រៀងរាល់ឆ្នាំ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តបាកលីវ តែងចាត់តាំងមហោស្រព សមោសរសិល្បៈ ដើម្បីក្រុមសិល្បៈនៅចំណុះជើងវត្តនីមួយៗចូលរួម។ ផ្ដើមពីនោះ កូនចៅជនរួមជាតិខ្មែរនៅចំណុះជើងវត្តនីមួយៗកាន់តែសកម្មក្នុងការថែរក្សាវប្បធម៌ជនជាតិ។
ក្រុមសិល្បចំណុះជើងវត្តនានានៅខេត្តបាកលីវ ចូលរួមមហោស្រពភ្លេងពិណពាទ្យ
និងរបាំប្រជាប្រិយខ្មែរឆ្នាំ ២០២២។
ព្រះតេជព្រះគុណយឿងលឿង វត្តសិរីវង្សាអណ្ដូងចេកមាស ឃុំវិញប៊ិញ ស្រុកហ្វាប៊ិញ មានថេរដីកា៖ “វត្តបង្កើតក្រុមសិល្បៈគឺអាស្រ័យខេត្តបានជំនួយឧបករណ៍ភ្លេងពិណពាទ្យ ឆៃយុាំ ឧបករណ៍បំពងសំឡេង សម្លៀកបំពាក់ជាដើម ទើបវត្តបានជួលសិប្បករ សិល្បករមកបង្ហាត់បង្រៀន។ បច្ចុប្បន្ន ក្នុងឱកាសថ្ងៃបុណ្យទាន គឺមានក្រុមភ្លេងពិណពាទ្យ ក្រុមសិល្បៈសម្ដែងបម្រើ ញុាំងឱ្យបរិយាកាសកាន់តែអ៊ឹកអធឹក”។
វង់ភ្លេងពិណពាទ្យតែងបានវត្តខ្មែរនានានៅខេត្តបាកលីវ យកចិត្តទុកដាក់អភិរក្ស។
ការបង្កើតក្រុមភ្លេង ក្រុមសិល្បៈក្នុងវត្តខ្មែរ គឺបង្កបរិយាកាសសម្រាប់យុវវ័យជនរួមជាតិខ្មែរចេះស្រឡាញ់និងមោទនភាពចំពោះវប្បធម៌ជនជាតិ។ ផ្ដើមពីនោះ ភ្ញាក់រលឹកចូលរួមអភិរក្សនិងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើរ។ បងថាច់ធីង៉ុកភឿង ក្រុមសិល្បៈចម្រុះខ្មែរខេត្តបាកលីវ ឱ្យដឹង៖ “ចាប់តាំងពីឆ្នាំ ២០១៣ មកទល់ពេលនេះ ខ្ញុំបង្កើតបានក្រុមភ្លេង ២ វង់ សម្រាប់ប្អូនៗនៅតំបន់ជនបទភូមិកៃយ៉ា និងបង្ហាត់សិស្សជិត ៧០ នាក់នៅចំណុះជើងវត្តនានា ដើម្បីបម្រើការក្នុងឱកាសបុណ្យទាន នៅក្នុងវត្តនិងនៅតាមភូមិស្រុក។ កូនខ្មែរតែងស្រឡាញ់ពេញចិត្តនឹងសិល្បៈច្រៀងរាំខ្លាំងណាស់និងតែងមានមោទនភាពខណៈពេលបានស្លៀកពាក់នូវសម្លៀកបំពាក់តាមបែបប្រពៃណី ពិសេសគឺការសម្ដែងរបាំ។ ក្រៅពីនោះ ក្រុមសិល្បៈនៅទាំងទៅចូលរួមមហោស្រព សមោសរសិល្បៈរបស់ខេត្ត ហើយតែងទទួលបានរង្វាន់ជានិច្ច”។
បច្ចុប្បន្ន នៅតាមឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ ឃើញថា ចលនាវប្បធម៌ សិល្បៈ មានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រការនេះគឺមកពីការដែលវត្តខ្មែរនានាបានយកចិត្តទុកដាក់ថែរក្សានិងពង្រីកក្រុមរបាំ ប្រពៃណីផងដែរ។ ព្រះតេជព្រះគុណយឿងក្វឹង ព្រះចៅអធិការវត្តគម្ភីរសាគរព្រែកជ្រៅ ឃុំវិញត្រាច់ដុង មានថេរដីកា៖ “គ្រាន់តែឮវត្តជួល អ្នកមកបង្ហាត់ចម្រៀង របាំ គឺកូនចៅពុទ្ធបរិស័ទនៅតាមភូមិបានមកហាត់រៀនយ៉ាងច្រើន។ បច្ចុប្បន្ន សមាជិកក្រុមភ្លេងពិណពាទ្យ ក្រុមរបាំសុទ្ធសឹងជាយុវវ័យ។ ក្រៅពីសម្ដែងបម្រើក្នុងឱកាសបុណ្យទានក្នុងវត្ត ភូមិស្រុក ក្រុមសិល្បៈនៅទាំងសម្ដែងបម្រើជូនភ្ញៀវទេសចរ រួមចំណែកថែរក្សានិងផ្សព្វផ្សាយវប្បធម៌ដ៏ល្អពិសេសរបស់ជនរួមជាតិខ្មែរ បម្រើជូនភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសទៀតផង”។
តាមប្រសាសន៍លោក ស្រីត្រឹងធីឡាងភឿង នាយិកាមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តបាកលីវ ដើម្បីជនរួមជាតិខ្មែរព្រួតដៃថែរក្សាវប្បធម៌ជនជាតិ ខេត្តបានជំនួយវត្តខ្មែរនានាទិញឧបករណ៍ភ្លេងពិណពាទ្យ ឆៃយុាំ ឧបករណ៍បំពងសំឡេង សម្លៀកបំពាក់។ល។ នេះត្រូវបានចាត់ទុកជាដំណោះស្រាយដ៏សំខាន់ ដើម្បីវប្បធម៌ប្រពៃណីខ្មែរបានស្នងបន្ត និងអភិវឌ្ឍន៍៕
លីធាន - ថាច់ធី