កីឡា - ទេសចរណ៍ ទេសចរណ៍

18/07/2023 - 08:54

ស្វែង​យល់​ពី​កាហ្វេ​នៅ​សារ​មន្ទីរ​កា​ហ្វេ​

អ្នក​ទស្សនា​ភាគ​ច្រើន​មក​សារ​មន្ទីរ​កាហ្វេ​នៅ​ក្រុង​បួង​ម៉ា​ថួក ខេត្ត​ដាក់​ឡាក់​ មិន​ត្រឹម​តែ​ដើម្បី​ស្វែង​យល់​ពី​ដើម​កា​ហ្វេ​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ដោយ​សារ​ “ញៀន​” ទឹក​ភេសជ្ជៈ​ប្រ​ភេទ​នេះ​ផង។​

សារ​មន្ទីរ​កា​ហ្វេ​បួង​ម៉ា​ថួក មាន​បន្ទប់​អាន​សៀវ​ភៅ​ ដោយ​មាន​សៀវ​ភៅ​ជា​ច្រើន​ក្បាល​ លោក​អ្នក​អាច​ជ្រើស​រើស​អាន​តាម​ចិត្ត​។​

ជំ​នួស​ឱ្យ​ការ​ដាំ​ដើម​ឈើ​លម្អ​នៅ​ខាង​មុខ​សារ​មន្ទីរ​ គេ​បាន​ដាំ​ដើម​កា​ហ្វេ​ធំ​ៗ​ជា​ច្រើន​ដើម​ទៅ​វិញ។​ នេះ​ជា​គំ​និត​ដ៏​ល្អ​មួយ​ ព្រោះ​ដើម​កាហ្វេ​ត្រូវ​បាន​កាត់​តម្រឹម​យ៉ាង​ហ្មត់​ចត់​ ដូច្នេះ​វា​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន​នោះ​ទេ។​ ស្លឹក​កាហ្វេ​ពណ៌​បៃ​តង​ មាន​សរ​សៃ​ច្រើន​ ឃើញ​ស្អាត​ណាស់​ មើល​យូរ​ទៅ​ហាក់​ដូច​ជា​ស្លឹក​ឈើ​លម្អ​ដែរ។​ ពិសេស​ គឺ​ផ្កា​កាហ្វេ​ពណ៌​ស ក្រអូប​សាយ។​ នៅ​ពេល​ផ្កា​រីក អ្នក​ទស្សនា​ហាក់​ដូច​ជា​លង់​ក្នុង​សុបិន​ ដោយ​ក្លិន​ក្រ​អូប​ដ៏​ទាក់​ទាញ​ និង​ផ្កា​ពណ៌​សដ៏​ស្រស់​ស្អាត។​

សកម្ម​ភាព​នា​នា​និង​វត្ថុ​តាំង​នៅ​ក្នុង​សារ​មន្ទីរ​កា​ហ្វេ​បួង​ម៉ា​ថួក។​

ចូល​ទៅ​ខាង​ក្នុង​សារ​មន្ទីរ​កា​ហ្វេ​ អ្នក​ទស្សនា​ហាក់​ដូច​ជា​វង្វេង​នៅ​ក្នុង​រូង​ភ្នំ​ពាន់​ ដែល​មាន​ស្ថា​បត្យ​កម្ម​ល្អាង​ថ្ម​គួរ​ឱ្យ​ចាប់​អា​រម្មណ៍។​ នៅ​ក្នុង​បរិ​វេណ​សារ​មន្ទីរ​ គេ​តាំង​ពិព័រណ៍​វត្ថុ​ផ្សេង​ៗ​ ដែល​បង្ហាញ​ពី​ការ​កកើត​និង​អភិវឌ្ឍ​នៃ​ដើម​កាហ្វេ​នៅ​តំ​បន់​ខ្ពង់​រាប។​ សារ​មន្ទីរ​នេះ​ មាន​វត្ថុ​បុរាណ​ជាង​១០.០០០​មុខ​ដែល​ទាក់​ទង​នឹង​កាហ្វេ​ បាន​ដាក់​តាំង​ក្នុង​ផ្ទះ​៥​ខ្នង​ ដែល​បាន​សាង​សង់​ឡើង​តាម​ស្ថាបត្យ​កម្ម​ផ្ទះ​ល្វែង​ប្រ​ពៃណី​របស់​ប្រ​ជា​ជន​អេដេ។​ ការ​ស្វែង​យល់​ពី​សារ​មន្ទីរ​ ញុាំង​ឱ្យ​អ្នក​ទស្សនា​មាន​ចំ​ណេះ​ដឹង​ដ៏​មាន​ប្រ​យោជន៍​ជា​ច្រើន​អំ​ពី​ភេសជ្ជៈ​ដែល​ពេញ​និយម​នេះ។​

