កីឡា - ទេសចរណ៍ ទេសចរណ៍

13/01/2025 - 16:02

ដំ​ណើរ​គយ​គន់​ផ្កា​និទាឃ​រដូវ 

ក្នុង​អំ​ឡុង​ខែ​១២ នៅ​តាម​ដង​ផ្លូវ​ចូល​ទៅ​ភូមិ​ផ្កា​ដុង​ថាប់ តែង​មាន​មនុស្ស​ម្នា​ច្រើន​កុះ​ករ។ ភ្ញៀវ​ទេស​ចរ​ដើរ​គយ​គន់​សម្រស់​ផ្កា​និទាឃ​រដូវ និង​ថត​រូប​កម្សាន្ត​យ៉ាង​សប្បាយ​រីក​រាយ ញុាំង​ឱ្យបរិ​យា​កាស​ភូមិ​របរ​ប្រ​ពៃ​ណី​រយ​ឆ្នាំ​នៃ​តំ​បន់​ទឹក​ដី​ឈូក​ក្រ​ហម រឹត​តែ​បង្កើន​សោ​ភណ​ភាព ។

ភ្ញៀវ​ទេស​ចរ​គយ​គន់​ភូមិ​ផ្កា​សា​ឌាក។

“ចូល​ឆ្នាំ​សកល” បាន​ឈប់​សម្រាក​ការ​ងារ​មួយ​ថ្ងៃ ម្ល៉ោះ​ហើយ​ក្រុម​បង​ស្រី​លី​ធ្វី​ហឿង នៅ​សង្កាត់​ធើយ​ប៊ិញ ខណ្ឌ​និញ​កេវ ជ្រើស​ធ្វើ​ដំ​ណើរ​ទៅ​កម្សាន្ត​នៅ​ភូមិ​ផ្កា​សា​ឌាក ស្ថិត​នៅ​សង្កាត់ ​តឹង​គ្វី​ដុង ក្រុង​សា​ឌាក ខេត្ត​ដុង​ថាប។ មុន​ពេល​ធ្វើ​ដំ​ណើរ​ទៅ​ក្រុម​បាន​ឯក​ភាព​គ្នា​ជ្រើស​រើស​សម្លៀក​បំ​ពាក់​ឯក​សណ្ឋាន​សម្រាប់​ថត​រូប​ជា​មួយ​ផ្កា​ទុក​ជា​អនុស្សាវ​រីយ៍។ ផ្លូវ​ពី​កឹង​ធើ​ទៅ​ក្រុង​សា​ឌាក​មាន​ភាព​ងាយ​ស្រួល ម្ល៉ោះ​ហើយ ក្រុម​ធ្វើ​ដំ​ណើរ​យ៉ាង​រលូន។ ក្រុម​បង​ស្រី​ហឿង បាន​ជ្រើស​យក​ហាង​ដើម​ឆ័ត្រ​ស្ថិត​នៅ​ឃុំ​តឹង​ហ្វា ស្រុក​ឡុង​ហោ ខេត្ត​វិញ​ឡុង ដើម្បី​ស្រស់​ស្រូប​អា​ហារ​ពេល​ព្រឹក។ រាល់​មុខ​ម្ហូប​សាច់​របស់​ហាង ត្រូវ​បាន​ដាក់​អាំង​ក្នុង​ពាង ម្ល៉ោះ​ហើយ​មាន​រស​ជាតិ​​ឈ្ងុយ​ឆ្ងាញ់។ ទឹក​គ្រឿង​ជ្រក់​របស់​ហាង​ក៏​ឆ្ងាញ់​អត់​ទាស់​ផង​ដែរ។ ក្រុម​របស់​បង​ស្រី​ហឿង បាន​ទៅ​ដល់​ភូមិ​ផ្កា​សា​ឌាក ប្រ​ហែល​ជាង​ម៉ោង ១០។ ព្រះ​អា​ទិត្យ​ក៏​រះ​ឡើង​ខ្ពស់ ហេតុ​នោះ​ក្នុង​ក្រុម​គយ​គន់​ផ្កា​យ៉ាង​សប្បាយ​និង​ថត​រូប​ផង។

