បច្ចុប្បន្ន លើភូមិសាស្រ្តខេត្តសុកត្រាំង មានមូលដ្ឋានក្លឹបនិងបន្ទប់ហាត់យោគៈជាច្រើនទាក់ទាញមនុស្សគ្រប់វ័យចូលរួមហាត់។ ពីព្រោះយោគៈគឺជាវិញ្ញាសាហាត់ប្រាណមួយរួមចំណែកបង្កើនសុខភាព ធ្វើឱ្យរូបរាងស្រស់ស្អាតដល់អ្នកហាត់។
យោគៈជាវិញ្ញាសាហាត់ប្រាណ ដែលសមស្របនឹងមនុស្សគ្រប់វ័យ។
បើតាមបងស្រីង៉ោធីឡែធូ គ្រូណែនាំហាត់ នៅក្លឹបយោគៈជីវិតស្រស់ស្រាយ ក្រុងសុកត្រាំង យោគៈជាវិញ្ញាសាគួបផ្សំទាំងចលនា និងសមាធិ ម្ល៉ោះហើយសមស្របនឹងមនុស្សគ្រប់វ័យ គ្រប់ភេទ។ ចំពោះអ្នកដែលមានកម្លាំងខ្សោយ មានជំងឺប្រចាំកាយក៏អាចហាត់បានដែរ ពីព្រោះមានគ្រូណែនាំ។ ម្យ៉ាងទៀត កាយវិការមួយៗត្រូវបានអនុវត្តដោយការយកចិត្តទុកដាក់ខ្ពស់ ហើយពិសេសគឺតាមដានខ្យល់ដង្ហើមចេញចូល។ មនុស្សភាគច្រើនលើកឡើងថា យោគៈគឺត្រូវពត់ពេនខ្លួន គឺបង្ហាញពីកម្លាំងនៃសាច់ដុំប្រើ ឥរិយាបថផ្សេងៗដោយយកដៃទម្រខ្លួនឡើង។ តាមពិត យោគៈមានច្រើនប្រភេទហើយប្រភេទនីមួយៗសម្របទៅតាមតម្រូវការនិងគោលបំណងផ្សេងគ្នារបស់អ្នកហាត់។ ប៉ុន្តែ គ្រប់យ៉ាងនាំមកនូវកាយវិការវិជ្ជមានសម្រាប់សុខភាពមនុស្ស។ បើតាមបងស្រីឡែធូ យោគៈក៏មានច្រើនទម្រង់ផងដែរ ក្នុងនោះ ទម្រង់យោគៈដែលច្រើនជួបប្រទះដូច៖ Hatha yoga យោគៈហ្វឹកហាត់ខាង ផ្លូវចិត្ត Happy Flow yoga យោគៈហ្វឹកហាត់ខាងផ្លូវកាយ Hot yoga ធ្វើឱ្យក្តៅសាច់ដុំ រំដោះថាមពល។ល។ ពិសេស Flow yoga យោគៈសម្របខ្លួនទៅតាមចង្វាក់ភ្លេង អាចដុតកាឡូរី ច្រើនហើយក្នុងពេលហាត់ម្តងៗអាចនឹងដុតពី៤០០- ៧០០កាឡូរី។
ការហាត់យោគៈនៅក្លឹបយោគៈជីវិតស្រស់ស្រាយ។
ដោយមានផលប្រយោជន៍ជាក់ស្តែងខាងសុខភាព យោគៈក្លាយជាជម្រើសរបស់មនុស្សជាច្រើន ពិសេសបងប្អូននារី។ អ្នកខ្លះទៅហាត់យោគៈដោយមានគោលបំណងផ្សេងៗ ដូច៖ សម្រកទម្ងន់រក្សាដងខ្លួនសមសួន; កែលម្អសុខភាព ខ្យល់ដង្ហើម ក្មេងជាងវ័យ មានអ្នកខ្លះចង់បានតុល្យភាពក្នុងជីវភាពស្មារតី៘ បងស្រី លឿងធីគីមឡង នៅស្រុកចូវថាញ់ ឱ្យដឹង៖ “មុនពេលមកហាត់យោគៈ ខ្ញុំច្រើនតែឈឺខ្លួនល្ហិតល្ហៃ ប៉ុន្តែក្រោយរយៈពេលហាត់ ឃើញថាមានកម្លាំងមាំមួន ដេកស្កប់ស្កល់ ស្មារតីស្រស់ស្រាយ អារម្មណ៍សប្បាយរីករាយ”។ រីឯបងស្រីលីធីថាញ នៅក្រុងសុកត្រាំង ឱ្យដឹង៖ “ក្រោយពីកើតកូនពីរនាក់មក ខ្ញុំកាន់តែធាត់ឡើង ម្ល៉ោះហើយមានការរអែងពេលទៅស្ថាប័នធ្វើការ។ ផ្ដើមពីនោះ ខ្ញុំសម្រេចចិត្តទៅកាន់ក្លឹបយោគៈជីវិតស្រស់ស្រាយដើម្បីហាត់យោគៈ។ រយៈពេលហាត់ជាង ១ឆ្នាំ ខ្ញុំឃើញសុខភាពមានភាពល្អប្រសើរច្រើន ស្មារតីមាំមួន រាងកាយទន់ភ្លន់ រស់នៅស្រស់ស្រាយ សប្បាយរីករាយ។ ពិសេស ខ្ញុំមានរូបរាងសមសួន រក្សាបានភាពក្មេងជាងវ័យនិងជឿជាក់លើខ្លួនឯងពេលទៅស្ថាប័នធ្វើការឬការប្រាស្រ័យទាក់ទងនឹងអតិថិជន”។
បច្ចុប្បន្ន ទូទាំងខេត្តសុកត្រាំងមាន១៤មូលដ្ឋាន ហាត់យោគៈ ក្នុងនោះ ក្រុងសុកត្រាំងមាន៨ មូលដ្ឋាន មានអ្នកមកហាត់រាប់ពាន់នាក់និងកើនឡើងជាលំដាប់។ រៀងរាល់ឆ្នាំ មន្ទីរវប្បធម៌កីឡានិងទេសចរណ៍សុកត្រាំង តែងរៀបចំពិធីគាំទ្រទិវាយោគៈអន្តរជាតិ (ថ្ងៃទី២១ ខែមិថុនា) ដោយមានកីឡាករគ្រប់វ័យជាង៤០០នាក់ មកពីមូលដ្ឋាននិងក្លឹបផ្សេងៗចូលរួម។ ប្រការនេះ បានគូសបញ្ជាក់៖ ចលនាហ្វឹកហាត់យោគៈកាន់តែរីកចម្រើន និងប្រជាជនកាន់តែយកចិត្តទុកដាក់ដល់គុណភាពនៃការរស់នៅ ក៏ដូចជាតម្រូវការថែទាំសុខភាព៕
យ្វីអាញ- លីសៀ