ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/05/2023 - 14:36

នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ​ ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​
នា​យក​រដ្ឋ​មន្ត្រី​ ​ហ៊ុន​សែន​

នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​សម្តេច​តេ​ជោ ហ៊ុន​សែន​ នា​យក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ក្នុង​ពេល​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំ​ពូល​អា​ស៊ាន​ លើក​ទី ៤២ នៅ​ទីក្រុង​ឡា​ប៉ូន​បាចូ ប្រទេស​ឥណ្ឌូ​នេស៊ី។

នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រ​ទេស​ទាំង​ពីរ សប្បាយ​រីក​រាយ​ដែល​បាន​ឃើញ​ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​អភិវឌ្ឍ​មាន​ភាព​ល្អ​ប្រ​សើរ។

នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ  បាន​សម្តែង​នូវ​សេច​ក្តី​រីក​រាយ​ដែល​បាន​ជួប​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន​ និង​អប​អរ​សាទរ​កម្ពុជា​រៀប​ចំ​ជោគ​ជ័យ​ពិធី​បើក​មហា​សន្និ​បាត​កីឡា​អា​ស៊ី​អា​គ្នេយ៍​ លើក​ទី ៣២ (ស៊ី​ហ្គេម ៣២)  រួម​ចំ​ណែក​លើក​ស្ទួយ​មុខ​មាត់​ប្រ​ទេស​ជាតិ​ក្នុង​ក្រ​សែ​ភ្នែក​មិត្ត​ភក្តិ​ក្នុង​តំ​បន់​និង​អន្តរ​ជាតិ។

នា​យក​រដ្ឋ​មន្ត្រី​ ជឿ​ជាក់​ថា  កម្ពុជា​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​រដ្ឋ​សភា នីតិ​កាល​ VII  នៅ​ខែ​កក្ក​ដា​ខាង​មុខ​ប្រ​កប​ដោយ​ជោគ​ជ័យ​ រួម​ចំ​ណែក​លើក​កម្ពស់​គោល​ជំ​ហរ​របស់​កម្ពុជា​នៅ​ក្នុង​តំបន់​និង​ពិ​ភព​លោក។

នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន​ គូស​បញ្ជាក់​ កម្ពុជា​ ជា​និច្ច​កាល​តែង​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ទំ​នាក់​ទំ​នង​ភាព​ជា​អ្នក​ជិត​ខាង​មិត្ត​ភាព​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់​ជ្រុង​ជ្រោយ​ជា​មួយ​វៀត​ណាម។ នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន​ ថ្លែង​អំ​ណរ​គុណ​វៀត​ណាម​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ គាំទ្រ​ និង​បញ្ជូន​ថ្នាក់​ដឹក​នាំ​ទៅ​ចូល​រួម​ក្នុង​ពិធី​បើក​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម  និង​រំ​ភើប​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​បាន​ដឹង​ថា មាន​ប្រ​ជា​ជន​វៀត​ណាម​ជា​ច្រើន​បាន​មក​ទស្សនា​ស៊ី​ហ្គេម​លើក​ទី ៣២ រួម​ចំ​ណែក​ធ្វើ​ឱ្យ​មហា​សន្និ​បាត​កីឡា​ទទួល​បាន​ជោគ​ជ័យ។

ស្រប​ក្នុង​ឱកាស​នេះ​ដែរ​ នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន​ ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​លោក​អគ្គ​លេខា​ និង​ថ្នាក់​ដឹក​នាំ​វៀត​ណាម​ ដែល​បាន​ផ្ញើ​វា​ចា​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ​មហាក្សត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​នាយក​រដ្ឋ​មន្ត្រី​ផ្ទាល់។ ទន្ទឹម​នឹង​នោះ​ នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន​ បាន​ផ្ញើ​វា​ចា​សួរ​សុខ​ទុក្ខ​ដោយ​ភាព​ស្និទ្ធ​ស្នាល​ចំ​ពោះ​លោក​ អគ្គ​លេខា​ ង្វៀង​ភូ​ត្រុង ប្រ​ធាន​រដ្ឋ​ វ៉វ៉ាន់​ថឿង ប្រធាន​រដ្ឋ​សភា វឿង​ឌិញ​ហ្វែ និង​ថ្នាក់​ដឹក​នាំ​វៀត​ណាម​។

