នៅរដ្ឋធានីហាណូយ គណៈកម្មាធិការជនជាតិសហការជាមួយគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាម ទើបរៀបចំយ៉ាងមហោឡារិក សន្និបាតស្ងើចសរសើរ លើកតម្កើងបុគ្គលគំរូជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចក្នុងទូទាំងប្រទេស ឆ្នាំ២០២៣។
ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ត្រឹងហ៊ុងហា ជូនបណ្ណសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ដល់តំណាងអ្នកមានប្រជាប្រិយគំរូ។
ឆ្នាំ ២០២៣ ទូទាំងប្រទេសមានអ្នកមានប្រជាប្រិយ ២៨.៥៣៨ នាក់ (បុរស២៥.៩៦០នាក់ ស្រូបអត្រា ៩០,៩៧% ស្ត្រី ២.៥៧៨នាក់ ស្រូបអត្រា៩,០៣%) ក្នុងនោះរួមមាន កម្មាភិបាលចូលនិវត្តន៍ ៣.៥៤៨ នាក់ ប្រធានភូមិ ៣.១៧៨ នាក់ ព្រឹទ្ធាចារ្យ ២.៦៣៥នាក់ លេខាសាខាបក្សភូមិ ១.៥២៦ នាក់ មេវង្សត្រកូលឬមេកុលសម្ព័ន្ធ ១.០១៥ នាក់ អ្នកមុខអ្នកការសាសនា ៥០០ អង្គ/នាក់ លោកអាចារ្យ ៧៧៤ នាក់; គ្រូពេទ្យ គ្រូបង្រៀន ឥស្សរជន ១១៤ នាក់; អ្នកធ្វើសេដ្ឋកិច្ចពូកែ ៨០៨ នាក់ សិប្បករប្រពៃណី ៩២ នាក់ បក្ខជន ១០.៤៩៧ នាក់ និងផ្នែកៗ ទៀតប្រមាណ ១០.០០០ នាក់។
អញ្ជើញចូលរួមនិងមានប្រសាសន៍ក្នុងសន្និបាត ជំនួសមុខថ្នាក់ដឹកនាំបក្សនិងរដ្ឋ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ត្រឹងហ៊ុងហា អបអរសាទរដល់តំណាងអ្នកមានប្រជាប្រិយគំរូ ៤៩៧ នាក់ ជាគំរូឆ្នើមក្នុងជនរួមជាតិភាគតិចក្នុងទូទាំងប្រទេស បានមកកាន់រដ្ឋធានីហាណូយ ចូលរួមកម្មវិធីសន្និបាតស្ងើចសរសើរ លើកតម្កើងបុគ្គលគំរូជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចទូទាំងប្រទេសឆ្នាំ ២០២៣។ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ត្រឹងហ៊ុងហា បញ្ជាក់ៈ ការអនុវត្តនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ គឺកងជួរអ្នកមានប្រជាប្រិយមានការរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាក់ស្ដែងគឺជាស្ពានតភ្ជាប់ដ៏សំខាន់រវាងគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានជាមួយនឹងជនរួមជាតិភាគតិច។ ក្នុងកិច្ចការផ្លាស់ថ្មី សមាហរណកម្ម កសាងនិងអភិវឌ្ឍន៍ទឹកដីសព្វថ្ងៃនេះ មានព្រឹទ្ធាចារ្យ ប្រធានភូមិ អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច គឺជាគំរូលេចធ្លោ គំរូឈានមុខក្នុងការអនុវត្ត ណែនាំនិងរួមជាមួយនឹងជនរួមជាតិភាគតិច អនុវត្តនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ អភិវឌ្ឍន៍សេដ្ឋកិច្ច លុបបំបាត់ភាពក្រីក្រ កសាងជីវភាពវប្បធម៌ថ្មី រួមចំណែករក្សាសន្តិសុខ សណ្ដាប់ធ្នាប់ កសាងនិងពង្រឹងផែនមហាសាមគ្គីបណ្ដាជនជាតិ៕
ប្រភព៖ កាសែតជនជាតិនិងអភិវឌ្ឍន៍- ប្រែសម្រួលៈ ពេជ្រសឿន