ពេលមកដល់ម៉ាងឌាង ភ្ញៀវទេសចរប្រាកដជាឆៀងចូលផ្សារណាត់ម៉ាងឌាង នៅទីប្រជុំជាពុំខាន។ ផ្សារនេះបើកនៅក្រោមម្លប់ព្រៃស្រល់នាពេលរាត្រី ម្ល៉ោះហើយតែងដណ្តប់ដោយផ្សែងអ័ព្ទ។ នៅទីនេះ ភ្ញៀវទេសចរអាចនឹងភ្លក់រសជាតិដំឡូងដុត ពោតអាំង បាយក្រឡាន។ល។ ព្រមទាំងទស្សនាមណ្ឌលរូបចម្លាក់រាប់រយធ្វើពីឈើ ដែលជាសិល្បៈចម្លាក់ប្រជាប្រិយដិតដាមដោយអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិភាគតិច។
រូបភាពមួយចំនួននៅផ្សារណាត់ម៉ាងឌាង។
ចំណាប់អារម្មណ៍ដំបូងពេលមកដល់ផ្សារណាត់ គឺសួនរូបចម្លាក់។ ក្នុងរមណីយដ្ឋាន ជាទីមនោរម្យ រូបចម្លាក់ឈើជាសិល្បៈចម្លាក់ប្រជាប្រិយ បង្ហាញពីលក្ខណៈវប្បធម៌ក្នុងតំបន់-ជាទម្រង់សិល្បៈចម្លាក់មានតាំងពីយូរលង់មករបស់ជនរួមជាតិភាគតិចនៅតីង្វៀននិយាយរួម នៅខេត្តកនតុមនិយាយដោយឡែក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺរូបចម្លាក់អស់ទាំងនេះ ត្រូវបានដាប់ឆ្លាក់ដោយឧបករណ៍សាមញ្ញ មានដូច៖ ដឹង កាំបិត ពន្លាក។ល។ ប៉ុន្តែជាមួយគំនិតច្នៃប្រតិដ្ឋរបស់សិប្បករ រូបចម្លាក់មានភាពរស់រវើក មានប្រលឹង លាតត្រដាងពីជីវភាពពិតប្រចាំថ្ងៃនៃតំបន់ស្រែចម្ការ ពេលប្រមាញ់សត្វ ក៏ដូចជាទំនៀមទម្លាប់ ជំនឿនិងការប្រជុំជីវភាពវប្បធម៌ក្នុងសហគមន៍របស់ជនរួមជាតិភាគតិចនៅតីង្វៀន។ បងស្រីលីធីធូហ្វាយ នៅក្រុងកឹងធើ ឱ្យដឹង៖ “សម្រាប់ខ្ញុំ សួនរូបចម្លាក់មិនត្រឹមតែសម្រាប់ទស្សនាប៉ុណ្ណោះទេ វណ្ណកម្មទាំងនេះនៅទាំងដិតដាមដោយអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិភាគតិចនៅតីង្វៀនទៀតផង។ រូបចម្លាក់ទាំងនេះ ប្រកបដោយលក្ខណៈប្រពៃណីដ៏ថ្លៃថ្លានិងជានិមិត្តរូបនៃជំនឿរបស់ជនរួមជាតិនៅតីង្វៀន”។
ដើម្បីទស្សនាកម្សាន្តសួនរូបចម្លាក់ និងភ្លក់រសជាតិម្ហូបអាហារដែលមានដាក់លក់នៅផ្សារណាត់ ភ្ញៀវទេចរត្រូវមកកាន់ម៉ាងឌាងនៅថ្ងៃចុងសប្តាហ៍។ ផ្សារនេះបើកដំណើរការតែពេលរសៀលរហូតដល់អស់ភ្ញៀវ។ ដោយសារផ្សារណាត់បើកនៅទីប្រជុំជន ដូច្នេះ ភ្ញៀវទេសចរគប្បីថ្លឹងថ្លែងឱ្យបានហ្មត់ចត់ ពីព្រោះ ក្នុងរដូវភ្លៀងបើភ្ញៀវជ្រើសរើសផ្ទះស្នាក់នៅឆ្ងាយពីមជ្ឈមណ្ឌល នឹងពិបាកធ្វើដំណើរទៅមក ព្រោះផ្លូវនៅតំបន់ខ្ពង់រាប បត់បែនតាមជម្រាលភ្នំឡើងចុះ ក្រវិចក្រវៀន។ តាមពិតទៅផ្សារណាត់គឺជាកន្លែងសមស្របសម្រាប់ភ្ញៀវឆៀងចូលទស្សនាកម្សាន្ត។ ព្រោះទីនេះប្រមូលផ្តុំលក្ខណៈពិសេសដោយឡែករបស់ស្រុកកនប្លង ខេត្តកនតុម ព្រោះថា ឃុំនីមួយៗលើភូមិសាស្ត្រមានល្វែងមួយសម្រាប់ដាក់លក់កសិផលប្រពៃណីនិងដាក់តាំង រូបចម្លាក់ឈើរបស់ជនរួមជាតិភាគតិច។ ពេលដើរកម្សាន្តនឿយហត់ ភ្ញៀវទេសចរអាចជ្រើស រកហាងលក់ម្ហូបអាហារពិសេសរបស់ភូមិស្រុក ដើម្បីពិសាជុំមិត្តភក្តិសប្បាយរីករាយ។ ក្រោមម្លប់ដើមស្រល់ អមដោយពន្លឺអំពូលភ្លើងអគ្គិសនីដ៏ស្រទន់ អង្គុយក្រេបស្រាអេកជាមួយមាន់អាំង បាយក្រឡាន។ល។ គឺជាការឆ្លងកាត់បទពិសោធន៍មួយដែលមិនអាចបំភ្លេចបាន។
នៅផ្សារណាត់មានដាក់លក់ម្ហូបអាហារគ្រប់មុខ ដើម្បីបម្រើតាមតម្រូវការភ្ញៀវទេសចរ។ វិសេសនៅទីនេះក៏មានលក់ផលិតផលរបស់ភូមិស្រុកឬផលិតផលសិប្បកម្ម ដើម្បីភ្ញៀវទិញជូនជាវត្ថុអនុស្សាវរីយ៍។ ហេតុដូច្នេះ ពេលថ្ងៃភ្ញៀវទេសចរអាចដើរលេងកម្សាន្តក្រោមម្លប់ព្រៃព្រឹក្សា គយគន់សម្រស់ទឹកជ្រោះហូរមិនដាច់ ចាំដល់ពេលយប់ទៅផ្សារណាត់ម៉ាងឌាងដើម្បីហូបចុក និងទិញអីវ៉ាន់៕
ហាថាញ-មុនី