នា​យក​រដ្ឋ​មន្ត្រី​នៃ​ប្រ​ទេស​ទាំង​ពីរ សប្បាយ​រីក​រាយ​ដែល​បាន​ឃើញ​ការ​ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​អភិវឌ្ឍន៍​មាន​ភាព​ល្អ​ប្រ​សើរ។ ថ្នាក់​ដឹក​នាំ​នៃ​ប្រ​ទេស​ទាំង​ពីរ តែង​ជួប​ពិភាក្សា​ ដោះ​ដូរ​ការ​ងារ​ជា​រឿយៗ។ រាល់​យន្ត​ការ​សហ​ប្រតិ​បត្តិ​ការ​ពង្រីក​ប្រ​កប​ដោយ​ប្រសិទ្ធ​ភាព​ ពិសេស​គឺ​កិច្ច​ជំ​នួប​កំ​ពូល​រវាង​បក្ស​នៃ​ប្រ​ទេស​ទាំង​ពីរ​នៅ​ខែ​កុម្ភៈ​កន្លង​ហើយ​ កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​ចម្រុះ​រវាង​វៀត​ណាម​-កម្ពុជា​លើក​ទី ២០ សន្និ​សីទ ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​និង​ការ​អភិវឌ្ឍ​របស់​ខេត្ត​នានា​នៅ​ជាប់​ព្រំ​ដែន​វៀត​ណាម​-កម្ពុជា​ លើក​ទី ១២ ទទួល​បាន​ជោគ​ជ័យ​ល្អ​ប្រ​សើរ។

ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​ នឹង​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​រាល់​កិច្ច​ព្រម​ព្រៀង​រវាង​ប្រ​ទេស​ទាំង​ពីរ; ជំ​រុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ តភ្ជាប់​រវាង​ខឿន​សេដ្ឋ​កិច្ច​នៃ​ប្រ​ទេស​ទាំង​ពីរ រួម​ចំ​ណែក​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​កសាង​ខឿន​សេដ្ឋ​កិច្ច​ឯក​រាជ្យ​ ស្វ័យ​ភាព​ ផ្សារ​ភ្ជាប់​នឹង​ការ​ធ្វើ​សមាហ​រណ​កម្ម​អន្តរ​ជាតិ​យ៉ាង​ទូលំ​ទូលាយ​ ជាក់​ស្តែង​និង​មាន​ប្រ​សិទ្ធ​ភាព​ ជា​ពិសេស​ ក្នុង​បរិ​បទ​ទី​ផ្សារ​ពិភព​លោក​កំ​ពុង​បង្រួញ​តូច។ ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជាង​ទៀត​សម្រាប់​សកម្ម​ភាព​សហ​ការ​វិនិ​យោគ ​ពាណិជ្ជ​កម្ម​របស់​អា​ជីវ​កម្ម​នៃ​ប្រទេស​ទាំង​ពីរ សំ​ខាន់​គឺ​ក្នុង​វិស័យ​នានា​ដូច​ជា​ពាណិជ្ជ​កម្ម​នៅ​តំ​បន់​ព្រំដែន​ សហ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​តំ​បន់​ជាប់​ព្រំ​ដែន​ ការ​អប់រំ​និង​បណ្តុះ​បណ្តាល…។

នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ គោ​រព​អញ្ជើញ នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន​ មក​បំ​ពេញ​ទស្សនា​កិច្ច​នៅ​ប្រ​ទេស​វៀត​ណាម​ក្នុង​ពេល​ឆាប់ៗនេះ៕

             យោង​៖ baodantoc.vn-មុនី

ចែករំលែកអត្ថបទ