08/07/2024 - 17:05

ការ​បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សមកាល​នៅ​បាក​លីវ​

ជា​រៀង​រាល់​ឆ្នាំ​ ឱ្យ​តែដល់​រដូវ​វិស្សម​កាល​ម្តង​ៗ នៅ​តាម​វត្ត​អា​រាម​និង​ភូមិ​ស្រុក​នា​នា​ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​លើ​ភូមិ​សាស្ត្រ​ខេត្ត​បាក​លីវ​ តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ។​ នេះ​ជា​ទង្វើ​រួម​ចំ​ណែក​ព្រួត​ដៃ​ក្នុង​ការ​អភិរក្ស​ភាសា​និង​អក្សរ​សាស្ត្រ​របស់​ជន​ជាតិ​ខ្មែរ។​

ព្រះ​ចៅ​អធិ​ការ​និង​គណៈ​កម្ម​ការ​វត្ត​មុនី​សិរី​សោ​ភ័ណ (កោះ​ដូង​) ជូន​សិក្ខូប​ករ​ណ៍
ដល់សិស្សមុននឹងចូលរៀនអក្សរខ្មែរ។

តាម​ថេរដី​កា​ព្រះ​ឧបជ្ឈាយ៍ តាំង​សា​វង្ស​ អនុប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​បាក​លីវ​ និង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​បុប្ផា​រាម (ខ្វែង​បបែល​ចាស់) ឃុំ​ហឹង​ហោយ​ ស្រុក​វិញ​ឡើយ​ មក​ទល់​ពេល​នេះ​ ទូទាំង​ខេត្ត​មាន​វត្ត​អា​រាម​ខ្មែរ​២០/២២ បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល​។​ ក្រៅ​ពី​ការ​បង្រៀន​អក្សរ​ខ្មែរ​ មាន​វត្ត​ជា​ច្រើន​ក៏​បាន​បើក​ថ្នាក់​ធម្ម​វិន័យ​ និង​ថ្នាក់​បាលី​សម្រាប់​ព្រះ​សង្ឃ​សិក្សា​ផង​ដែរ។​

ព្រះ​តេជ​ព្រះ​គុណ​ ថាច់​យឿង​ទ្រុង​ ព្រះ​ចៅ​អធិ​ការ​វត្ត​មុនី​សិរី​សោ​ភ័ណ (កោះ​ដូង​) ឃុំ​វិញ​ភូតី ស្រុក​ភឿក​ឡុង​ ព្រះ​អង្គ​តែង​លើ​ក​ចិត្ត​ទឹក​សិស្ស​ខំប្រឹង​សិក្សា​ ដើម្បី​ចេះ​អាន ចេះ​សរ​សេរ​អក្សរ​ខ្មែរ​ គ្រាន់​បាន​ជាចំ​ណេះ​ដឹង​ទៅ​អនា​គត។​ ឆ្នាំ​នេះ​ វត្ត​បើក​បង្រៀន​អក្សរ​ខ្មែរ​ចាប់​ពី​ថ្នាក់​ទី​១​ដល់​ទី​៣ ដោយ​មាន​សិស្ស​ចូល​រៀន​ជាង​៦០ នាក់។​ អ្នក​មីង​សើុង​ធីភា ជូន​ចៅ​២​នាក់​មក​រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​មុនី​សិរី​សោ​ភ័ណ។​ គាត់​ឱ្យ​ដឹង​៖ “ឮ​វត្ត​ប្រ​កាស​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ ដូច្នេះ​ ខ្ញុំ​ក៏​មក​ចុះ​ឈ្មោះ​ឱ្យ​ចៅ​២​នាក់​ចូល​រៀន។​ ចៅ​ ខ្ញុំ​រៀន​ថ្នាក់​ដំ​បូង​ប៉ុន្មាន​ខែ​រដូវ​វិស្សម​កាល​ អាច​ចេះ​អាន ចេះ​សរ​សេរ​ព្យញ្ជនៈ​៣៣​តួបាន​គួរ​សម។​ ចៅ​ចេះ​បាន​ច្រើន​ភាសា​កាន់​តែល្អ​ បំ​ផុត​គឺអក្សរ​ខ្មែរ​”។​

ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​ ក្រុង​បាក​លីវ។​

ចំ​ណែក​នៅ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​ ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ​ បើក​ប​ង្រៀន​អក្សរ​ខ្មែរ​បាន​៦​បន្ទប់​ ចាប់​ពី​ថ្នាក់​ទី​១​ដល់​ទី​៣។​ ក្នុង​មួយ​ថ្ងៃ​រៀន​២​ពេល​ ហើយ​ព្រះ​សង្ឃ​ក្នុង​វត្ត​រ៉ាប់​រង​ការ​បង្ហាត់​បង្រៀន។​ ព្រះ​ឧបជ្ឈាយ៍ យឿង​វឹង​ ព្រះ​ចៅ​អធិ​ការ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​ មាន​ថេរដី​កា៖ “ការ​បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សមកាល​ បាន​ក្លាយ​ជាទម្លាប់​ប្រ​ចាំ​ឆ្នាំ​ ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ពី​សំ​ណាក់​មាមីង​ពុទ្ធ​បរិស័ទ​ មាមីង​ជូន​កូន​ចៅ​មក​រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត​ច្រើន​កុះ​ករ។​ ការ​រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សមកាល​ ជួយ​ឱ្យ​ប្អូនៗ​ ចេះ​អាន ចេះ​សរ​សេរ​អក្សរ​ខ្មែរ”។​

យោង​តាម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ទន្ទឹម​នឹង​ការ​អនុវត្ត​ពេញ​លេញ​ ទាន់​ពេល​អំ​ពី​គោល​នយោ​បាយ​អា​ទិភាព​របស់​បក្ស​និង​រដ្ឋ​ ឆ្នាំ​២០២៣ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ បាន​ចំ​ណាយ​ថវិកា​ប្រ​មាណ​៥២០​លាន​ដុង​ ពី​ប្រ​ភព​ទុន​អនុវត្ត​គោល​នយោ​បាយ​ដាច់​ដោយ​ឡែក​រ​បស់ខេត្ត​ ដើម្បី​ឧបត្ថម្ភ​ដល់​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សមកាល។​ គោល​នយោ​បាយ​អា​ទិភាព​ បាន​ផ្តល់​កម្លាំង​ចិត្ត​ដល់​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​នៅ​តាម​វត្ត​អា​រាម​និង​ភូមិ​ស្រុក​ ដើម្បី​រួម​ចំ​ណែ​ក​ព្រួត​ដៃ​គ្នា​អភិរក្ស​ភាសា​និង​អក្សរ​សាស្ត្រ​របស់​ជន​ជាតិ​ខ្មែរ៕​

      លី​ធាន​-មុនី​

ចែករំលែកអត្ថបទ