ខេត្តសុកត្រាំង នឹងប្រារព្ធពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង តំបន់វាលរាបទន្លេគឺវឡុង លើកទី៦ ទន្ទឹមនឹងការចាប់ផ្ដើមសប្ដាហ៍វប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំង លើកទី១។ នេះជាព្រឹត្តិការណ៍វប្បធម៌ កីឡានិងទេសចរណ៍ទ្រង់ទ្រាយធំ រំពឹងថា នឹងនាំមកនូវការទស្សនាកម្សាន្តយ៉ាង ពិសេសសម្រាប់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស។
ឈុតរបាំសម្ដែងក្នុងពិធីបុណ្យអកអំបុក។
លោកត្រឹងមិញលី នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត សុកត្រាំង ឱ្យដឹង៖ ប្រធានបទនៃព្រឹត្តិការណ៍ ឆ្នាំនេះគឺ “អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ បណ្ដាជនជាតិ សមាហរណកម្មនិងអភិវឌ្ឍន៍”។ ព្រឹត្តិការណ៍នឹងប្រព្រឹត្តឡើងនៅទីតាំងសំខាន់ៗ ជាច្រើនក្នុងក្រុងមានដូចជាទីលានបាច់ដាំង ដងព្រែក Maspéro និងមណ្ឌលវប្បធម៌ហោនឿកង៉ក ជាមួយនឹងថវិកាត្រៀមរៀបចំសរុបជាង១៧ ពាន់លានដុង ដែលភាគច្រើនបានមកពីប្រភពសង្គមូបនីយកម្ម។ ចំណុចសំខាន់នៃបុណ្យអកអំបុកឆ្នាំនេះ គឺពិធីប្រណាំងទូក-ង តាមការគ្រោងទុកនឹងមានទូក-ងបុរស នារីចូលរួមពី៥៥ដល់ ៦០ទូក។ ក្រៅពីនោះ នៅមានពិធីសំពះព្រះខែ បណ្ដែតប្រទីបនិងសម្ដែងបង្ហាញទូកគែហ៊ៅ។ សកម្មភាពទាំងនេះ មិនត្រឹមតែលើកតម្កើងលក្ខណៈវប្បធម៌ដ៏ពិសេសរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ នៅថែមទាំងញុាំងឱ្យបរិយាកាសបុណ្យកាន់តែមានភាពពុះពោរនិងទាក់ទាញទៀតផង។
ប្រណាំងទូក-ង គឺសកម្មភាពលេចធ្លោក្នុងពិធីបុណ្យអកអំបុក។
ទន្ទឹមនឹងនោះ សប្ដាហ៍វប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំង នឹងនាំមកនូវព្រឹត្តិការណ៍ចម្រុះជាច្រើន ដូចជាផ្សារណាត់ជំរុញពាណិជ្ជកម្មផលិតផល OCOP ពិព័រណ៍អាហារមេគង្គ លើកទី១ និងការសម្ដែងសិល្បៈពន្លឺ។ ជាពិសេស ព្រឹត្តិការណ៍នេះនឹងបង្កើតកំណត់ត្រាហ្គីណេសវៀតណាម ជាមួយនឹងការប្រគំភ្លេងពិណពាទ្យដ៏ធំបំផុត ដែលមិនធ្លាប់មានពីមុនមក។
លោកង្វៀងវ៉ាន់ខើយ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង បានចង្អុលការដល់មន្ទីរ គណៈ ផ្នែកពាក់ព័ន្ធ គប្បីបំពេញឱ្យរួចរាល់ការងារត្រៀមបម្រុង ដើម្បីធានាព្រឹត្តិការណ៍ប្រារព្ធឡើងប្រកបដោយជោគជ័យ និងបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅក្នុងដួងចិត្តភ្ញៀវទេសចរ។ ព្រឹត្តការណ៍នេះ មិនត្រឹមតែជាឱកាសដើម្បីលើកតម្កើងវប្បធម៌ប្រវេណីប៉ុណ្ណោះទេ នៅថែមទាំងជាឱកាសដើម្បីជំរុញទេសចរណ៍និងផ្សព្វផ្សាយរូបភាពនៃខេត្តសុកត្រាំងទៅកាន់មិត្តភក្ដិអន្តរជាតិទៀតផង៕
យោង៖ Baocongluan - ថាច់ធី