ចំពោះព័ត៌មានអំពីករណីឆ្លងជំងឺ ដែលបណ្ដាលមកពីវីរុសបង្ករលាកសួតលើមនុស្ស (HMPV) នៅប្រទេសចិន ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាន និងផ្ដល់អនុសាសន៍លម្អិត សំដៅជួយដល់ប្រជាជនម្ចាស់ការការពារសុខភាព បំផុតគឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម ជិតឈានចូលមកដល់។
រូបភាពជានិមិត្តរូបនៃតំណក់ទឹករបស់ Metapneumovirus - HMPV ។
ឆ្លងតាមរយៈការត្រួតពិនិត្យពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់ប្រទេសចិន ភ្នាក់ងារដែលបង្កជំងឺផ្លូវដង្ហើមទូទៅនាបច្ចុប្បន្ន រួមមាន៖ វីរុសគ្រុនផ្ដាសាយ humanmetapneumovirus (HMPV), RSV និង rhiovirus ។ ទោះបីចំនួនករណីឆ្លងជំងឺតាមផ្លូវដង្ហើមកើនឡើង ប៉ុន្តែស្ថិតក្នុងស្ថានភាពនៃការព្យាករណ៍តាមរដូវរងា ហើយមិនបានកត់សម្គាល់នូវកត្តាអ្វីខុសប្រក្រតីនោះឡើយ។
អង្គការសុខភាពពិភពលោក (WHO) បានវាយតម្លៃចំនួនករណីឆ្លងជំងឺផ្លូវដង្ហើមស្រួចស្រាវ នៅបណ្តាប្រទេសស្ថិតនៅប៉ូលខាងជើងបានកើនឡើងស្របក្នុងពេលនេះក្នុងឆ្នាំ។ WHO បញ្ជាក់ថា នេះជាស្ថានភាពប្រែប្រួលនៃជំងឺរាលដាលតាមរដូវកាល មិនចាំបាច់រឹតបន្ដឹងដំណើរការអាជីវកម្ម ឬការធ្វើដំណើរនោះទេ។
វីរុស HMPV លើមនុស្ស គឺជាភ្នាក់ងារចម្លងជំងឺឆ្លងតាមផ្លូវដង្ហើម តាមរយៈតំណក់ទឹកពីការក្អក កណ្ដាស់ ហៀរសំបោរក្នុងពេលដែលយើងមានការប៉ះពាល់ និយាយគ្នាផ្ទាល់។ វីរុសនេះ មានវត្តមាននៅក្នុងបរិយាកាសជាប់លើវត្ថុផ្សេងៗ ហើយនឹងឆ្លងតាមរយៈការប៉ះពាល់។ រោគសញ្ញាស្រដៀងនឹងជំងឺផ្ដាសាយធម្មតា ដូចជា គ្រុន ក្ដៅ ក្អក តឹងច្រមុះ ឬក៏បណ្ដាលឱ្យមានអាការៈរលាកសួត រលាកទងសួតជាដើម។
ជំងឺដែលបណ្ដាលមកពីវីរុស HMPV ជាធម្មតាកើនឡើងខ្លាំងក្នុងដំណាក់កាលនៃរដូវរងា ដោយសារលក្ខណៈនៃអាកាសធាតុត្រជាក់ស្ងួត ខ្យល់អាកាសត្រជាក់និងករណីដែលងាយនឹងឆ្លងជំងឺ ភាគច្រើនគឺកុមារអាយុក្រោម៥ឆ្នាំ មនុស្សចាស់ អ្នកមានជំងឺប្រចាំកាយដែលមានប្រព័ន្ធភាពសុាំខ្សោយ។
ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងជំងឺ ក្រសួងសុខាភិបាលបានផ្ដល់អនុសាសន៍ ប្រជាជនគប្បីលាងដៃដោយសាប៊ូជាប្រចាំ; ពាក់ម៉ាស់នៅពេលទៅកន្លែងដែលមានមនុស្សច្រើន; បិទមាត់ ច្រមុះ ពេលក្អក ឬកណ្ដាស់។ ប្រជាជនគប្បីបង្កើនការការពារសុខភាព ដោយការរក្សាកម្ដៅរាងកាយ ពិសេសក្នុងស្ថានភាពនៃអាកាសធាតុត្រជាក់។ ព្រមជាមួយនោះ គប្បីអនុវត្តការហូបឆ្អិន ផឹកឆ្អិន បង្កើនអាហារូបត្ថម្ភដើម្បីបង្កើនភាពសុាំនិងនាំកុមារទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួន និងត្រូវតាមកាលកំណត់។ ករណីដែលមានរោគសញ្ញាស្រាល ប្រជាជនអាចនៅផ្ទះឈប់សម្រាក ដើម្បីកុំឱ្យឆ្លងរាលដាល។ ចំពោះករណីធ្ងន់ ឬស្ថិតក្នុងក្រុមហានិភ័យខ្ពស់ គប្បីនាំអ្នកជំងឺទៅកាន់មូលដ្ឋានសុខាភិបាល ដើម្បីទទួលបានការពិនិត្យនិងព្យាបាលទាន់ពេល។
ក្រសួងសុខាភិបាល ក៏បានអំពាវនាវប្រជាជនគប្បីធ្វើបច្ចុប្បន្នភាពព័ត៌មានជាផ្លូវការពីក្រសួងសុខាភិបាល ដើម្បីកុំឱ្យមានការស្លន់ស្លោ ឬខ្វះការប្រុងប្រយ័ត្ន និងម្ចាស់ការអនុវត្តវិធានការបង្ការជំងឺឆ្លងរាលដាលក្នុងរដូវរងា បំផុតគឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម និងពិធីបុណ្យនានា ដើម្បីសហគមន៍ទាំងមូលមានសុខភាពល្អនិងសុវត្ថិភាព។ ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាលក៏បានចង្អុលការដល់អង្គភាព ភូមិភាគនានា ផ្ដោតការយកចិត្តទុកដាក់បង្កើនការងារ បង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាលក្នុងរដូវរងា និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម ព្រមទាំងរដូវបុណ្យទាននាពេលខាងមុខ៕
ប្រភពៈ hanoimoi.vn -ប្រែសម្រួលៈ ពេជ្រសឿន