យោង​តាម​ប្រវត្តិ​ភូមិ​ស្រុក ចាប់​ពី​សតវត្ស​ទី ១៩ នៅ​ឃុំ​តឹង​គ្វី​ដុង គឺ​មាន​គ្រួ​សារ​ដាំ​ផ្កា​សម្រាប់​លក់។ ផ្ទះ​នេះ​ឃើញ​ផ្ទះ​ឯទៀត​ដាំ​បាន លក់​ចំ​ណេញ​ក៏​រៀន​តាម​កែ​ប្រែ​ចម្ការ​ឈើ​ដើម្បី​ដាំ​ផ្កា។ ដំ​បូង​ផ្តើម​ចេញ​ពី​ផ្កា​ពីរ​បី​ប្រ​ភេទ មក​ដល់​ពេល​នេះ ភូមិ​ផ្កា​សា​ឌាក​អាច​នឹង​ដាំ​បាន​ប្រ​ភេទ​ផ្កា​ស្ទើរ​តែ​ទាំង​អស់​ពី​គ្រប់​តំ​បន់ ក្នុង​នោះ មាន​ប្រ​ភេទ​ផ្កា​ដ៏​ពិ​សេស​របស់​ដា​ឡាត ដូច៖ ផ្កា​លី​លី ផ្កា​អូ​តង់​ស្យា៘ ខណៈ​ឃើញ​មា​មីង​នៅ​តឹង​គ្វី​ដុង បាន​ធូរ​ធារ​ពី​របរ​ដាំ​ផ្កា ប្រ​ជា​ជន​តាម​ឃុំ សង្កាត់​ជិត​ខាង​ដូច៖ សង្កាត់​ទី ៣ សង្កាត់​ទី ២ ឃុំ​តឹង​ខាញ់​ដុង តឹង​គ្វី​តី ក៏​ងាក​មក​ដាំ​ផ្កា​ដែរ។ ផ្តើម​ពី​ទី​ចាប់​កំ​ណើត​តឹង​គ្វី​ដុង ដាំ​ប្រ​មាណ ៣០០ ហិក​តា មក​ទល់​ពេល​នេះ ភូមិ​ផ្កា​សា​ឌាក ដាំ​ជិត ៩០០ ហិក​តា ដោយ​មាន​ជាង ២.០០០ ពូជ ផ្កា​គ្រប់​ប្រ​ភេទ។

ជាក់​ស្តែង ភ្ញៀវ​ទេស​ចរ​មក​កាន់​ភូមិ​ផ្កា​សា​ឌាក មិន​ថា​រដូវ​ណា​ក្នុង​ឆ្នាំ​ក៏​មាន​ផ្កា​ដើម្បី​គយ​គន់​ដែរ។ ប៉ុន្តែ​ក្នុង​ឱកាស​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម គឺ​មាន​ផ្កា​ច្រើន​ជាង ហើយ​បាន​លក់​ដុំ​ដល់​គ្រប់​ខេត្ត​ក្រុង​ក្នុង​ទូ​ទាំង​ប្រ​ទេស​និង​នាំ​ចេញ​ក្រៅ​ប្រ​ទេស​ផង។ ចាប់​តាំង​ពី​ភូមិ​ផ្កា​សា​ឌាក ក្លាយ​ជា​កន្លែង​ទេស​ចរណ៍ ផ្កា​កាន់​តែ​បង្អួត​សម្រស់។ អ្នក​ចម្ការ​ខ្លះ​ជំ​នាញ​ខាង​ដាំ​លក់ ម្ល៉ោះ​ហើយ អនុញ្ញាត​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា​កម្សាន្ត​ថត​រូប​ដោយ​ឥត​គិត​ថ្លៃ។ អ្នក​ចម្ការ​ខ្លះ​ទៀត​ជំ​នាញ​ខាង​ធ្វើ​ទេស​ចរណ៍​បាន​វិនិ​យោគ​សាង​សង់​ខ្ទម​ចាំ ដើម្បី​ភ្ញៀវ​ទេស​ចរ​ចូល​មក​ទិញ​សំ​បុត្រ រួច​ឡើង​ទៅ​លើ​ខ្ទម​គយ​គន់​ផ្កា​ភូមិ​របរ​ទាំង​មូល។ ក្រៅ​ពី​នេះ សេ​វា​កម្ម​ហូប​ចុក ផ្ញើ​យាន​យន្ត​និង​មាន​រថ​យាន្ត អគ្គិសនី​ដឹក​ភ្ញៀវ​ជុំ​វិញ​ភូមិ​របរ​ក្នុង​តម្លៃ​គួរ​សម។

ប៉ុន្មាន​ឆ្នាំ​ជិត​មក​នេះ ដុង​ថាប​មាន​តំ​បន់​ទេស​ចរណ៍​ល្អៗ​ជា​ច្រើន ម្ល៉ោះ​ហើយ ក្រោយ​ពី​ចូល​ភូមិ​ផ្កា ទី​តាំង​ដែល​ត្រូវ​ទៅ​បន្ត​របស់​ភ្ញៀវ​ទេស​ចរ​ក្នុង​ដំ​ណើរ​កម្សាន្ត​និទាឃ​រដូវ​ដុង​ថាប អាច​ជា​ចម្ការ​ក្រូច​ឃ្វិច​ឡាយ​វុង ឬ​ក៏​ឧទ្យាន​ជាតិ​ត្រាំ​ជីម មណ្ឌល​មូល​ដ្ឋាន​ស៊ាវ​ឃ្វិច៘ ប៉ុន្តែ​មុន​ពេល​ឃ្លាត​ពី​សា​ឌាក ភ្ញៀវ​ទេស​ចរ​កុំ​ភ្លេច​ទទួល​ទាន​គុយ​ទាវ​សា​ឌាក ទោះ​បី​ជា​ទទួល​ទាន​គុយ​ទាវ​សាប​ឬ​ប្រៃ គឺ​អា​ហារ​នេះ​នឹង​ដក់​ជាប់​ក្នុង​ចិត្ត ភ្ញៀវ​ទេស​ចរ​ដោយ​រស​ជាតិ​ឆ្ងាញ់​ពិសា៕

 ហា​ថាញ- លី​សៀ

ចែករំលែកអត្ថបទ