ពេលផុតរដូវភ្លៀងធ្លាក់ លោកអ្នកអាចត្រៀមអីវ៉ាន់ដើម្បីធ្វើដំណើរទៅទស្សនាល្បាក់ទឹកប៉ាស៊ី នៅខេត្តកនតុម។ នៅទីនេះ ប្រាកដជាមិនធ្វើឱ្យលោកអ្នកខកបំណងឡើយ។
ល្បាក់ទឹកប៉ាស៊ី ជាទីតាំងទេសចរណ៍កំពុងទាក់ទាញភ្ញៀវទេសចរច្រើនកុះករ
ពេលធ្វើដំណើរមកដល់ម៉ាងដៀង។
ល្បាក់ទឹកប៉ាស៊ី ស្ថិតនៅក្នុងមណ្ឌលទេសចរណ៍ល្បាក់ទឹកប៉ាស៊ី។ មណ្ឌលទេសចរណ៍នេះ បានកសាងនៅលើផ្ទៃដី២៥ហិកតា បច្ចុប្បន្នកំពុងមានការកែលម្អកាន់តែស្រស់ស្អាត។ ដងផ្លូវមកកាន់ល្បាក់ទឹក គឺជាដំណើរស្វែងយល់ដ៏អស្ចារ្យមួយ។ បំផុតគឺពេលលោកអ្នកជ្រើសរើសធ្វើដំណើរដោយម៉ូតូ ត្រូវឆ្លងកាត់ដងផ្លូវបត់បែនតាមជម្រាលភ្នំតូចៗ និងឆ្លងស្ពានយោលកាត់ជ្រោះជ្រលងដងអូរ។ មានដងផ្លូវខ្លះកំពុងធ្វើ និងដងផ្លូវខ្លះទៀតកំពុងបើកទូលាយ ហេតុនោះ ពេលខ្លះជើងរបស់លោកអ្នកត្រូវប្រឡាក់ដោយដីក្រហម។ ប៉ុន្តែកុំបារម្ភអី ពេលលោកអ្នកធ្វើដំណើរកាត់ជ្រោះជ្រលងដងអូររាក់ ទឹកជ្រោះដ៏ថ្លាត្រជាក់នឹងជួយជម្រះជើងរបស់លោកអ្នកឱ្យស្អាតវិញ។ បច្ចុប្បន្ន មណ្ឌលទេសចរណ៍នេះមានផ្ទះរ៉ុងវប្បធម៌ រោងផលិតគ្រឿងសិប្បវិចិត្រកម្ម អគារដាក់តាំងវប្បធម៌របស់ជនជាតិរ៉ឺម៉ម និងមានកសិដ្ឋានដាំបន្លែនិងផ្កា។ល។ មានអាកាសធាតុស្រហាក់ប្រហែលគ្នានឹងដាឡាក ហេតុនោះផ្កានិងបន្លែនៅទីនេះក៏មិនចាញ់នៅទីក្រុងដាឡាកឡើយ។
បន្ទាប់ពីធ្វើដំណើរទស្សនាមួយជុំមណ្ឌលទេសចរណ៍ ភ្ញៀវទេសចរអាចចូលដល់មជ្ឈមណ្ឌល នោះគឺល្បាក់ទឹកប៉ាស៊ីដែលមានកម្ពស់ប្រហែល១.៥០០ម៉ែត្រ បើប្រៀបនឹងកម្រិតផ្ទៃទឹកសមុទ្រ។ ល្បាក់ទឹកនេះ បានកកើតចេញពីភ្នំធំជាងគេចំនួន ៣ នៅម៉ាងដៀង ហេតុនោះ អ្នកស្រុកហៅថា ប៉ាវស៊ូ (Pau Suh) តាមភាសាជនជាតិរ៉ឺម៉ម មានន័យថា ទឹកជ្រោះ៣ប្រភពរួមបញ្ចូលមកលំហូរតែមួយ។ ចំណេរខាងក្រោយមក ឈ្មោះជ្រោះនេះ បានគេហៅក្លាយមកជាប៉ាស៊ីវិញ។ ចូលកាន់ទីនេះពីព្រឹកព្រលឹម លោកអ្នកអាចគយគន់ទឹកធ្លាក់ និងពិសាកាហ្វេគុណភាពមួយកែវពីគ្រាប់កាហ្វេសុទ្ធរបស់ខេត្តកនតុម គឺមានអារម្មណ៍ពិបាកពិពណ៌នា ហើយមិនអាចបំភ្លេចបានឡើយ។
តាមប្រសាសន៍បងស្រី ឌាំងប៊ិចង៉ុក នៅក្រុងកឹងធើ ចំណុចបូកធំបំផុតរបស់មណ្ឌលទេសចរណ៍ល្បាក់ទឹកប៉ាស៊ី នោះគឺខ្យល់អាកាសដ៏បរិសុទ្ធ។ នៅទីនេះអាកាសធាតុក្នុងរង្វង់ពី ២៤ - ២៦អង្សាសេ ហេតុនោះត្រជាក់ស្រួល។ ទេសភាពគួរជាទីមនោរម្យ មានផ្ការីកគ្រប់រដូវ។ ផ្លូវចូលកាន់ល្បាក់ទឹក មានព្រៃឈើបៃតងព័ទ្ធជុំវិញ ធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ដូចស្ថិតក្នុងលំហអាកាសធំល្វឹងល្វើយ។ នៅជើងល្បាក់ទឹកគឺ មានបឹងមួយដោយមានស្ពានយោលធ្វើពីដែកសម្រាប់ភ្ញៀវទេសចរទស្សនាល្បាក់ទឹកធ្លាក់និងថតរូប។ មណ្ឌលទេសចរណ៍មានកញ្ចុះស្លឹកនៅជុំវិញល្បាក់ទឹកសម្រាប់ភ្ញៀវទេសចរសម្របខ្លួនជាមួយធម្មជាតិនិងភ្លក់រសជាតិម្ហូបអាហារពិសេសនៅតំបន់ព្រៃភ្នំ។ តាមពិតទៅ ភ្ញៀវទេសចរនឹងគ្មានអារម្មណ៍ធុញទ្រាន់ ប្រសិនបើចំណាយពេលពេញមួយថ្ងៃនៅទីនេះ ដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ និងគយគន់ផ្ទៃមេឃពណ៌ខៀវស្រងាត់ ក្រោមម្លប់ដើមឈើធំៗ៕
ហាថាញ-វិមាន