​ចរ​ចូល​ហាង​កា​ហ្វេ​ក្បែរ​ឆ្នេរ​សមុទ្រ គយ​គន់​សម្រស់​អរុ​ណោ​ទ័យ​លើ​ផ្ទៃ​សមុទ្រ។ មៀង មើល​ខាង​ឆ្វេង គឺ​វត្ត​ភូ​យ៉ុងដ៏​ស្រស់​ស្អាត​ឋិត​ក្រោម​ម្លប់​ដើម​ឈើ​ធំ​ៗ​ដ៏​ត្រ​ជាក់។ មើល​ទៅ​ប្រៀប​ដូច​ផ្ទាំង​ទស្ស​នីយ​ភាព​ដ៏​រស់​រវើក​សម្រាប់​ថ្ងៃ​ថ្មី ជា​មួយ​នឹង​ទិដ្ឋ​ភាព​ទឹក​សមុទ្រ​ពណ៌​ខៀវ​និង​សម្រស់​ធម្ម​ជាតិ ព្រៃ​ភ្នំ​ដ៏​ស្រស់​ត្រ​កាល។ល។ ពិ​សា​កា​ហ្វេ​មួយ​កែវ​ឈ្ងុយ​ឆ្ងាញ់​គឺ​ពិត​ជា​អស្ចារ្យ។ ពេល​រសៀល ដើរ​កម្សាន្ត​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ផ្លូវ​ទ្រឿង​សា ខ្យល់​បក់​ត្រ​សៀកៗ​ត្រ​ជាក់​ស្រិប អ្នក​ខ្លះ​កំ​ពុង​ដើរ​ហាត់​ប្រាណ អ្នក​ខ្លះ​ទៀត​អង្គុយ​ស្ទួច​ត្រី។ល។ អង្គុយ​លើ​កៅ​អី​ថ្ម​តាម​បណ្តោយ​ផ្លូវ​សមុទ្រ ភ្ញៀវ​ទេស​ចរ​អាច​មើល​ឃើញ​ព្រះ​អា​ទិត្យ​ដូច​ភ្លើង​មួយ​ដុំ​ក្រ​ហម​ឆ្អៅ​អស្ដង្គត​ជា​សន្សឹមៗ​ក្នុង​ផ្ទៃ​សមុទ្រ។

សម្រស់​ធម្ម​ជាតិ​នៅ​ហា​តៀង​ស្រស់​ស្អាត​ជា​ទី​មនោ​រម្យ។

បើ​ចង់​ជ្រក​កម្តៅ​ថ្ងៃ ភ្ញៀវ​ទេស​ចរ​គួរ​តែ​ឆ្លៀត​ពេល​អង្គុយ​ក្រោម​ម្លប់​ដើម​ឈើ​ធំៗ​ដ៏​ត្រ​ជាក់​នៅ​ភ្នំ​ប៊ិញ​សាង​និង​ភ្នំ​ភូ​យ៉ុង។ មាន​មនុស្ស​ជា​ច្រើន​មក​សម្រាក​នៅ​ទី​នេះ​នា​ពេល​ថ្ងៃ​ត្រង់ ហាក់​ដូច​ជា ទម្លាប់​អ៊ី​ចឹង។ ចួន​កាល​ឃើញ​ហ្វូង​សត្វ​ស្លាប​ហើរមក​ទំលើ​ចុង​ឈើ​ព្រោង​ព្រាត​និង​ហើរ​ទៅ​វិញ​ទាំង​ហ្វូងៗ។ នៅ​ពេល​រសៀល ភ្ញៀវ​ទេស​ចរ​ទៅ​ហែល​ទឹក​ឆ្នេរ​សមុទ្រ​មូយ​ណាយ​តាម​ចំ​ណង់។ល។

ថ្ងៃ​ណា​ឧស្សាហ៍ ភ្ញៀវ​ទេស​ចរ​គប្បី​មក​ស្វែង​យល់​ពី​ភ្នំ​ថ្មបញ្ឈរ​ឬ​ចូល​ទស្សនា​រូង​ថាច់​ដុង ដើម្បី​ស្វែង​យល់​ពី​រឿង​ថាច់​សាញ សង្គ្រោះ​ព្រះ​រាជ​បុត្រី។ ផ្លូវ​ទៅ​កាន់​រូង​ថាច់​ដុង នៅ​ពេល​រសៀល គឺ​ត្រ​ជាក់​ខ្លាំង​ណាស់ ក្នុង​ការ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ ភ្ញៀវ​ទេស​ចរ​នឹង​បាន​ប្រ​ទះ​ឃើញ​ទិដ្ឋ​ភាព​ប្រ​ចាំ​ថ្ងៃ​ដ៏​ស្រស់​ស្អាត​លើ​វាល​ស្រែ​ធំ​ល្វឹង​ល្វើយ​ដែល​ទើប​ប្រ​មូល​ផល​រួច​រាល់។ល។

ពេល​ល្ងាច​ត្រ​ឡប់​មក​កាន់​មជ្ឈ​មណ្ឌល​ក្រុង ភ្ញៀវ​ទេស​ចរ​ឆៀង​ចូល​ទទួល​ទាន​គុយ​ទាវ​ណាំ​យ៉ាង​មួយ​គោម​នៅ​ហាង​ណា​មួយ​តាម​ដង​ផ្លូវ។ ពី​ព្រោះ​ហាង​នៅ​ទី​នេះ​លក់​តម្លៃ​គួរ​សម ឆ្ងាញ់​ណាស់។ ពេល​យប់​ទៅ​កាន់​ហាង​កា​ហ្វេ​ផៅ​ដាយ ពិ​សា​ភេស​ជ្ជៈ​ត្រ​ជាក់​មួយ​កែវ អង្គុយ​ទស្សនា​ទេស​ភាព​សមុទ្រ គយ​គន់​ពន្លឺ​ភ្លើងព​ណ៌​ភ្លឺ​ចិញ្ចាច​លើ​ស្ពាន​តូ​ចូវ មៀង​មើល​ផ្សារ​រាត្រី​ហា​តៀង​មាន​ភាព​អ៊ូ​អរ​ទាំង​អ្នក​លក់​និង​អ្នក​ទិញ​ពពាក់​ពពូន ។ល។ គ្រាន់​តែ​ប៉ុណ្ណឹង មិត្ត​នឹង​ឃើញ​ហា​តៀង​គឺ​ជា​កន្លែង​ដ៏​ទាក់​ទាញ​ទៅ​ហើយ៕

 ហាថាញ-មុនី

ចែករំលែកអត្ថបទ