និញប៊ិញ មានទេសភាពស្រស់ស្អាតបំផុតនៅរដូវឈូកចេញផ្កា ព្រោះនៅតាមផ្លូវទូកដែលភ្ញៀវទេសចរទស្សនានៅមណ្ឌលតាមកុក ត្រាងអាង។ល។ មានឈូកច្រើនណាស់។ ប៉ុន្តែចំពោះភ្ញៀវទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់ ចូរធ្វើដំណើរមកកាន់និញប៊ិញនៅរដូវរងារដើម្បីបានឆ្លងកាត់បទពិសោធន៍ដ៏អស្ចារ្យ។
Homestay មួយទល់ខ្នងភ្នំ បែរមុខចេញទៅបឹងតាមកុកដ៏ស្រស់ស្អាត។
ជាគោលដៅទេសចរណ៍មួយដ៏ល្បីឈ្មោះ ម្ល៉ោះហើយនិញប៊ិញ មានប្រព័ន្ធបន្ទប់ស្នាក់នៅឆ្លើយតបរាល់តម្រូវការរបស់ភ្ញៀវទេសចរ។ អំឡុងពេលជិតៗនេះ Homestay នៅតាមរមណីយដ្ឋាន ត្រូវបានភ្ញៀវទេសចរចូលចិត្តយ៉ាងខ្លាំង។ បងស្រី លីធ្វីហាំង នៅខណ្ឌនិញកេវ ក្រុងកឹងធើ ឱ្យដឹង៖ “ខ្ញុំនិងមិត្តភ័ក្តិពីរនាក់ទៀតជិះយន្តហោះពីកឹងធើមកហាណូយ។ មុនពេលហោះហើរ យើងខ្ញុំបានកក់បន្ទប់១ នៅ Homestay តាមកុក។ ម្ចាស់ Homestay បានសួរថា ត្រូវការឱ្យយើងខ្ញុំចេញទទួលនៅព្រលានយន្តហោះទេ ពីព្រោះ Homestay មានសេវាកម្មនេះ។ ក្រោយពីប្រៀបធៀបតម្លៃ ខ្ញុំសង្កេតឃើញតម្លៃរបស់ម្ចាស់ Homestay ថោកជាង បើប្រៀបជាមួយនឹងជួលរថយន្តពីហាណូយចេញទៅ”។
រាជធានីបុរាណហ្វាលឺ។
មណ្ឌលតាមកុកមានភាពស្ងប់ស្ងាត់ណាស់។ កំពង់ទឹកនេះជាកន្លែងផ្លូវទឹកនិងផ្លូវគោកជួបគ្នាចូលកាន់មណ្ឌលតាមកុក។
និញប៊ិញ មានទេសភាពស្រស់ស្អាត និងមានកន្លែងជាច្រើនសម្រាប់ការធ្វើដំណើរស្វែងរកភាពស្ងប់ស្ងាត់។ តួយ៉ាងដូច ភ្ញៀវទេសចរអាចចំណាយពេលពេញមួយថ្ងៃដើម្បីធ្វើសក្ការបូ ជានៅវត្តបៃឌិញបុរាណ និងវត្តឌិញថ្មី។ ចំណាយពេលពេញមួយថ្ងៃ ដើម្បីជិះទូកចែវជុំវិញត្រាងអាងផងដែរ។ ប្រការដែលល្អរបស់បណ្ដុំទេសចរណ៍ត្រាងអាង និងវត្តបៃឌិញ គឺនៅតែរក្សាបានលក្ខណៈបុរាណ ទន្ទឹមនឹងត្រាង អាងថ្មី វត្តបៃឌិញថ្មីដ៏ស្កឹមស្កៃ។
ប្រសិនបើមកកាន់និញប៊ិញ ប៉ុន្តែមិនបានឆៀងចូលកាន់រាជធានីបុរាណហ្វាលឺទេ គឺជាប្រការគួរឱ្យសោកស្តាយបំផុត។ ពីព្រោះរាជធានីបុរាណហ្វាលឺ មានភាពស្រស់ស្អាតអស្ចារ្យ ចាប់ពីដើមពោធិ៍ជ្រៃ អណ្តូងច្រុះ រហូតដល់ទីលានរាជធានី។ល។ ពិសេសគឺមានវត្ថុបុរាណរាប់រយមុខ ចាប់តាំងពីសម័យមហាក្សត្រឌិញ មហាក្សត្រឡេ ត្រូវបានអភិរក្ស ស្ថាបនាឡើងវិញ។ល។ នោះគឺក្រឡាព្រះបន្ទំ គ្រែស្នែង ព្រះរាជសារ។ល។ ឃើញវត្ថុបុរាណកន្លងតាមពេលវេលា ធ្វើឱ្យភ្ញៀវទេសចរមានមោទនភាពចំពោះប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំរបស់ប្រទេសជាតិយើង។
បណ្តោយតាមដងផ្លូវទៅកាន់រាជធានីបុរាណហ្វាលឺ បៃឌិញ ត្រាងអាង គឺមានទេសភាពដ៏មនោរម្យ ម្ល៉ោះហើយភ្ញៀវទេសចរក៏ចំណាយ ពេលឈប់ថតរូបច្រើនដែរ។ ព្រោះហេតុនោះ ភ្ញៀវទេសចរគប្បីជួលយានជំនិះមួយគ្រឿងរបស់ Homestay ដើម្បីធ្វើដំណើរទៅទីនេះទីនោះដោយសេរីពេញមួយថ្ងៃ។
ដោយសារធ្វើដំណើរតាមដងផ្លូវច្រើន និងដើរថ្មើរជើងឆ្ងាយនៅតាមទីតាំងទស្សនា ហេតុនោះ មកកាន់និញប៊ិញនៅរដូវរងារនឹងធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍សុខស្រួល។ ជ្រើសរើស Homestay មួយនៅត្រង់បឹងធំនៃតាមកុក ពេលព្រឹក ភ្ញៀវទេសចរអាចភ្លក់រសជាតិកាហ្វេក្តៅ គយគន់ផ្កាឈូក ផ្កាព្រលឹតរីកស្គុះស្គាយ រង់ចាំថ្ងៃរះផុតពីផ្ទៃទឹកបឹង ដើម្បីកាត់បន្ថយភាពត្រជាក់។ បន្ទាប់មក ភ្ញៀវទេសចរអាចយកកង់របស់ម្ចាស់ផ្ទះជិះជុំវិញមណ្ឌលតាមកុក។ នៅតាមមាត់បឹងមានភាពស្រស់អស្ចារ្យនៃគុហា រីឯនៅលើភ្លឺ គឺមានបេតិកភណ្ឌប្រវត្តិសាស្រ្តដ៏មហស្ចារ្យនារជ្ជកាលស្តេចត្រឹងបង្កើតទឹកដី។ ភាពស្ងប់ស្ងាត់នៅតាមដងផ្លូវតូចក្បែរវាលស្រែ ជំរាលភ្នំ ធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍សុខសាន្ត និងចង់វិលមកកាន់ទីនេះពេលក្រោយៗទៀត៕
ហាថាញ - វិមាន