24/06/2024 - 16:58

អ៊ូ​អរ​នៃ​ការ​រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សមកាល​

ជារៀង​រាល់​ឆ្នាំ​ ឱ្យ​តែដល់​រដូវ​វិស្សមកាល​ម្តង​ៗ​ នៅ​តាម​វត្ត​អា​រាម​នា​នា​លើ​ភូមិ​សាស្ត្រ​ខេត្ត​សុក​ត្រាំង​ តែង​បើ​ក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ជូន​កូន​ចៅ​មាមីង​ជន​រួម​ជាតិ​ខ្មែរ​។​ សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​នេះ​ បាន​រួម​ចំ​ណែ​ក​ក្នុង​ការ​អភិរក្ស​ភាសា​និង​អក្សរ​សាស្ត្រ​របស់​ជន​ជាតិ​ខ្មែរ។​

ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​បទុម​វង្សា​សំ​រោង​។​

ពេល​ម៉ោង​៨ព្រឹក​ នៅ​វត្ត​បទុម​វង្សាសំ​រោង​ សង្កាត់​ទី៥ ក្រុង​សុក​ត្រាំង​ យើង​តែង‌ឮ​សំ​ឡេង​អាន​មេរៀន​របស់​ប្អូន​នៅ​ក្នុង​វត្ត​។​ វត្ត​បើក​បង្រៀន​ចាប់​ពី​ថ្នាក់​ទី​១​ដល់​ទី​៤ មាន​សិស្ស​ចូល​រៀន​ជិត​១៤០​នាក់។​ ក្រៅ​ពី​នោះ​ វត្ត​នៅ​ទាំង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​នៅ​ភូមិ​ចុង​ចាក​ ភូមិ​នេះ​នៅ​ឆ្ងាយ​ពី​វត្ត​ ម៉្លោះ​ហើយ​ព្រះ​ចៅ​អធិ​ការ​វត្ត​ក៏​បាន​ចាត់​ព្រះ​សង្ឃ​ទៅ​បង្ហាត់​បង្រៀន។​ ព្រះ​តេជ​ព្រះ​គុណ​លីមិញ​ឌឹក ព្រះ​ចៅ​អធិ​ការ​វត្ត​បទុម​វង្សា​សំ​រោង​ មាន​ថេរ​ដី​កា៖ “រៀង​រាល់​ឆ្នាំ​ ជិត​ដល់​រដូវ​វិស្សម​កាល​សាលា​សកល អា​ត្មា​ភាព​ប្រ​កាស​ជូន​ដំ​ណឹង​ដល់​មាមីង​ពុទ្ធ​បរិស័ទ​ កំ​ណត់​ថ្ងៃ​បើក​បង្រៀន​អក្សរ​ខ្មែរ។​ ធម្ម​តា​ពេល​ព្រឹក​វត្ត​បង្រៀន​ថ្នាក់​ទី​១​និង​ទី​២ ពេល​រសៀល​ថ្នាក់​ទី​៣និង​ទី៤។​ ព្រះ​សង្ឃ​ជួយ​បង្រៀន​សុទ្ធ​តែ​មាន​សញ្ញា​បត្រ​បាលី​រង​ មាន​កម្រិត​វិជ្ជា​ទាំង​ភា​សា​បាលី​និង​ភាសា​ខ្មែរ​ល្អ​ប្រ​សើរ​ បង្រៀន​ពេញ​មួយ​សប្តាហ៍​ដើម្បី​ធានា​ក្នុង​រដូវ​វិស្សម​កាល​ ប្អូន​ៗ​អាច​ចេះ​អា​ន ចេះ​សរ​សេរ​អក្សរ​ខ្មែរ។​

ថ្នា​ក់​រៀន​នេះ​ តែង​បាន​ព្រះ​សង្ឃ​បង្ហាត់​បង្រៀន​និង​ណែ​នាំ​យ៉ាង​ហ្មត់​ចត់​ពី​របៀប​អាន របៀប​សរ​សេរ​ ដូច្នេះ​ ប្អូន​ៗ​ចេះ​អាន ចេះ​សរ​សេរ​អក្សរ​ខ្មែរ​បាន​ត្រឹម​ត្រូវ​។​ ប្អូន​ថាច់​ធីភឿង​វី រៀន​ថ្នាក់​ទី​២នៅ​វត្ត​សំ​រោង​ ឱ្យ​ដឹង​៖ “ប្អូន​រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត​បាន​២​ឆ្នាំ​ហើយ​ ឥឡូ​វនេះ​ ប្អូន​អាច​អាន​និង​សរ​សេរ​អក្សរ​ខ្មែរ​បាន។​ មក​រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត​ បាន​លោក​គ្រូ​បង្ហាត់​បង្រៀន​យ៉ាង​ហ្មត់​ចត់​ លោក​គ្រូ​ឱ្យ​សង​មេ​រៀន​ ធ្វើ​លំ​ហា​ត់​និង​សរ​សេរ​តាម​អាន​ជា​ដើម។​ ពិសេស​ ពេល​ប្រ​ឡង​បញ្ចប់​វគ្គ​សិក្សា​មាន​រង្វាន់​ ដូច្នេះ​ហើយ​ ប្អូន​ៗ​ចូល​ចិត្ត​រៀន​និង​ខិត​ខំ​រៀន​ឱ្យ​បាន​ល្អ​ ដើម្បី​ពេល​បញ្ចប់​វគ្គ​សិក្សា​សម្រេច​បាន​ពិន្ទុ​ខ្ពស់”។​

