18/09/2023 - 14:06

ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដុង​ប៊ិញ

ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ដុង​ប៊ិញ ទីរួម​ខេត្ត​ប៊ិញ​មិញ ខេត្ត​វិញ​ឡុង ត្រូវ​បាន​កសាង​ថ្មី​ក្បែរ​ដង​ផ្លូវ​ប្រ​សព្វ​មុខ​គ្នា​រវាង​ដង​ផ្លូវ​ធំ​ចូល​ទៅ​មជ្ឈ​មណ្ឌល​ឃុំ​និង​ផ្លូវ​ចូល​ភូមិ​អង្គុលី​១ អង្គុលី​២-តំបន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។

ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដុង​ប៊ិញ​រឹង​មាំ ស្អាត​បាត​ផ្តល់​ការ​ចាប់​អា​រម្មណ៍​
ដល់​អ្នក​ជំងឺ​ពេល​មក​ពិនិត្យ​ជំងឺ។

តាម​ប្រ​សាសន៍​លោក​ស្រី​ង្វៀង​ធីថា ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ដុង​ប៊ិញ ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ​បំ​ផុត​នៃ​ទី​រួម​ខេត្ត ម្ល៉ោះ​ហើយ ក្នុង​ការ​អនុវត្ត​កម្ម​វិធី គម្រោង​ផ្សេងៗ ភូមិ​ភាគ​តែង​យក​ចិត្ត​ទុក​ដាក់​គួប​ផ្សំ​នឹង​គោល​នយោ​បាយ​អនុគ្រោះ​ដាច់​ដោយ​ឡែក​ដើម្បី​សម្រេច​បាន​លទ្ធ​ផល​កាន់​តែ​ខ្ពស់។ ក្នុង​នោះ ផ្តោត​ទៅ​លើ​ការ​ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​និយាយ​រួម​និង​មាមីង​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក។ អា​ស្រ័យ​ហេតុ​នោះ ដំ​ណាក់​សុខា​ភិបាល គឺ​ជា​សំ​ណង់​មួយ​ក្នុង​ចំ​ណោម​សំ​ណង់​ទាំង​ឡាយ​ដែល​កសាង​សម្រេច​ដំបូង​បង្អស់​ក្នុង​ចង្កោម​នៃ​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ឃុំ។

វេជ្ជ​បណ្ឌិត​តូយ៉ា​លិញ ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដុង​ប៊ិញ ឱ្យដឹង៖ “អា​ស្រ័យ​បាន​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់ ទើប​ដំ​ណាក់​កាល​កសាង​លក្ខ​ឋាន​បទដ្ឋាន​ជាតិ​របស់​ដំ​ណាក់​សុខា​ភិបាល​មាន​ភាព​ងាយ​ស្រួល​ច្រើន។ តួ​យ៉ាង ដូច​ការ​ស្នើ​ឡើង​ថ្នាក់​លើ​បែង​ចែក​លក្ខឋាន​ដើម្បី​ធានា​មាន​បុគ្គ​លិក​ទទួល​បន្ទុក​ការ​ងារ​បម្រុង ឱសថ សម្ភព ពេទ្យ​បុរាណ។ល។ ពិ​សេស គឺ​ការ​ចាត់​បុគ្គលិក​២​នាក់​ជា​ជន​ជាតិ​ខ្មែរ ដើម្បី​ដំ​ណាក់​សុខា​ភិ​បាល​ដំ​ណើរ​ការ​មាន​ប្រសិទ្ធ​ភាព​ជាង ខណៈ​អនុវត្ត​នូវ​កម្ម​វិធី​សុខា​ភិបាល​ជាតិ​ក្នុង​តំបន់​ជន​ជាតិ”។

ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​ព្រមៗ​គ្នា អំពី​មូល​ដ្ឋាន​សម្ភារៈ​និង​ធន​ធាន​មនុស្ស ដូច្នេះ​នៅ​ពេល​មូល​ដ្ឋាន​សម្ភារៈ​ថ្មី​សម្រេច​រួច​រាល់​និងត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដុង​ប៊ិញ ក៏​បាន​សម្រេច​បទ​ដ្ឋាន​ជាតិ។ បច្ចុប្បន្ន ដំ​ណាក់​កំ​ពុង​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន។ វេជ្ជ​បណ្ឌិត​តូ​យ៉ាលិញ ឱ្យដឹង​បន្ថែម៖ “ក្រៅ​ពី​អនុវត្ត​ល្អ​នូវ​កម្ម​វិធី​សុខា​ភិបាល​ជាតិ ដំ​ណាក់​ថែម​ទាំង​ចាត់​កម្មា​ភិបាល បុគ្គ​លិក​ពេទ្យ ច្បាម​ភូមិ​ភាគ ដើម្បី​ផ្សព្វ​ផ្សាយ​ចលនា​មាមីង​អនុវត្ត​នូវ​ការ​បង្ការ​ប្រ​ភេទ​ជំងឺ​ឆ្លង​រាល​ដាល​ផ្សេង​ៗ។ យក​ចិត្ត​ទុក​ដាក់​បង្ការ​ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវ​ភ្លៀង​ជោក​ជាំ​ដូចបច្ចុប្បន្ន​នេះ”។

ទន្ទឹម​នឹង​ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​ដើម្បី​បង្ការ​ជំងឺ បុគ្គ​លិក​ថែម​ទាំង​អនុវត្ត​ល្អ​ការ​ងារ​ពិនិត្យ​ព្យា​បាល​ជំងឺ​បឋម​ជូន​ប្រ​ជា​ជន​ទៀត​ផង។ បង​ស្រីសើុង​ធីមិញ នៅ​ភូមិ​អង្គុលី ឱ្យដឹង៖ “ថ្ងៃ​ដែល​ខ្ញុំ​វិល​មុខ​ចូល​ទៅ​ដំ​ណាក់​សុខាភិ​បាល​ទើប​ដឹង​ថា​ខ្លួន​មាន​សម្ពាធ​ឈាម​ខ្ពស់។ ក្រោយ​ពី​បាន​គ្រូពេទ្យ​ក្នុង​ដំ​ណាក់​ពិនិត្យ​ជំងឺ និង​ផ្តល់​ពិគ្រោះ ខ្ញុំ​យល់​ច្បាស់​ពី​ជំងឺ​នេះ មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​សុខ​ភាព​ខ្លួន​ឯង​ដូច​មុន​ទៀត ប៉ុន្តែ ក៏​មិន​ត្រូវ​ព្រួយ​បា​រម្ភ​រួច​ហើយ​ទៅ​ព្យា​បាល​នៅ​កន្លែង​ផ្សេង​ទៀត​ដែរ”៕    

                                  ហា​ថាញ-លីសៀ

ចែករំលែកអត្ថបទ