រយៈពេលជាង២១ឆ្នាំបម្រើការងារក្នុងវិស័យសុខាភិបាល វេជ្ជបណ្ឌិតឯកទេសកម្រិត II យឿងធីហ្វាងអៀង ប្រធានផ្នែកពិនិត្យជំងឺនៃមន្ទីរពេទ្យឯកទេសផ្នែកសម្ភព-កុមារសុកត្រាំង ជាអ្នកមានជំនាញឯកទេសខ្ពស់។ វេជ្ជបណ្ឌិតអៀង តែងយកចិត្តទុកដាក់និងយល់អធ្យាស្រ័យ អ្នកជំងឺ ម្ល៉ោះហើយបានជួយស្រ្តីឆ្លងទន្លេជាច្រើនករណី ហើយទារកកើតមកសុខសប្បាយ។
វេជ្ជបណ្ឌិតឯកទេសកម្រិត II យឿងធីហ្វាងអៀង។
វេជ្ជបណ្ឌិតហ្វាងអៀង ចែករំលែក៖ ឃើញផ្ទាល់ភ្នែកស្ថានភាពឪពុកស្លាប់ក្នុងវ័យ៤២ឆ្នាំ ដោយមិនដឹងពីមូលហេតុ ម្ល៉ោះហើយបងស្រីប្តេជ្ញាចិត្តរៀនដើម្បីក្លាយ ជាវេជ្ជបណ្ឌិត។ ផ្តើមពីនោះ បងស្រីខំជម្នះការលំបាករបស់គ្រួសារ ខិតខំព្យាយាមរៀនសូត្រដើម្បីប្រឡងយកសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ និងបានចូលរៀនមហាវិទ្យាល័យវេជ្ជសាស្រ្តតាមរបបជ្រើសតាំង។ គោលបំណងរៀនវេជ្ជបណ្ឌិត គឺដើម្បីជួយថែទាំសុខភាពជូនសាច់ញាតិ និងមាមីងខ្មែរនៅឃុំដាយតឹមតែប៉ុណ្ណោះ។ ម្យ៉ាងទៀតគឺ ចង់ឱ្យម្តាយនិងវង្យត្រកូលមានមោទនភាព ពីព្រោះមានកូនស្រីធ្វើវេជ្ជបណ្ឌិត។ ឆ្នាំ ២០០៣ វេជ្ជបណ្ឌិតហ្វាងអៀង ប្រឡងជាប់វេជ្ជបណ្ឌិតឯកទេសផ្នែកពហុព្យាបាល ហើយមកបម្រើការងារនៅផ្នែកសម្ភពនៃមន្ទីរពហុព្យាបាលខេត្តសុកត្រាំង; ឆ្នាំ២០១៧ បានបញ្ជូនមកបម្រើការងារនៅមន្ទីរពេទ្យឯកទេសផ្នែកសម្ភព- កុមារសុកត្រាំង រហូតដល់សព្វថ្ងៃ។
ភារកិច្ចរបស់វេជ្ជបណ្ឌិតប្រចាំបន្ទប់សម្រាលកូន តែងប្រឈមមុខជាមួយនឹងការលំបាក ពិសេស គឺខណៈពេលមានករណីធ្ងន់សង្គ្រោះបន្ទាន់ ដូច្នេះវេជ្ជបណ្ឌិតហ្វាងអៀង តែងយោគយល់ លើកទឹកចិត្តដើម្បីស្រ្តីជាមាតានឹងនរចិត្តឆ្លងទន្លេដោយសុវត្ថិភាព។ រីឯនៅបន្ទប់ពិនិត្យសុខភាពវិញ វេជ្ជបណ្ឌិតហ្វាងអៀង ផ្តល់ពិគ្រោះទាំងភាសាវៀត-ខ្មែរដើម្បីនារីខ្មែរ ស្ងប់ចិត្តរៀបរាប់ឱ្យអស់ពីអាការៈរោគនៃជំងឺ ស្រួលធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវនិងព្យាបាលជំងឺបានទាន់ពេល។ វេជ្ជបណ្ឌិតហ្វាងអៀង ឱ្យដឹង៖ “ធ្វើការក្នុងបន្ទប់សម្ភព ជួយសង្គ្រោះបន្ទាន់ករណីធ្ងន់ដែលបញ្ជូនឡើងពីមន្ទីរពេទ្យថ្នាក់ក្រោមជាច្រើន ឃើញថាភាគច្រើនពួកគាត់មានការភ័យបារម្ភខ្លាំង ម្ល៉ោះហើយ យើងជាវេជ្ជបណ្ឌិត គប្បីស្តាប់យោបល់ យល់ពីអធ្យាស្រ័យពួកគាត់ ហើយអស់ពីចិត្តពីថ្លើមពន្យល់ណែនាំ ដើម្បីពួកគាត់មានទំនុកចិត្ត ស្ងប់អារម្មណ៍។ ម្យ៉ាងទៀត ធ្វើវេជ្ជបណ្ឌិតផ្នែកសម្ភព ទើបឃើញច្បស ពីគ្រោះភ័យនៃការឆ្លងទន្លេ រវាងមាតានិងទារកក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ ក្នុងហេតុការណ៍ នោះហើយ គ្រូពេទ្យត្រូវចូលសមរភូមិ ត្រៀមប្រឈមជាមួយនឹងគ្រោះថ្នាក់ឧបសគ្គគ្រប់បែបយ៉ាងពីការវិបត្តិសរសៃនៃស្រ្តីមុនសម្រាលក្នុងពេលនិងក្រោយពីសម្រាលកូន ដើម្បីសង្គ្រោះដល់ពួកគាត់។ ខណៈពេលបានឮសំឡងទារកយំនិងសុខភាពអ្នកម្តាយបានធម្មតាឡើងវិញ នោះវេជ្ជបណ្ឌិតអ្នកណាក៏ត្រេកអរដែរ ហើយកាន់តែមានកម្លាំងចិត្តបន្ថែម ដើម្បីសម្រេចល្អភារកិច្ច”។
