ដំណាក់សុខាភិបាលឃុំត្រឿងថ ស្រុកកូវង៉ាង ខេត្តត្រាវិញ បានវិនិយោគគ្រឿងបរិក្ខារពេទ្យសម្រាប់បម្រើការពិនិត្យ ព្យាបាលជំងឺ ព្រមទាំងកម្មាភិបាល បុគ្គលិកបានលើកកម្ពស់វិជ្ជាជីវៈដោយឥតឈប់ឈរ ម្ល៉ោះហើយ ត្រូវបានវាយតម្លៃខ្ពស់ពីការងារថែទាំសុខភាពជូនប្រជាជន។
ប្រជាជនយកកូនមកចាក់វ៉ាក់សាំងបើកទូលាយនៅដំណាក់សុខាភិបាលឃុំត្រឿងថ។
បច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំត្រឿងថ មានកម្មាភិបាល បុគ្គលិកសុខាភិបាល ៥នាក់ ក្នុងនោះ មានវេជ្ជបណ្ឌិតពហុព្យាបាល ២នាក់ ឱសថការីម្នាក់ គ្រូពេទ្យឱសថបុរាណម្នាក់ និងគិលានុបដ្ឋាកម្នាក់។ ចាប់តាំងពីដើមឆ្នាំ២០២៤ រហូតមកដំណាក់សុខាភិបាលបានពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន៥.៧១២លើកនាក់ ក្នុងនោះ ពិនិត្យ និងព្យាបាលដោយឱសថបុរាណ១.១៨៣ លើកនាក់។ អនុវត្តកម្មវិធីទិសដៅសុខាភិបាលនិងចំនួនប្រជាជនដំណាក់សុខាភិបាលបានចាក់វ៉ាក់សាំងបើកទូលាយ បង្ការជំងឺតេតាណូសដល់កុមារ១៧៣នាក់ ចាក់វ៉ាក់សាំងដូសទី១ ដល់ទី៣ឱ្យកុមារអាយុពី១៦ - ៣៦ ខែ បានចំនួន៣១៨នាក់។ អនុវត្តសម្រេចនិងសម្រេចលើសលក្ខឋាននៃស្ថានភាពអាហារូបត្ថម្ភលើកុមារ៖ អត្រាកុមារមានអាយុពី៦-៣៦ខែ បានផឹកវីតាមីន A សម្រេចអត្រា៩៩,១២%; អ្នកម្ដាយ១៥០នាក់បានផឹកវីតាមីន A ក្រោយពីសម្រាល។
កម្មាភិបាលដំណាក់សុខាភិបាលឃុំត្រឿងថ កំពុងបូមឈាមអ្នកជំងឺយកទៅធ្វើតេស្ដ។
បងស្រីថាច់ធីអ៊ុកលឿង នៅភូមិកោះស្វាយ ឱ្យដឹង៖ “នាងខ្ញុំមានផ្ទៃពោះកូនទី២បានជាង៣ ខែមកហើយ។ ខ្ញុំតែងមកពិនិត្យសុខភាពនៅដំណាក់សុខាភិបាលឃុំត្រឿងថ តាមការក្រើនរំលឹករបស់គ្រូពេទ្យ ដើម្បីតាមដានដំណាក់កាលរីកចម្រើនរបស់ទារកឱ្យបានល្អ។ ខ្ញុំសង្កេតឃើញ គ្រូពេទ្យនៅដំណាក់សុខាភិបាលធ្វើការមានភាពហ្មត់ចត់ អស់ពីចិត្តពីថ្លើម មានការទទួលខុសត្រូវខ្ពស់ បង្កទំនុកចិត្តចំពោះអ្នកជំងឺពេលមកពិនិត្យនិងព្យាបាលជំងឺនៅទីនេះ”។
ក្រៅពីពិនិត្យ ព្យាបាលជំងឺជូនប្រជាជន កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតរបស់ដំណាក់សុខាភិបាលឃុំត្រឿងថ នៅទាំងអនុវត្តល្អការងារផ្សព្វផ្សាយអំពីសុខភាពទៀតផង។ ដំណាក់សុខាភិបាលបានចុះកិច្ចសន្យាជាមួយនឹងស្ថានីយផ្សាយសំឡេងឃុំ ចាក់ផ្សាយតាមប្រព័ន្ធឧគ្ឃោសនស័ព្ទ ឃុំមួយសប្ដាហ៍ម្តង អំពីខ្លឹមសារបង្ការប្រឆាំងជំងឺឆ្លងរាលដាល ថែទាំសុខភាពមាតានិងទារក សំដៅរួមចំណែកលើកកម្ពស់ស្មារតីភ្ញាក់រលឹកក្នុងប្រជាជន ថែទាំសុខភាពផ្ទាល់ខ្លួន។ អាស្រ័យអនុវត្តល្អការងារផ្សព្វផ្សាយ ដូច្នេះហើយ ជំងឺឆ្លងរាលដាលមួយចំនួន ដូចជា៖ គ្រុនឈាមនិងជំងឺឆ្លងមួយចំនួនទៀត ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់។
វេជ្ជបណ្ឌិត ថាច់ត្រឿងធូថាវ ប្រធានដំណាក់សុខាភិបាលឃុំត្រឿងថ ឱ្យដឹង៖ “ក្នុងការអនុវត្តការងារពិនិត្យ ព្យាបាលជំងឺជូនប្រជាជន ដំណាក់សុខាភិបាលតែងចលនាកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត យកចិត្តទុកដាក់អនុវត្តល្អក្រមសីលធម៌គ្រូពេទ្យ ១២ប្រការ ស្ដាប់យោបល់ប្រជាជន ដើម្បីកែសម្រួលអាកប្បកិរិយាបម្រើការងារ។ បច្ចុប្បន្ន មូលដ្ឋានសម្ភារៈនិងថ្នាំពេទ្យក្នុងបញ្ជី វេជ្ជបញ្ជាត្រូវបានត្រៀមបម្រុងគ្រប់សព្វ ពេលប្រជាជនមកពិនិត្យជំងឺគឺអាចឆ្លើយតបបានភ្លាម។ អាស្រ័យហេតុនោះ បង្កើតបានការពេញចិត្តរបស់អ្នកជំងឺពេលមកពិនិត្យ ព្យាបាល”៕
សើុងម៉ាល័យ - ថាច់ធី