នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ ទើបចូលរួមពិធីសម្ពោធគម្រោងកសាងឡើងវិញតំបន់តាំងទីលំនៅភូមិណូវ ឃុំភុកខាញ់ ស្រុកបាវអៀង; ភូមិណឹមតុង ឃុំណាមឡុក និងភូមិខវ៉ាង ឃុំកុកឡូវ ស្រុកបាក់ហា ខេត្តឡាវកៃ ជាកន្លែងដែលគ្រោះមហន្តរាយទឹកជំនន់ស្រុតបាក់ដីដោយសារព្យុះលេខ ៣ (Yagi) បង្កឡើងកាលពីដើមខែកញ្ញា ឆ្នាំ ២០២៤ បណ្តាលឱ្យមនុស្សស្លាប់និងបាត់ខ្លួនរាប់សិបនាក់; ផ្ទះរាប់សិបខ្នងកប់ទៅក្នុងដី និងកួចរសាត់បាត់។
នាយករដ្ឋមន្ត្រី ផាមមិញជិញ សួរសុខទុក្ខជនរួមជាតិនៅគម្រោងកសាងឡើងវិញនៅភូមិណូវ ឃុំភុកខាញ់ ស្រុកបាវអៀង ខេត្តឡាវកៃ។
តំបន់តាំងទីលំនៅឡើងវិញទាំងពីរ គឺ ភូមិណូវ និងណឹមតុង ត្រូវបានកសាងឡើងដោយប្រភពទុនគម្រោង អាស្រ័យមូលនិធិតឹមឡុងវៀត (ស្ថានីយទូរទស្សន៍វៀតណាម - VTV) ធ្វើហិរញ្ញប្បទាន; ចំណែកតំបន់តាំងទីលំនៅខវ៉ាង អាស្រ័យសម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នជាតិវៀតណាមធ្វើហិរញ្ញប្បទាន។ កងពលលេខ ១២ (អគ្គក្រុមហ៊ុនទ្រឿងសើុង) ជាអង្គភាពដំណើរការសាងសង់ជាផ្លូវការ។ គម្រោងនេះ ទទួលបានការរួមដំណើរនិងឧបត្ថម្ភរបស់សប្បុរសជនជាច្រើន ដូចជា៖ អង្គភាពទ័ពលេខ ១២ សម្ព័ន្ធឧស្សាហកម្ម - ទូរគមនាគមន៍យោធា (Viettel), ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងអគ្គក្រុមហ៊ុនព្រលានយន្តហោះវៀតណាមជាដើម។
តំបន់តាំងលំនៅឡើងវិញភូមិណូវ ឃុំភុកខាញ់ ស្រុកបាវអៀង បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២១ ខែកញ្ញា មានផ្ទះ ៤០ ខ្នង សាងសង់២ជាន់ មានផ្ទៃក្រឡា ៨x១២ ម៉ែត្រ រចនាតាមបែបផ្ទះរតប្រពៃណីរបស់ជនជាតិតៃ ព្រមជាមួយនឹងសំណង់រាយរងមួយចំនួនទៀត សំដៅធានាជូនប្រជាជនរស់នៅលំនឹងយូរអង្វែង។ តំបន់តាំងទីលំនៅឡើងវិញភូមិណឹមតុង ឃុំណាមឡុក ស្រុកបាក់ហា បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២២ ខែកញ្ញា ដោយមានផ្ទះ ១៥ ខ្នង ផ្ទៃដីមធ្យមភាគប្រមាណ ១១០ ម៉ែត្រការ៉េក្នុងមួយខ្នង ព្រមជាមួយនឹងសំណង់រាយរងមួយចំនួន ដូចជាអគារវប្បធម៌ មណ្ឌលសាលា ប្រព័ន្ធអគ្គិសនី ទឹកស្អាត ។ល។ តំបន់តាំងទីលំនៅឡើងវិញភូមិខវ៉ាង ឃុំកុកឡូវ ស្រុកបាក់ហា បើកការដ្ឋានសាងសង់នៅថ្ងៃទី ២១ ខែកញ្ញា ដោយមានផ្ទះ ៣៥ ខ្នង មួយខ្នងៗមានទំហំ ៦០ ម៉ែត្រការ៉េ ព្រមជាមួយនឹងសំណង់រាយរងមួយចំនួន និងអគារវប្បធម៌បម្រើការរស់នៅរបស់ប្រជាជន។
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានចង្អុលការនាពេលខាងមុខ ទូទាំងប្រទេសនិងខេត្តឡាវកៃនិយាយដោយឡែក បន្តជម្នះគ្រោះធម្មជាតិ; រៀបចំជូនប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ បានលំនឹងជីវភាពនិងផលិតកម្ម។ នាយករដ្ឋមន្ត្រី សំណូមពរមាមីងនៅភូមិណូវណឹមតុងនិងខវ៉ាង បន្តសាមគ្គីភាពជួយគ្នាទៅវិញទៅមក លំនឹងជីវភាព ផលិតកម្មពលកម្មនិងរៀនសូត្រ។ នាយករដ្ឋមន្ត្រី សង្ឃឹមនិងជឿជាក់ថា តំបន់តាំងទីលំនៅថ្មីទាំង ៣ គឺ៖ ភូមិណូវ ណឹមតុងនិងខវ៉ាង នឹងអភិវឌ្ឍលើគ្រប់វិស័យ ហើយក្លាយជាភូមិគំរូ ភូមិសុភមង្គល។
ស្របក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី បានប្រគល់ជូនផ្ទះ ១៥០ ខ្នងដល់គ្រួសារក្រីក្រ ដែលកំពុងរស់នៅក្នុងផ្ទះបណ្តោះអាសន្ន ឬផ្ទះទ្រុឌទ្រោមលើភូមិសាស្រ្តខេត្តឡាវកៃ អាស្រ័យសម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នជាតិវៀតណាម សម្ព័ន្ធក្រុមហ៊ុន Sovico និងអង្គភាពផ្សេងៗទៀតធ្វើហិរញ្ញប្បទាន។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី ក៏បានជូនកង់ ២០០ គ្រឿង អំណោយ ២០០ ចំណែកនិងសម្លៀកបំពាក់ចំនួន ២០០ សម្រាប់ដល់កុមារខេត្តឡាវកៃ៕
យោង៖ TTXVN -ប្រែសម្រួល៖ វិមាន