សមាគមជំរុញការសិក្សាខេត្តសុកត្រាំងសហការជាមួយភូមិភាគនានា រៀបចំជូនអាហារូបករណ៍ដល់សិស្ស និស្សិតក្រីក្រសង្វាត់រៀនសូត្រ ពិសេស គឺសិស្សជនជាតិភាគតិច ដើម្បីឱ្យប្អូនៗលំនឹងចិត្តក្នុងការរៀនសូត្រ។
លេខាគណៈកម្មាធិការបក្សខេត្តសុកត្រាំង លោកឡឹមវ៉ាន់ម៉ឹង ជូនអាហារូបករណ៍ដល់សិស្សជនជាតិខ្មែរនៅស្រុកចូវថាញ់។
លោកស្រីហូធីកឹមដៅ អនុលេខាគណៈកម្មាធិការបក្សខេត្តសុកត្រាំង
ជូនអាហារូបករណ៍ដល់សិស្ស និស្សិត។
ជូនអាហារូបករណ៍ដល់សិស្សានុសិស្សជនជាតិខ្មែរនៅតំបន់ព្រំដែនសមុទ្រ។
នាពេលថ្មីៗនេះ សមាគមជំរុញការសិក្សាខេត្តសុកត្រាំង បានរៀបចំជូនអាហារូបករណ៍ជំរុញបញ្ញា “លឿងឌិញកួរ” ចំនួន៥៣៦ចំណែកដល់សិស្ស និស្សិតដែលឆ្លងកាត់ការលំបាក រៀនពូកែ និងសិស្សដែលសម្រេចបានលទ្ធផលខ្ពស់ក្នុងសម័យប្រឡងថ្នាក់ខេត្តថ្នាក់តំបន់ និងថ្នាក់ជាតិ ដោយទឹកប្រាក់សរុបជាង១,១ពាន់លានដុង។ អាហារូបករណ៍ក្នុងមួយចំណែកមានតម្លៃចាប់ពី១,៤ ដល់ ៤លានដុង។ ក្រៅពីនេះ សមាគមជំរុញការសិក្សាខេត្ត ក៏បានជូនអាហារូបករណ៍មានតម្លៃ ២០លានដុង ដល់សិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបានពិន្ទុខ្ពស់បំផុត។ មូលនិធិអាហារូបករណ៍ “លឿងឌិញកួរ” អាស្រ័យក្រុមហ៊ុនចំកាត់សមាជិកមួយឆ្នោតជាតិខេត្តសុកត្រាំង និងក្រុមហ៊ុនចំកាត់សមាជិកមួយឆ្នោតជាតិខេត្តអាងយ៉ាង ធ្វើហិរញ្ញប្បទាន។ ប្អូនគឹមធីតៀង ជាសិស្សរៀនពូកែនៃអនុវិទ្យាល័យភូតឹង ស្រុកចូវថាញ់ បានឱ្យដឹង៖ “គ្រួសារក្រ ដូច្នេះពេលទទួលបានអាហារូបករណ៍ប្អូនសប្បាយចិត្តណាស់ ព្រោះបានជួយគ្រួសារប្អូនកាត់បន្ថយការចំណាយមួយចំណែកសម្រាប់គិតគូរឱ្យប្អូននាដើមឆ្នាំសិក្សាថ្មី។ ប្អូនសន្យាថា នឹងខិតខំរៀនឱ្យបានល្អ ដើម្បីមិនឱ្យខកបំណងរបស់សប្បុរសជន អង្គភាព និងក្រុមហ៊ុនទាំងឡាយដែលឧបត្ថម្ភអាហារូបករណ៍ឡើយ”។
សមាគមជំរុញការសិក្សាខេត្ត ក៏បានសហការជាមួយកាសែតពលកម្ម និងសម្ព័ន្ធសហជីពខេត្តសុកត្រាំង ជូនអាហារូបករណ៍ចំនួន ១៧០ចំណែកដល់សិស្សជនជាតិភាគតិច ដែលជាកូនរបស់សមាជិកសម្ព័ន្ធយុវជន កម្មករនិងពលករក្រីក្រ។ សមាគមបានសហការជាមួយកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ជូនអាហារូបករណ៍ចំនួន២០០ចំណែក (ក្នុងមួយចំណែក ១លានដុង) ដល់សិស្សជនជាតិខ្មែរដែលមានជីវភាពខ្វះខាតឆ្លងកាត់ការលំបាក រៀនពូកែនៅលើភូមិសាស្រ្តតំបន់ព្រំដែនសមុទ្រនៃទីរួមខេត្តវិញចូវ ស្រុកត្រឹងដេ និងស្រុកកូវឡៅយ៉ុង។ អាហារូបករណ៍ទាំងនេះ គឺជាកម្លាំងចលករ បំផុសស្មារតីសង្វាត់រៀនសូត្រដល់សិស្ស និស្សិត។ ប្អូនវ៉ឡឺវបាងតៀង សិស្សថ្នាក់ទី១០ នៃវិទ្យាល័យហ្វិញកឿង បានឱ្យដឹង៖ “អាហារូបករណ៍គឺជាការលើកទឹកចិត្តដ៏ធំធេង ដើម្បីជំរុញដំណើរទៅសាលា បំពេញក្តីស្រមៃ ឈានចូលមហាវិទ្យាល័យ”។
យោងតាមប្រសាសន៍លោកឡឹមសៅរ៍ អនុប្រធានសមាគមជំរុញការសិក្សាខេត្តសុកត្រាំង បានឱ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣ សប្បុរសជន អង្គភាព និងក្រុមហ៊ុនទាំងឡាយនៅក្នុងនិងក្រៅខេត្ត បានរួមវិភាគទានទឹកប្រាក់ជាង២៨ពាន់លានដុង ជូនមូលនិធិជំរុញការសិក្សា។ ផ្តើមពីមូលនិធិនេះ សមាគមក៏បានជូនអាហារូបករណ៍ចំនួន២៥.៣២១ចំណែកដល់សិស្ស និស្សិត និងសិស្សជនជាតិភាគតិច ដែលមានជីវភាពខ្វះខាតសង្វាត់រៀនសូត្រ និងសិស្សដែលទទួលបានលទ្ធផលខ្ពស់ក្នុងសម័យប្រឡងថ្នាក់ខេត្ត ថ្នាក់តំបន់និងថ្នាក់ជាតិ។ នេះជាកម្លាំងចលករជំរុញស្មារតីសង្វាត់រៀនសូត្រ ជួយឱ្យប្អូនៗសិស្សានុសិស្សមានទំនុកចិត្តរៀនសូត្របានល្អ និងក្លាយជាមនុស្សមានប្រយោជន៍សម្រាប់សង្គម៕
លីធាន - បកប្រែ៖ សុផន