ដោយមានអធ្យាស្រ័យ និងការយោគយល់ រួមជាមួយនឹងជំនាញឯកទេសខ្ពស់ វេជ្ជបណ្ឌិតហ្វាងអៀង ទទួលបានទំនុកចិត្តពីស្រ្តីសម្រាលកូនជានិច្ច។ អ្នកមីងលីថាវង្វៀង នៅឃុំតឹងហ៊ឹង ស្រុកឡុងភូ ឱ្យដឹង៖ “មុនពេលមានផ្ទៃពោះ ខ្ញុំស្តាប់តាមពាក្យវេជ្ជបណ្ឌិតហ្វាងអៀង ទៅស្កេនពិនិត្យជំងឺទូទៅផងដែរ។ ពេលដឹងថាខ្លួនមានសុខភាពល្អទើបមានផ្ទៃពោះ ពិនិត្យគភ៌តាមកាលកំណត់ និងហូបចុកគ្រប់គ្រាន់សារធាតុបំប៉ន ម្ល៉ោះហើយ ខណៈកើតកូនវះកាត់មិនខ្សោយកម្លាំង កូនកើតមកមានសុខភាពល្អ។ ម្យ៉ាងទៀត វេជ្ជបណ្ឌិតហ្វាងអៀង ថែមទាំងណែនាំរបៀបចិញ្ចឹមកូនដោយទឹកដោះម្តាយ ចិញ្ចឹមថែកុមារនិងមានផែនការគ្រួសារ ដើម្បីធានាកើតកូនលើកទីពីរមានសុខភាពល្អ”។
ឆ្នាំ២០២០ ទទួលបន្ទុកជាប្រធានផ្នែកពិនិត្យជំងឺ វេជ្ជបណ្ឌិតហ្វាងអៀង តែងក្រើនរំលឹកមិត្តរួមការងារ គប្បីលើកកម្ពស់ស្មារតីទទួលខុស ត្រូវអនុវត្តតាមដំបូន្មានអ៊ំហូ “គ្រូពេទ្យដូច សុភាពមាតា”; អនុវត្តល្អក្រមសីលធម៌គ្រូពេទ្យ១២ប្រការ; មានឥរិយាបថ អាកប្បកិរិយាបម្រើការងារក្នុងនាមជាបុគ្គលិកពេទ្យ ឆ្ពោះទៅរកការពេញចិត្តរបស់អ្នកជំងឺជាដើម។ វេជ្ជបណ្ឌិតលីថន ផ្នែកពិនិត្យជំងឺ ឱ្យដឹង៖ “វេជ្ជបណ្ឌិតហ្វាងអៀង រស់នៅសាមញ្ញ រួសរាយរាក់ទាក់និងតែងជួយមិត្តរួមអាជីព ពីមុខជំនាញ។ រៀនសូត្រពីវេជ្ជបណ្ឌិតហ្វាងអៀង ពេលពិនិត្យជំងឺដល់ជួបអ្នកខ្មែរមក ខ្ញុំនិយាយភាសាខ្មែរដើម្បីឱ្យពួកគាត់ស្ងប់ចិត្ត រៀបរាប់ច្បាស់លាស់ ហើយធ្វើរោគវិនិច្ឆ័យនិងព្យាបាលត្រូវជំងឺ”។
វេជ្ជបណ្ឌិតឯកទេសកម្រិត II ជុងតឹងឌិញ នាយកមន្ទីរពេទ្យឯកទេសផ្នែកសម្ភព-កុមារ សុកត្រាំង ឱ្យដឹង៖ “វេជ្ជបណ្ឌិតហ្វាងអៀង គឺជាអ្នកដឹកនាំគំរូមួយរូប ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ពូកែមុខជំនាញនិងយកចិត្តទុកដាក់ជួយមិត្តរួមអាជីព; ស្ម័គ្រចិត្តធ្វើការក្រៅ ម៉ោងនៅពេលមានករណីធ្ងន់សង្គ្រោះបន្ទាន់ វេជ្ជបណ្ឌិតហ្វាងអៀង ថែមទាំងស្ម័គ្រចិត្ត បម្រើភារកិច្ចក្រុមចល័ត “ឆ្លើយតបរហ័ស” បង្ការ បង្ក្រាបជំងឺ COVID-១៩ ទៀតផង។ ចាប់ពីចុងឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២១ វេជ្ជបណ្ឌិតហ្វាងអៀង សួរនាំពិនិត្យជំងឺដោយផ្ទាល់និងថែទាំស្រ្តីមានផ្ទៃពោះជាង២០០នាក់ដែលមកពីតំបន់ COVID រាលដាល ក្នុងនោះ មានករណីឆ្លង COVID ជាច្រើនផងដែរ។ ដោយការលះបង់ជូនចំពោះបុព្វហេតុថែទាំសុខភាពប្រជាជន វេជ្ជបណ្ឌិតហ្វាងអៀង ទទួលបានប័ណ្ណសរសើរជាច្រើនពីគណៈកម្មាធិការប្រជាជនខេត្ត និងប័ណ្ណសរសើរ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលក្នុងឆ្នាំ ២០២៣”៕
លីធាន-លីសៀ