តាមប្រសាសន៍លោក ង្វៀងតឹងផាក ប្រធានការិយាល័យអប់រំនិងបណ្ដុះបណ្ដាលស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង រយៈពេលកន្លង ផ្នែកអប់រំបានអនុវត្តល្អតួនាទីធ្វើសេនាធិការនិងធ្វើឱ្យជាក់ស្ដែងនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ អំពីការអភិវឌ្ឍអប់រំនៅភូមិភាគ។ អាស្រ័យហេតុនោះ ភាគកម្រិតជាមូលដ្ឋានបានសម្រេច ក្នុងនោះមានការងារគិតគូរដល់សិស្សជនជាតិភាគតិច។
បន្ទប់រៀនថ្មីរបស់អនុវិទ្យាល័យហ្គក្វាវ សាងសង់តាមរយៈកម្មវិធីវិនិយោគសាធារណៈរយៈ
ពេលមធ្យម ដំណាក់កាល២០២១ - ២០២៥ បានសម្រេចជាសា្ថពរ។
ការងារកៀរគរកុមារកម្រិតអាយុ៥ឆ្នាំ សិស្សបឋមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យ ប្រព័ន្ធសាលារៀនត្រូវបានពិនិត្យនិងរៀបចំឡើងវិញឱ្យបានសមស្រប លុបបំបាត់សាលាសាខាជាសន្សឹមៗ និងប្រមូលផ្ដុំសិស្សរៀននៅសាលាមណ្ឌល។ កាលពីឆ្នាំសិក្សាកន្លង ស្រុកបានអនុវត្តតាមកម្មវិធីសៀវភៅសិក្សាគោលថ្មីថ្នាក់ទី៤ ថ្នាក់ទី៨ដំណាលគ្នា សម្រេចបានលទ្ធផលជំហានដំបូង បង្កលក្ខណសម្បត្តិងាយស្រួលសម្រាប់ផ្លាស់សៀវភៅសិក្សាគោលថ្នាក់ទី៥ ថ្នាក់ ទី៩ ថ្នាក់ទី១២ ក្នុងឆ្នាំសិក្សានេះ។ ការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងនិងបង្រៀនមានជំហានវិវឌ្ឍជាវិជ្ជមាន ដោយរក្សាបាននូវបទដ្ឋានឧត្តានកម្មគ្រប់កម្រិត និងលុបបំបាត់គ្រោះមិនចេះអក្សរ ។ល។
អនុវិទ្យាល័យហ្គក្វាវសម្រេចបទដ្ឋានជាតិ ដោយមានទីធ្លាធំទូលាយ ស្រឡះស្រឡំ។
លោកឡេគីមខ្វា អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ បានឱ្យដឹង ការងារអប់រំសម្រេចបានភាគកម្រិតខាងលើ គឺអាស្រ័យស្រុក បានអនុវត្តសម្រេចរួចរាល់ផ្នែកការងារសំណង់វិនិយោគសាធារណៈរយៈពេលមធ្យមដំណាក់កាល២០២១-២០២៥ របស់ផ្នែកអប់រំ។ ស្រុកបានសង់បន្ទប់រៀនថ្មីជាង១៤០បន្ទប់ ថវិកាសរុប ជាង១០០ពាន់លានដុង។ ការិយាល័យអប់រំបានធ្វើសេនាធិការក្នុងការបំពាក់សម្ភារៈប្រើប្រាស់ បំពេញបន្ថែមឧបករណ៍បង្រៀនជំនួសឧបករណ៍ដែលខូតខាតនិងឧបករណ៍ក្មេងលេងនៅមុខទីធ្លាសាលាមត្តេយ្យនានា បូកសរុបថវិកាជាង៩ ពាន់លានដុង។ ផ្ដើមពីនោះ សាលារៀនគ្រប់លក្ខណសម្បត្តិដើម្បីអនុវត្តល្អកម្មវិធីអប់រំថ្មី ថែទាំ អប់រំកុមារ។ល។ អ្នកគ្រូធីហុងវ៉ាង នាយិកាសាលាអនុវិទ្យាល័យទីប្រជុំជនហ្គក្វាវ ឱ្យដឹង៖ “សាលារៀនត្រូវបានវិនិយោគកសាងបន្ទប់រៀន បន្ទប់មុខងារគ្រប់សព្វ ម្ល៉ោះហើយ ការផ្សព្វផ្សាយវិធានការបង្រៀនថ្មីក៏មានភាពងាយស្រួល។ ចំពោះសិស្សជនជាតិភាគតិច សាលារៀនបានអនុវត្តរបបគោលនយោបាយគ្រប់សព្វដើម្បីប្អូនៗ លំនឹងអារម្មណ៍ក្នុងការរៀនសូត្រ”។
លោកឡេគីមខ្វា ឱ្យដឹងបន្ថែម ការងារសង្គមូបនីយកម្មអប់រំ-បណ្ដុះបណ្ដាល ចលនាជំរុញការសិក្សា ជំរុញបញ្ញា កសាងសង្គមរៀនសូត្រក៏ត្រូវបានផ្នែកអប់រំយកចិត្តទុកដាក់ពង្រីក។ ឆ្នាំសិក្សាកន្លងហើយ សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ បានកៀរគរប្រាក់សុទ្ធនិងសម្ភារៈ សរុបជាទឹកប្រាក់ជាង៣,៩ពាន់លានដុង។ ផ្ដើមពីប្រភពទុននេះ សមាគមជំរុញការសិក្សាក៏បានឧបត្ថម្ភសិស្ស១.៣៥៥នាក់ ដើម្បីប្អូនៗមានលក្ខណសម្បត្តិកាន់តែល្អបន្តការរៀនសូត្រ។
បច្ចុប្បន្ន ស្រុកហ្គក្វាវ មានសាលាមត្តេយ្យចំនួន១១ សាលាបឋមសិក្សា២១ អនុវិទ្យាល័យ ៧ និងអនុវិទ្យាល័យជនជាតិអន្តេវាសិក១ អនុវិទ្យាល័យនិងវិទ្យាល័យ៤ វិទ្យាល័យ១ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ - អប់រំប្រចាំ១ ដោយមានសិស្សសិក្សាជាង២៤.០០០នាក់រៀងរាល់ឆ្នាំ៕
ហាថាញ - ថាច់ធី