អង្គភាពនានានៅលើភូមិសាស្រ្តខេត្តគៀងយ៉ាង បាននិងកំពុងអនុវត្តមានប្រសិទ្ធភាពសេចក្ដីសម្រេចលេខ ៧០៧/QĐ-UBND របស់គណៈកម្មាធិការប្រជាជនខេត្ត ម្ល៉ោះហើយការបង្រៀនអក្សរខ្មែរនៅតាមសាលារៀនភូមិស្រុក កាន់តែព្រមៗគ្នាពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកអភិរក្សវប្បធម៌ខ្មែរ។
ថ្នាក់រៀនអក្សរខ្មែរនៅវត្តតាមុំ។ រូបថតដោយសហការី
តាមប្រសាសន៍លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ខេត្តបានផ្សព្វផ្សាយសេចក្ដីសម្រេចលេខ ៧០៧ របស់គណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង កំណត់អំពីភាសាខ្មែរគឺភាសាជនជាតិភាគតិចសម្រាប់បង្រៀននិងរៀននៅតាមមូលដ្ឋានអប់រំលើភូមិសាស្រ្ត។ សេចក្ដីកំណត់នេះ ត្រូវបានប្រកាសដាក់ឱ្យប្រើបន្ទាប់ពីក្រសួងអប់រំនិងបណ្ដុះបណ្ដាល ផ្សព្វផ្សាយចរាចរលេខ៣៤/២០២០/TT-BGDĐT ស្ដីពីការប្រកាសដាក់ចេញកម្មវិធីអប់រំចំណេះទូទៅភាសាបាណា ភាសាចាម ភាសាអេដេ ភាសាខ្មែរ ភាសាម៉ុង ភាសាព្នង ភាសាថៃ។ ហេតុនោះ ភាសាខ្មែរគឺមុខវិជ្ជានៅក្នុងវិស័យអប់រំភាសា ជាមុខវិជ្ជាជ្រើសរើសក្នុងប្រព័ន្ធមុខវិជ្ជា។ កម្មវិធីបង្រៀនអក្សរខ្មែរ ផ្ដោតលើការអភិវឌ្ឍសមត្ថភាពភាសា ឆ្លងតាមរយៈបំណិនចំនួន៤៖ ស្ដាប់ សន្ទនា អាននិងសរសេរ សំដៅរួមចំណែកអប់រំការយល់ដឹងក្នុងការថែរក្សា អភិរក្សអភិវឌ្ឍភាសា វប្បធម៌របស់ជនជាតិខ្មែរ សមស្របជាមួយនឹងបណ្ដាជនជាតិឯទៀតនៅប្រទេសវៀតណាម។
សិស្សប្រឡងអានអក្សរខ្មែរ ក្នុងការប្រឡងបិទវគ្គសិក្សារដូវវិស្សមកាល។
រូបថតដោយសហការី
ដើម្បីរៀបចំការបង្រៀនអក្សរខ្មែរប្រកបដោយប្រសិទ្ធភាព ខេត្តគៀងយ៉ាងបានឧបត្ថម្ភថវិកាដល់គ្រូបង្រៀន។ គ្រូបង្រៀនអក្សរខ្មែរ រួមមាន ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ និងគ្រូបង្រៀនចូលនិវត្តន៍ បញ្ញវន្តចូលនិវត្តន៍ដែលចេះអក្សរខ្មែរ។ លោកយ័ញសាង ប្រធានគណៈកម្មការវត្តតាមុំ ឃុំឌិញហ្វា ស្រុកហ្គក្វាវ ឱ្យដឹង៖ “មុនពេលចូលឆ្នាំសិក្សា ២០២៤-២០២៥ វត្តបានរៀបចំប្រកាសលទ្ធផលដល់សិស្សដែលរៀនអក្សរខ្មែរក្នុងរដូវវិស្សមកាលចំនួន២ថ្នាក់ និងជូនរង្វាន់ដល់សិស្សដែលទទួលបានលទ្ធផលល្អ។ ចាប់តាំងពីរដ្ឋបានឧបត្ថម្ភថវិកាសម្រាប់គ្រូបង្រៀន និងសប្បុរសជនជំនួយប៊ិក សៀវភៅ។ល។ ការរៀបចំបង្រៀនក៏កាន់តែមានបែបបទ។ ពិសេសនៅពេលដែលមានកម្មវិធីបង្រៀនអក្សរខ្មែរដែលក្រសួងអប់រំនិងបណ្ដុះបណ្ដាលបានកំណត់ការបង្រៀននិងរៀនអក្សរខ្មែរត្រូវបានអនុវត្តស្របតាមសេចក្ដីកំណត់របស់ផ្នែកអប់រំ”។ បងស្រីធីឡេវ នៅភូមិហ្វាហើង ឃុំឌិញហ្វា រ៉ាយរ៉ាប់៖ “ប្ដីប្រពន្ធខ្ញុំចេះខ្មែរ តែមិនចេះអក្សរ ទើបប្ដេជ្ញាចិត្តឱ្យកូនចេះនិយាយនិងចេះអក្សរខ្មែរ។ ព្រោះហេតុនោះ យើងខ្ញុំតែងឆ្លៀតពេលដើម្បីជូនកូនទៅវត្តរៀន”។
យោងតាមគណៈជនជាតិខេត្តគៀងយ៉ាង ក្នុងខេត្តមាន២៧ជនជាតិ មានចំនួនមនុស្សសរុបជាង១,៧៤លាននាក់ ក្នុងនោះ ជនជាតិខ្មែរស្រូបអត្រា១៣,១៩%នៃចំនួនប្រជាជនសរុបទូទាំងខេត្ត។ ជាពិសេសវត្តទក្ខិណនិកាយខ្មែរទាំង៧៥ វត្ត ភាគច្រើនបានរៀបចំបើកបង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាល។ នេះជាសកម្មភាពមានអត្ថន័យក្នុងការថែរក្សាភាសាវប្បធម៌ជនជាតិខ្មែរ៕
ហាថាញ - ថាច់ធី