តាម​ថេរដី​កា​ព្រះ​តេជព្រះ​គុណ​ គឹម​ហ្វាង​ហឹង​ ព្រះ​ចៅ​អធិ​ការ​វត្ត​សិរី​សុខុម​ស្រ​ឡូ​ង ឃុំ​ដាយ​តឹម ស្រុក​មី​ស្វៀង​ វត្ត​បើក​បង្រៀន​បាន​៤​បន្ទប់​ គឺថ្នាក់​ទី១​និង​ទី២ មាន​សិស្ស​ជា​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ចូល​រៀន​ជិត​២០០​នាក់។​ រៀង​រាល់​ថ្ងៃ​ ចូល​រៀន​ចាប់​ពី​ម៉ោង​ ១២និង​៣០​នា​ទី អា​ស្រ័យ​បាន​ព្រះ​សង្ឃ​បង្ហាត់​បង្រៀន​ ដូច្នេះ​ហើយ​បង្កើត​បាន​ទំ​នុក​ចិត្ត​ពី​មាមីង​ពុទ្ធ​បរិស័ទ។​ ជាពិសេស​ នៅ​ពេល​បញ្ចប់​វគ្គ​សិក្សា​ វត្ត​បាន​រៀប​ចំ​ប្រ​ឡង​បូក​សរុប​ឆ្នាំ​សិក្សា​ ប្រ​សិន​បើ​សិស្សា​នុសិស្ស​សម្រេច​បាន​ពិន្ទុ​ខ្ពស់​នឹង​ទទួល​បាន​រង្វាន់​ទៀត​ផង។​ បង​ស្រី​ ចូវ​ធី​យីម​ទ្រិន  ឱ្យ​ដឹង៖  “ដឹង​ដំ​ណឹង​ថា​ ព្រះ​សង្ឃ​វត្ត​សិរី​សុខុម​ស្រឡូ​ងប្រ​កាស​បើក​ថ្នាក់​ បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​ នាង​ខ្ញុំ​ទៅ​ចុះ​ឈ្មោះ​ឱ្យ​កូន​២​នាក់​ចូល​រៀន​ភ្លាម។​ ព្រោះ​ភា​សា​ខ្មែរ​គឺជា​ភាសា​កំ​ណើត​ ត្រូវ​តែរៀន​ដើម្បី​រក្សា​ភាសា​និង​អក្សរ​សាស្ត្រ​របស់​ជន​ជាតិ​យើង”។​ ប្អូន​ថាច់​គីម​ឡៃ​ នៅ​ឃុំ​ដាយ​តឹម សិស្ស​ថ្នាក់​ទី១ និយាយ៖ “បាន​ឪ​ពុក​ម្តាយ​ឱ្យ​ទៅ​រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត​ ប្អូន​រីក​រាយ​ណាស់​! ព្រោះ​ទៅ​រៀន​នៅ​វត្ត​ បើ​រៀន​ពូកែ​បាន​លោក​គ្រូ​ជូន​រង្វាន់​ ថែម​ទាំង​បាន​ជួប​មិត្ត​ភ័ក្តិ​ថ្មី​លេង​កម្សាន្ត​សប្បាយ​ទៀត​ផង។​ ក្មួយ​ទៅ​រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត​បាន​ជិត​១​ខែ​ ឥឡូ​វនេះ​ ក្មួយ​ចេះ​អាន ចេះ​សរ​សេរ​អក្សរ​ខ្មែរ​គួរ​សម​ដែរ”។​

បច្ចុប្បន្ន​ នៅ​តាម​វត្ត​ខ្មែរ​ជាច្រើន​លើ​ភូមិ​សាស្ត្រ​ខេត្ត​សុក​ត្រាំង​ មាន​ដូច៖ វត្ត​បឹង​ក្រចាប់​ថ្មី​ (ស្រុក​ឡុង​ភូ) វត្ត​ចន្ទ​សោ​ភ័ណ ព្រែក​អណ្តើក (ស្រុក​មីស្វៀង​) វត្ត​បុព្វេវណ្ណា​រាម​ព្រែក​ពិន្ទង (ស្រុក​មីទូ) វត្ត​បទុម​រង្សី​ទំ​នប់​ វត្ត​ព្រះ​បួន​ព្រះ​ភ័ក្ត្រ (ស្រុក​ចូវ​ថាញ់) ។ល។​ តែង​មាន​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​មាមីង​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល៕​  

                    យ្វី​អាញ-មុនី​

ចែករំលែកអត្ថបទ