ភ្ញៀវ​ឆ្លង​កាត់​បន្ទប់​នីមួយ​ៗ​តាម​ជួរ​ផ្ទះ​ល្វែង​ មាន​អា​រម្មណ៍​ដូច​ជា​កំ​ពុង​តែ​ឆ្លង​កាត់​ដំ​ណាក់​កាល​នី​មួយ​ៗ​ តាំង​ពី​ដើម​កា​ហ្វេ​បាន​ដាំ​លូត​លាស់​មាន​ពណ៌​បៃតង​នៅ​លើ​ដី​ក្រ​ហម​នៃ​តំ​បន់​ខ្ពង់​រាប​ ពេល​ចេញ​ផ្កា​ពណ៌​ស​សំ​ពោង​តាម​ចង្កេះ​ភ្នំ​ រហូត​ដល់​ការ​ឈ្លី​សំ​បក​ផ្លែ​កា​ហ្វេ​តាម​របៀប​សាមញ្ញ​ដល់​របៀប​ទំ​នើប។​ ដើម្បី​ទទួល​បាន​កា​ហ្វេ​ដ៏​ឈ្ងុយ​ឆ្ងាញ់​មួយ​ពែង​ អ្នក​ច្នៃ​ត្រូវ​ចម្ងាយ​កម្លាំង​ទៅ​លើ​ការ​លីង កិន​ រហូត​ដល់​របៀប​ឆុង... ប្រ​ការ​ដែល​អ្នក​ចូល​ចិត្ត​ពិសារ​កាហ្វេ​ភាគ​ច្រើន​តិច​ចាប់​អា​រម្មណ៍ នោះ​គឺកា​ហ្វេ​ត្រូវ​បាន​លីង​នៅ​កម្រិត​ភ្លើង​ធំ​តូច​ខុស​ៗ​គ្នា​ គ្រាប់​កា​ហ្វេ​លីង​ឆ្អិន​ក្រ​ហម​ខុស​គ្នា​ នឹង​មាន​ក្លិន​ក្រ​អូប រស​ជាតិ​ខុស​ៗ​គ្នា​ដែរ​។​

ដោយ​មាន​ផ្ទៃ​ប្រ​ហែល​៤៥​ហិក​តា​ ព្រម​ទាំង​ប្រ​កប​ដោយ​គំ​និត​រចនា​ថ្មី​ អ្នក​ទស្សនា​អាច​ថត​រូប​តាម​ចំ​ណូល​ចិត្ត​នៅ​ក្នុង​បរិវេណ​សារ​មន្ទីរ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សូម​កុំ​ភ្លេច​ពិសា​កាហ្វេ​នៅ​ហាង​ដ៏​ទំ​នើប​របស់​សម្ព័ន្ធ​ក្រុម​ហ៊ុន​ទ្រុង​ង្វៀង។​ ដោយ​ឡែក​កា​ហ្វេ​ច្នៃ​ប្រតិដ្ឋ​ សម្ព័ន្ធ​ក្រុម​ហ៊ុន​ទ្រុង​ង្វៀង​ក៏​មាន​កា​ហ្វេ​ជាច្រើន​កម្រិត​សម្រាប់​មហា​ជន​គ្រប់​គ្នា​ផង​ដែរ។​ ប្រ​សិន​បើ​អ្នក​មិន​និយម​ពិសា​កាហ្វេ​ច្រើន​ឆ្នាំ​មក​ទេ​ អ្នក​គួរ​តែ​ជ្រើស​ទិញ​ពី​កម្រិត​៣​ចុះ​មក​ប៉ុណ្ណោះ​ ព្រោះ​កម្រិត​ខ្ពស់​ជាង​អាច​ធ្វើ​ឱ្យ​អ្នក​ស្រវឹង។​

រីក​រាយ​ពិសា​កាហ្វេ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ មើល​សិល្ប​ករ​ជន​ជាតិ​ភាគ​តិច​អេ​ដេ សម្តែង​របាំ​ប្រ​ពៃ​ណី​ក្នុង​បរិយា​កាស​ត្រ​ជាក់​ៗ​នៃ​តំ​បន់​ដី​ខ្ពង់​រាប​ គឺជា​ជម្រើស​ដ៏​ល្អ​នា​រដូវ​វិស្សម​កាល​នេះ៕​

                         ហា​ថាញ - បក​ប្រែ៖ សុផន

ចែករំលែកអត្ថបទ